Home ព័ត៌មានអន្តរជាតិ មេដឹកនាំថៃបារម្ភពីស្ថានការណ៍អសន្តិសុខកាន់តែខ្លាំងនៅព្រំដែនជាប់មីយ៉ាន់ម៉ា

មេដឹកនាំថៃបារម្ភពីស្ថានការណ៍អសន្តិសុខកាន់តែខ្លាំងនៅព្រំដែនជាប់មីយ៉ាន់ម៉ា

83
0

នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ប្រាប់ថា ពិតជាបារម្ភពីស្ថានការណ៍អសន្តិសុខកាន់តែខ្លាំងនៅព្រំដែនជាប់មីយ៉ាន់ម៉ា បន្ទាប់ពីកងទ័ពអាកាសមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែ.កលើមន្ទីរពេទ្យរបស់កងទ័ពសម្ព័ន្ធជាតិការ៉ែន (KNU) បណ្តាលឱ្យគ្រាប់បែ.ក១គ្រាប់ធ្លាក់ចូលទឹកដីខេត្តមេហុងស៊នរបស់ថៃ ហើយលោកបានត្រឹមតែដាស់តឿនទៅកាន់មីយ៉ាន់ម៉ាកុំឱ្យធ្វើបែបនេះ ពីព្រោះថៃរងផលប៉ះពាល់ ។

នាវេលាម៉ោងជាង១០ព្រឹកថ្ងៃទី២២ ខែមេសា នៅក្រសួងមហាផ្ទៃ លោកនាយករដ្ឋមន្ត្រី Anutin និយាយថា លោកបានរៀបចំកិច្ចប្រជុំណែនាំឱ្យមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរឹតបន្តឹងនៅតំបន់ព្រំដែនមីយ៉ាន់ម៉ា-ថៃ ជាពិសេស តាមដានស្ថានការណ៍ប៉ះទង្គិចគ្នានៅមីយ៉ាន់ម៉ាយ៉ាងដិតដល់ ។ ក្រៅពីនេះ លោកក៏បញ្ជាឱ្យចាត់វិធានការជាច្រើនទៀតដើម្បីគ្រប់គ្រងតំបន់ព្រំដែន ដោយសារបារម្ភពីបញ្ហាកើតឡើងជាច្រើន ។

នាយករដ្ឋមន្ត្រីថៃបានកំណត់វិធានការផ្សេងៗសម្រាប់អនុវត្តនៅព្រំដែនជាប់មីយ៉ាន់ម៉ា ទាំងវិធានការការទូត និងផ្តល់សុវត្ថិភាពដល់ពលរដ្ឋថៃ ខណៈខាងមីយ៉ាន់ម៉ាបញ្ជាក់ថា គឺជាការប្រយុទ្ធគ្នាក្នុងប្រទេសរបស់ខ្លួន គ្មានចេតនាទម្លាក់គ្រាប់បែកចូលទឹកដីថៃទេ ។ ទោះយ៉ាងណា ថៃមិនព្រមឱ្យមានហេតុការណ៍បែបនេះកើតឡើងទៀត ប្រសិនបើប្រយុទ្ធគ្នា ត្រូវតែប្រយ័ត្នក្នុងទឹកដីមីយ៉ាន់ម៉ា ដើម្បីកុំឱ្យថៃរងផលប៉ះពាល់ ។

ក្រៅពីនេះ ប្រទេសថៃមានបញ្ហាអសន្តិសុខនៅព្រំដែនភាគខាងត្បូងជាប់ប្រទេសម៉ាឡេស៊ីផងដែរ ដោយសារក្រុមផ្តាច់ទឹកដីបានធ្វើសកម្មភាពមិនឈប់ឈរបណ្តាលឱ្យកងទ័ពថៃរងរបួស និងស្លាប់ជាបន្តបន្ទាប់ ។ លោក Anutin មានគម្រោងបង្កើតគណៈកម្មការសន្តិភាពនៅបណ្តាខេត្តភាគខាងត្បូងដើម្បីដោះស្រាយបញ្ហាក្រុមផ្តាច់ទឹកដី ប៉ុន្តែត្រូវរង់ចាំការបង្កើតតាមដំណាក់កាល រួមទាំងប្រជុំជាមុន ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមេសា កងទ័ពអាកាសមីយ៉ាន់ម៉ាបានប្រើប្រាស់យន្តហោះចម្បាំង Yak-130 និង Mig-29 ទម្លាក់គ្រាប់បែកចំនួន៩គ្រាប់លើមន្ទីរពេទ្យកងទ័ពសម្ព័ន្ធជាតិការ៉ែន (KNU) និងផ្ទះសម្បែងក្រុមការ៉ែននៅស្រុកប៊ឺសុ ខេត្តផាពូន រដ្ឋការ៉ែន ដែលឆ្ងាយពីព្រំដែនថៃប្រមាណ៥០០ម៉ែត្រ ស្ថិតនៅទល់មុខស្រុកសបមេ ខេត្តមេហុងស៊ន ។ គ្រាប់បែក១គ្រាប់ធ្លាក់ចូលដីថៃបណ្តាលឱ្យពលរដ្ឋថៃរត់គេចខ្លួនបន្ទាប់មក ក្រុមទាហានឈុតខ្មៅថៃប្រចាំការនៅព្រំដែនបានជម្លៀសពលរដ្ឋភ្លាមៗ ។

ក្រោយកើតហេតុការណ៍អសន្តិសុខកាន់តែខ្លាំងនៅព្រំដែនជាប់មីយ៉ាន់ម៉ា ហើយទីតាំងជម្លោះរាលដាលកាន់តែច្រើនតំបន់ រដ្ឋលេខាធិការក្រសួងមហាផ្ទៃថៃបានកំណត់វិធានការឱ្យអភិបាលខេត្តចំនួន៤ជាប់ព្រំដែនមីយ៉ាន់ម៉ា រួមមាន ៖ ខេត្តតាក មេហុងស៊ន ឈៀងម៉ៃ និងឈៀងរ៉ៃ ត្រូវតាមដានស្ថានការណ៍ប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ាយ៉ាងដិតដល់ដើម្បីផ្តល់សុវត្ថិភាពដល់ពលរដ្ឋថៃ ។

រហូតមកដល់ពេលនេះ រដ្ឋាភិបាលថៃមិនទាន់ហ៊ានថ្កោលទោសការវាយប្រហាររបស់កងទ័ពអាកាសមីយ៉ាន់ម៉ាទេ ទោះជាមានគ្រាប់បែកធ្លាក់ចូលដីថៃជាបន្តបន្ទាប់ក្តី ខណៈក្រុមទាហានឈុតខ្មៅថៃបានត្រឹមតែជម្លៀសពលរដ្ឋចេញ ។ ហេតុការណ៍វាយប្រហារតាមផ្លូវអាកាសនៅមីយ៉ាន់ម៉ាមិនមែនទើបតែកើតឡើងទេ វាបានកើតឡើងជាច្រើនឆ្នាំហើយ ដែលរដ្ឋាភិបាលថៃមិនអាចដោះស្រាយ ៕