ការទម្លាក់គ្រា.ប់បែកចូលដីថៃពីសំណាក់កងទ័ពអាកាសមីយ៉ាន់ម៉ាបានកើតឡើងជាបន្តបន្ទាប់ ហើយក្រុមទាហានឈុតខ្មៅថៃមិនអាចហាមឃាត់ ឬថ្កោលទោសឡើយ គឺបានត្រឹមតែជម្លៀសពលរដ្ឋថៃទៅកាន់កន្លែងសុវត្ថិភាព ។ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ កងទ័ពអាកាសមីយ៉ាន់ម៉ាបានទម្លាក់គ្រា.ប់បែកជាច្រើនគ្រាប់លើមន្ទីរពេទ្យរបស់កងទ័ពសម្ព័ន្ធជាតិការ៉ែន (KNU) និងបណ្តាលឱ្យគ្រា.ប់បែក១គ្រាប់ធ្លាក់ចូលដីថៃ បង្កឱ្យពលរដ្ឋថៃភ័យរត់គេចពីសេចក្តីស្លា.ប់ ។
នាវេលាម៉ោង១១ព្រឹក ថ្ងៃទី២០ ខែមេសា កងទ័ពអាកាសមីយ៉ាន់ម៉ាបានប្រើប្រាស់យន្តហោះចម្បាំង Yak-130 និង Mig-29 ទម្លាក់គ្រាប់បែកចំនួន៩គ្រាប់លើមន្ទីរពេទ្យកងទ័ពសម្ព័ន្ធជាតិការ៉ែន (KNU) និងផ្ទះក្រុមការ៉ែននៅស្រុកប៊ឺសុ ខេត្តផាពូន រដ្ឋការ៉ែន ដែលឆ្ងាយពីព្រំដែនមីយ៉ាន់ម៉ា-ថៃប្រមាណ៥០០ម៉ែត្រ និងនៅទល់មុខស្រុកសបមេ ខេត្តមេហុងស៊ន ប្រទេសថៃ ។ គ្រាប់បែក១គ្រាប់ធ្លាក់ចូលដីថៃក្នុងភូមិមេសាមសែប បណ្តាលឱ្យពលរដ្ឋរត់គេចខ្លួនដោយការភ័យស្លន់ស្លោ បន្ទាប់មក ក្រុមទាហានឈុតខ្មៅថៃប្រចាំការនៅព្រំដែន និងអាជ្ញាធរ ក៏ជម្លៀសពលរដ្ឋភ្លាមៗដើម្បីសុវត្ថិភាព ។
.jpg)
ពលរដ្ឋថៃរស់នៅក្បែរព្រំដែនមីយ៉ាន់ម៉ា ភ័យខ្លាចព្រោះមិនដឹងថា តើកងទ័ពអាកាសមីយ៉ាន់ម៉ានឹងទម្លាក់គ្រាប់បែកលើក្រុមការ៉ែនម្តងទៀតពេលណា ហើយមិនដឹងថា តើគ្រាប់បែកនឹងធ្លាក់ចូលដីថៃទៀតឬអត់ ពួកគេថា កងទ័ពអាកាសមីយ៉ាន់ម៉ាអាចនឹងទម្លាក់គ្រាប់បែកចូលដីថៃទៀតនាថ្ងៃអនាគត ។
រដ្ឋាភិបាលថៃមិនទាន់ថ្កោលទោសការវាយប្រហាររបស់កងទ័ពអាកាសមីយ៉ាន់ម៉ាទេ បើទោះជាមានគ្រាប់បែក១គ្រាប់ធ្លាក់ចូលដីថៃក្តី ខណៈក្រុមទាហានឈុតខ្មៅថៃបានត្រឹមតែជម្លៀសពលរដ្ឋចេញ ហើយហេតុការណ៍វាយប្រហារតាមផ្លូវអាកាសនេះមិនមែនទើបតែកើតឡើងទេ ។ កន្លងមក មានហេតុការណ៍កងទ័ពអាកាសមីយ៉ាន់ម៉ាវាយប្រហារតាមអាកាសនៅក្បែរព្រំដែនជាប់ថៃ ដែលធ្វើឱ្យអាជ្ញាធរថៃសំណូមពរមកកាន់រដ្ឋាភិបាលឱ្យប្រញាប់ចរចាជាមួយមីយ៉ាន់ម៉ា និងបង្កើតតំបន់សុវត្ថិភាពសម្រាប់ពលរដ្ឋរស់នៅក្បែរព្រំដែន ។ 
តាមការចុះផ្សាយរបស់សារព័ត៌មានថៃ គឺកន្លងមក មានការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា ហើយកងទ័ពអាកាសមីយ៉ាន់ម៉ាបានបើកយន្តហោះចម្បាំងទម្លាក់គ្រាប់បែកមកលើទីលំនៅរបស់ក្រុមសម្ព័ន្ធជាតិការ៉ែន (KNU) ដែលស្ថិតនៅទល់មុខឃុំមេយួម ស្រុកមេសារៀង ខេត្តមេហុងស៊ន បណ្តាលឱ្យក្រុមការ៉ែនរងរបួសដោយសារគ្រាប់បែកផ្ទុះ ហើយបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យស្រុកសបមេ ខេត្តមេហុងស៊ន ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមេសា កងទ័ពមីយ៉ាន់ម៉ាបានបើកយន្តហោះចម្បាំងទម្លាក់គ្រាប់បែក២គ្រាប់លើមន្ទីរពេទ្យក្រុមការ៉ែននៅក្បែរព្រំដែនមីយ៉ាន់ម៉ា-ថៃ នៅទល់មុខស្រុកសបមេ ខេត្តមេហុងស៊ន ដែលណ្តាលឱ្យខូចខាតមន្ទីរពេទ្យក្រុមការ៉ែន និងគ្រាប់បែកខ្លះធ្លាក់ខុសគោលដៅ ។ ពេលនោះ អាជ្ញាធរស្រុកសបមេ ខេត្តមេហុងស៊ន ជំរុញឱ្យរដ្ឋាភិបាលថៃថ្កោលទោសកងទ័ពអាកាសមីយ៉ាន់ម៉ាដែលទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យក្បែរព្រំដែនថៃ ពីព្រោះគ្មានប្រទេសណាធ្វើបែបនេះទេ ។
.jpg)
អាជ្ញាធរស្រុកសបមេ បានបង្ហាញក្តីបារម្ភពីគ្រាប់បែកបន្តធ្លាក់ចូលដីថៃ ពីព្រោះទីតាំងដែលទម្លាក់គ្រាប់បែកស្ថិតនៅក្បែរព្រំដែន ដោយអាជ្ញាធរថៃសំណូមពរឱ្យរដ្ឋាភិបាលរបស់ខ្លួនដាស់តឿនទៅកងទ័ពអាកាសមីយ៉ាន់ម៉ាឱ្យបញ្ឈប់សកម្មភាពនេះ ពីព្រោះគ្មានប្រទេសណាមួយទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យ ទីប្រជុំជន វត្តអារ៉ាម និងសាលារៀនទេ ប៉ុន្តែកងទ័ពអាកាសមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែកពាសពេញទាំងអស់ ៕.jpg)










