អ្នកបង្កើតមាតិកាល្បីឈ្មោះ Rick Kh បានប្រកាសលាអ្នកគាំទ្រចំនួន៣សប្តាហ៍ពីបណ្តាញសង្គមដោយលោកយកពេលវេលានេះមើលថែផ្តល់ពេលឱ្យខ្លួនឯងនិងមិនចង់ធ្វើការច្រើនលើសកម្រិត។ អ្នកគាំទ្រជាច្រើនបានផ្តល់កម្លាំងចិត្តឱ្យ Rick Kh ដោយគោរពតាមការសម្រេចចិត្តរបស់លោកយកពេលវេលាមើលថែខ្លួនឯងហើយវិលត្រឡប់មកជួបអ្នកគាំទ្រវិញ។

នៅថ្ងៃទី៨ ខែមេសា Rick Kh បានបង្ហោះវីដេអូមួយជាង៤នាទីដោយបានដាក់ចំណងជើងថា «លាហើយបងប្អូនទាំងអស់គ្នា ជួបគ្នាពេលក្រោយ»។ Rick Kh បាននិយាយថានេះជាវីដេអូចុងក្រោយដែលទស្សនិកជនបានឃើញលោកនៅលើបណ្តាញសង្គមមួយនេះដោយលោកនឹងបាត់មុខពីបណ្តាញសង្គមចំនួន៣សប្តាហ៍។ ការបាត់មុខពីបណ្តាញសង្គមដែលជាកន្លែងផ្សារភ្ជាប់ជាមួយអ្នកគាំទ្រ Rick Kh បានលើកហេតុផលថាលោកត្រូវការពេលវេលាផ្ទាល់ខ្លួន។
អ្នកបង្កើតមាតិការូបនេះបន្តទៀតថាចាប់តាំងពីលោកធ្វើមកគឺលោកជោគជ័យគ្រប់យ៉ាងទាំងសន្ទុះគាំទ្រនៅលើបណ្តាញសង្គមរួមទាំងអាជីវកម្មផ្ទាល់ខ្លួន និងក្រុមហ៊ុនធំៗទាក់ទងមកលោកជាដើម។ យ៉ាងណាការមមាញឹកនេះបានធ្វើឱ្យលោកគ្មានពេលសម្រាប់ខ្លួនឯង ខណៈខ្លួនលោកមិនចង់ហោះហើរនោះទេគឺចង់សម្រាកនៅផ្ទះមានពេលវេលាមើលថែខ្លួនឯង។ ការអវត្តមានចំនួន៣សប្តាហ៍ Rick Kh សង្ឃឹមថាទស្សនិកជននឹងទទួលបានវីដេអូល្អៗពីអ្នកចែករំលែកដទៃទៀត។
ការផ្អាកមិនប្រើបណ្តាញសង្គមរយៈពេល៣សប្តាហ៍នេះ Rick Kh ថាលោកចង់យកពេល ថែរក្សាផ្លូវចិត្ត ថែរក្សារាងកាយ ត្រូវការថែទាំផ្ទះនិងពេលវេលាសម្រាប់ក្រុមគ្រួសាររបស់លោក។ ជាមួយគ្នានេះ Rick Kh បានសន្យាជាមួយអ្នកគាំទ្រខ្លួនថានៅពេលលោកត្រឡប់មកវិញនឹងធ្វើឱ្យអ្នកគាំទ្រកាន់តែសប្បាយរីករាយ។
ការប្រកាសរបស់ Rick Kh ដែលឃ្លាតឆ្ងាយពីអ្នកគាំទ្រចំនួន៣សប្តាហ៍ដោយចង់យកពេលសម្រាប់មើលថែផ្លូវចិត្តនិងផ្តល់ពេលឱ្យខ្លួនទទួលបានមតិលើកទឹកចិត្តជាច្រើនពីទស្សនិកជន។ មនុស្សជាច្រើនបានបង្ហាញការយល់ស្របចំពោះការសម្រេចចិត្តនេះដោយនិយាយថាប្រសិនជា Rick Kh ហត់គួរតែសម្រាកផ្តល់ពេលឱ្យខ្លួនឯហហើយចាំវិលត្រឡប់មកជួបអ្នកគាំទ្រវិញ៕










