រាជធានីភ្នំពេញ ៖ ក្នុងពេលដែលកម្ពុជាពិចារណាប្រើប្រាស់សេវាផ្កាយរណបពីក្រុមហ៊ុនផ្សេងៗសម្រាប់វិស័យកសិកម្ម បរិស្ថាន ដែនដីនគរូបនីយកម្ម រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា យើងក៏ត្រូវគិតគូរផងដែរអំពីលទ្ធភាពនៃការបង្ហោះផ្កាយរណបដោយឯងក្នុងរយៈពេល៥ឆ្នាំខាងមុខ។

ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពី “បច្ចេកទេសក្នុងការតាមដាននិងប្រមូលទិន្នន័យតាមរយៈផ្កាយរណប និងបច្ចេកវិទ្យាផ្កាយរណប” រៀបចំឡើងកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រសួងតែងគិតគូរជាអាទិភាពលើការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញលើជំនាញផ្កាយរណបនិងលម្ហអាកាស ដោយបានចាត់មន្រ្តីជំនាញទៅធ្វើទស្សនកិច្ចសិក្សាក្រុមហ៊ុនបច្ចេកវិទ្យាផ្កាយរណប ឬស្ថាប័នបណ្តុះបណ្តាល និងចូលរួមវគ្គបណ្តុះបណ្តាល នានា លើផ្នែកផ្កាយរណបនិងលំហអាកាស។ ហើយនៅពេលខាងមុខ ក្រសួងនឹងពិនិត្យលទ្ធភាពផ្តល់អាហារូបករណ៍ឱ្យនិស្សិតសិក្សាជំនាញទូរគមនាគមន៍ ដោយផ្តោតលើមុខវិជ្ជាសំខាន់ៗពាក់ព័ន្ធនឹង បច្ចេកវិទ្យាផ្កាយរណប (Satellite-related Courses) នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល និងគ្រឹះស្ថានឧត្តមសិក្សាដៃគូ។ .jpg)
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍ថា ក្នុងពេលដែលកម្ពុជាពិចារណាប្រើប្រាស់សេវាផ្កាយរណបពីក្រុមហ៊ុនផ្សេងៗ សម្រាប់វិស័យកសិកម្ម បរិស្ថាន ដែនដីនគរូបនីយកម្ម យើងក៏ត្រូវគិតគូរអំពីលទ្ធភាពនៃការបង្ហោះផ្កាយរណបដោយឯងក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងថា ក្រសួងកំពុងសិក្សាអំពីឧត្តមានុវត្តនៃការបង្កើតអង្គភាពទទួលបន្ទុកគ្រប់គ្រងលំហអាកាសជាតិមួយ ដើម្បីសម្របសម្រួលការងារពាក់ព័ន្ធនឹងលំហអាកាស។
សូមជម្រាបជូនថា សិក្ខាសាលាក្នុងថ្ងៃនេះ មានគោលបំណងចែករំលែកបទពិសោធពីសំណាក់អ្នកជំនាញ នៃក្រុមហ៊ុន Pixxel Space Technologies Inc ដល់មន្រ្តីរាជការ បុគ្គលិក នៃ ក.ប.ទ. ក្រសួង ស្ថាប័ន សាស្រ្តាចារ្យ និងនិស្សិត ពាក់ព័ន្ធនឹងស្ថានភាពនៃវិស័យលំហអាកាសនៅកម្ពុជា មូលដ្ឋានគ្រឹះនៃប្រព័ន្ធផ្កាយរណបសង្កេតផែនដី (Eath Observation) និងផ្កាយរណបផ្តិតរូបភាព (Remote Sensing Satellite) រហូតដល់ការវិភាគរូបភាពពីផ្កាយរណប Hyperspectral៕










