នៅក្នុងពិធីមង្គលការត្រកូលអភិជនមានការចូលរួមពីវត្តមានថ្នាក់ដឹកនាំកំពូលៗបានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ អ្វីដែលមិននឹកស្មានដល់គឺគេបានឃើញវត្តមានតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស បានឡើងសម្តែងនៅក្នុងកម្មវិធីមង្គលការនេះរួមទាំងបង្ហាញទស្សនីយភាពវប្បធម៌ខ្មែរផងដែរ។

នាយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅលើបណ្តាញសង្គមមានការចែករំលែកវីដេអូខ្លីៗពីការសម្តែងរបស់ ជី ដេវីត និង ទេព បូព្រឹក្ស នៅក្នុងពិធីមង្គលការដែលមានកូនប្រុសនាម
ទាង ប៉ និងកូនស្រីនាម ឃឹម ដាលីស។ តាមការចែករំលែកតារាចម្រៀងល្បីឈ្មោះទាំងពីររូបនេះបានជ្រើសរើសបទ មហានគរ រួមទាំងបទ វីរៈនារី សម្រាប់ការសម្តែងរបស់ពួកគេដោយមិនភ្លេចរួមបញ្ជូលទស្សនីយភាពនៃវប្បធម៌ខ្មែរ។

ស្ថិតនៅក្នុងពិធីមង្គលការធំដែលប្រជុំទៅដោយវត្តមានរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ តារាចម្រៀង ទេព បូព្រឹក្ស និង ជី ដេវីត បានតុបតែងខ្លួនយ៉ាងសមរម្យសម្រាប់ពីធីមង្គលការដ៏ធំប្រចាំស្រុកខ្មែរ។ សម្រស់របស់ ទេព បូព្រឹក្ស បានធ្វើឱ្យអ្នកគាំទ្រសរសើរថាស្រស់ស្អាតជាច្រើនជាពិសេសថែមទាំងបានដាក់នាមឱ្យជា «ជំទាវវប្បធម៌» ទៀតផង។
នេះអាចមកពីថារាល់ពេលដែលតារាចម្រៀងរូបនេះមានឱកាសសម្តែងគឺឆ្លៀតបញ្ចូលនូវវប្បធម៌ខ្មែរតាមដែលអាចធ្វើទៅបានមិនថាការសម្តែងនៅប្រទេសឬក្រៅប្រទេសនោះទេ។ ប្តីប្រពន្ធមួយគូក៏ទើបធ្វើឱ្យអ្នកសិល្បៈនិងអ្នកគាំទ្រជាច្រើនមានមោទនភាពចំពោះអ្នកទាំងពីរបន្ទាប់ពីការសម្តែងដ៏ជោគជ័យនៅឯប្រទេសហ្វីលីពីន។ សន្ទុះនៃការគាំទ្រពីទស្សនិកជនបរទេសបានជំរុញចិត្តឱ្យអ្នកទាំងពីរកាន់តែមានកម្លាំងនិងខំបង្ហាញអ្វីដែលជាខ្មែរបន្តទៀតនាពេលឆាប់ៗខាងមុខនេះជាមួយនឹងស្បៃខ្មែរនិងឧបករណ៍ភ្លេងខ្មែរ។
គួរជម្រាបជូនថាការសម្តែងរបស់ ទេព បូព្រឹក្ស និង ជី ដេវីត នៅក្នុងពិធីមង្គលការអភិជននេះគឺជាទិដ្ឋភាពដ៏កម្រដែលអ្នកទាំងពីរបានសម្តែងរួមគ្នានៅចំពោះមុខត្រកូលអភិជន៕










