Home ព័ត៌មានជាតិ តម្លៃប្រេងឥន្ធនៈពិភពលោកធ្លាក់ចុះខ្លាំងបន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ ព្រមព្រៀងឈប់បា.ញ់២សប្តាហ៍

តម្លៃប្រេងឥន្ធនៈពិភពលោកធ្លាក់ចុះខ្លាំងបន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ ព្រមព្រៀងឈប់បា.ញ់២សប្តាហ៍

101
0

បន្ទាប់ពីមេដឹកនាំអាមេរិកប្រកាសនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ផ្អាកទម្លាក់គ្រាប់បែ.ក និងវាយប្រ.ហារអ៊ីរ៉ង់រយៈពេល២សប្តាហ៍ដោយមានលក្ខខណ្ឌបើកច្រកសមុទ្រ Hormuz ធ្វើឱ្យតម្លៃប្រេងឥន្ធនៈពិភពលោកធ្លាក់ចុះខ្លាំងមកក្រោម១០០ដុល្លារក្នុង១បារ៉ែលភ្លាមៗ ដូចជា ៖ តម្លៃប្រេងឆៅ Brent ធ្លាក់ចុះមកត្រឹមជាង៩៤ដុល្លារក្នុង១បារ៉ែល ខណៈប្រេងឆៅ WTI ធ្លាក់ចុះមកត្រឹមជាង៩៦ដុល្លារក្នុង១បារ៉ែល ។ នេះជាដំណឹងល្អដោយសារការផ្អាកសង្គ្រា.មរយៈពេលខ្លី ប៉ុន្តែអ្នកវិភាគព្រមានថា ស្ថានការណ៍ផុយស្រួយ និងមានហានិភ័យខ្ពស់ ពីព្រោះប្រទេសឈូងសមុទ្រអារ៉ាប់ជាច្រើននៅតែរងការវាយប្រ.ហារដោយដ្រូន និងមីស៊ីល ទោះមានការព្រមព្រៀងឈប់បា.ញ់ ។

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេស នៅថ្ងៃទី៨ ខែមេសានេះ តម្លៃប្រេងឆៅលើទីផ្សារពិភពលោក បានធ្លាក់ចុះយ៉ាងខ្លាំងមកនៅក្រោម១០០ដុល្លារក្នុង១បារ៉ែល បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump ប្រកាសឈប់បាញ់បណ្តោះអាសន្នរយៈពេល២សប្តាហ៍ជាមួយអ៊ីរ៉ង់ ដោយមានលក្ខខណ្ឌសំខាន់ គឺបើកច្រកសមុទ្រ Hormuz ដើម្បីឱ្យនាវាផ្សេងៗឆ្លងកាត់ដោយសុវត្ថិភាព ។

នៅថ្ងៃទី៨ ខែមេសា តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ១៤.៨៤ដុល្លារ (ឬធ្លាក់ចុះ១៣.៦%) មកនៅត្រឹមតែ៩៤.៤៣ដុល្លារក្នុង១បារ៉ែល ខណៈតម្លៃប្រេងឆៅ WTI ធ្លាក់ចុះរហូតដល់១៦.១៣ដុល្លារ (ឬធ្លាក់ចុះ១៤.៣% ) មកនៅត្រឹមតែ៩៦.៨២ដុល្លារក្នុង១បារ៉ែល ។

ការផ្លាស់ប្តូរជំហររបស់មេដឹកនាំអាមេរិក គឺកើតឡើងមុនពេលអាមេរិកកំណត់ឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់ ស្មើប្រមាណ២០% នៃការដឹកជញ្ជូនប្រេងលើពិភពលោក ដោយលោកប្រធានាធិបតី Trump ថា បើអ៊ីរ៉ង់មិនបើកច្រកសមុទ្រនេះទេ នឹងរងការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស ។

ចំណែករដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi ថា អ៊ីរ៉ង់យល់ព្រមបញ្ចប់ការវាយប្រហារ ប្រសិនបើភាគីម្ខាងទៀតបញ្ចប់ការវាយប្រហារដូចគ្នា ហើយអ៊ីរ៉ង់អនុញ្ញាតឱ្យនាវានានាអាចឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាពរយៈពេល២សប្តាហ៍ ប៉ុន្តែត្រូវទំនាក់មកកាន់កងទ័ពអ៊ីរ៉ង់ ។

ទោះយ៉ាងណា ស្ថានការណ៍ក្នុងតំបន់មានភាពផុយស្រួយនៅឡើយ ប្រទេសជាច្រើននៅឈូងសមុទ្រអារ៉ាប់រាយការណ៍ថា នៅតែរងការវាយប្រហារពីដ្រូន និងមីស៊ីលជាបន្តបន្ទាប់ ព្រមទាំងដាស់តឿនឱ្យពលរដ្ឋរកកន្លែងលាក់ខ្លួន ។ នេះបញ្ជាក់ថា ទោះជាមានការព្រមព្រៀងឈប់បាញ់រយៈពេល២សប្តាហ៍ក្តី ប៉ុន្តែប្រទេសជាច្រើននៅតែអសន្តិសុខ ។

បើតាមអ្នកវិភាគ ការឈប់បាញ់បណ្តោះអាសន្នជួយឱ្យតម្លៃប្រេងលើពិភពលោកធ្លាក់ចុះ ប៉ុន្តែគ្មានភាពច្បាស់លាស់ ជាពិសេស អ៊ីរ៉ង់អាចប្រើប្រាស់ច្រកសមុទ្រ Hormuz ដាក់សម្ពាធយុទ្ធសាស្ត្រនាថ្ងៃអនាគត ដែលធ្វើឱ្យតម្លៃប្រេងពិភពលោក ប្រែប្រួលបន្តទៀត ។

គួរបញ្ជាក់ថា សង្គ្រាមរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល ធ្វើឱ្យតម្លៃប្រេងពិភពលោកកើនឡើងរហូតដល់ជាង៥០% កាលពីខែមីនា ឆ្នាំ២០២៦ ដែលជាការកើនឡើងខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ៕