Home ព័ត៌មានអន្តរជាតិ រដ្ឋាភិបាលថៃកំណត់គោលនយោបាយដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី តែកងទ័ពថៃធ្វើសកម្មភាពផ្ទុយ

រដ្ឋាភិបាលថៃកំណត់គោលនយោបាយដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី តែកងទ័ពថៃធ្វើសកម្មភាពផ្ទុយ

107
0

រដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ប្រកាសនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ថា នឹងបង្ហាញគោលនយោបាយ៥ចំណុចទៅកាន់រដ្ឋសភានៅថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមេសា ក្នុងនោះមានគោលនយោបាយដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី និងអនុវត្តយន្តការទ្វេភាគីដែលមានស្រាប់ ។ ទោះជារដ្ឋាភិបាលថៃកំណត់គោលនយោបាយច្បាស់លាស់ក៏ដោយ ក៏កងកម្លាំងប្រដាប់អាវុ.ធថៃនៅតែធ្វើសកម្មភាពខុសច្បាប់ដដែលៗលើទឹកដីកម្ពុជា ។

តាមការចុះផ្សាយរបស់សារព័ត៌មាននានានៅប្រទេសថៃ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Anutin ដឹកនាំសមាជិកគណៈរដ្ឋមន្ត្រីចំនួន៣៥រូប ធ្វើសច្ចាប្រណិធាននៅថ្ងៃទី៦ ខែមេសា គឺជំហ៊ានបន្ទាប់ រដ្ឋាភិបាលថៃនឹងបង្ហាញគោលនយោបាយចំនួន៥ចំណុចទៅកាន់រដ្ឋសភា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមេសា បន្ទាប់ពីរដ្ឋសភាទទួលស្គាល់រដ្ឋាភិបាលថៃបំពេញតួនាទីជាផ្លូវការ ។

គោលនយោបាយទាំង៥ចំណុចនេះមានការយល់ស្របពីគណបក្សនយោបាយចំនួន១៦ ដែលដឹកនាំដោយគណបក្សភូមិចៃថៃ រួមមាន ៖ ១-គោលនយោបាយសេដ្ឋកិច្ច ២-គោលនយោបាយការបរទេស និងសន្តិសុខ ៣-គោលនយោបាយសង្គម ៤-គោលនយោបាយប្រឆាំងគ្រោះមហន្តរាយ និងបរិស្ថាន និង៥-គោលនយោបាយរដ្ឋបាលសាធារណៈ និងកំណែទម្រង់ច្បាប់ ។

ក្នុងនោះ គោលនយោបាយទី២ គោលនយោបាយការបរទេស និងសន្តិសុខ គឺរដ្ឋាភិបាលថៃបានកំណត់ការលើកកម្ពស់សន្តិសុខនៅតាមបណ្តោយព្រំដែន ដោយព្យាយាមដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី និងអនុវត្តយន្តការទ្វេភាគីដែលមានស្រាប់ ។ ក្រៅពីនេះ រដ្ឋាភិបាលថៃនឹងពន្លឿនការសិក្សាពីការលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងរដ្ឋាភិបាលកម្ពុជា និងថៃ ។

ផ្ទុយទៅវិញ កងកម្លាំងប្រដាប់អាវុធថៃបានបន្តធ្វើសកម្មភាពខុសច្បាប់នៅតាមបណ្តោយព្រំដែនជាប់កម្ពុជា ដែលផ្ទុយនឹងគោលនយោបាយរដ្ឋាភិបាលរបស់ខ្លួន ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា គឺកងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពខុសច្បាប់កើតឡើងដដែលៗនៅតំបន់ដែលកាន់កាប់ដោយខុសច្បាប់ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដីក្បែរតំបន់ប្រាសាទព្រះវិហារ ភាគខាងជើងវត្តកែវសិក្ខាគិរីស្វារៈ ។ កងទ័ពថៃក៏រាយលួសបន្លាប្រវែងប្រមាណ ១០០ម៉ែត្រ និងដាក់ពង្រាយរថពាសដែកនៅតំបន់បុស្សស្បូវ-ជាំតែ ផងដែរ ។

សកម្មភាពទាំងនេះ មិនមែនជាការការពារខ្លួនទេ ហើយក៏មិនស្របតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណ:កម្មការព្រំដែនទូទៅ (GBC) នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នោះដែរ ។

រាជរដ្ឋាភិបាលកម្ពុជាបានបដិសេធយ៉ាងដាច់អហង្ការចំពោះការប៉ុនប៉ងណាមួយធ្វើឱ្យខូចស្ថានការណ៍ ដោយបង្កើតការកាន់កាប់លើដីជាក់ស្ដែង និងតវ៉ាយ៉ាងខ្លាំងចំពោះសកម្មភាពទាំងឡាយដែលរំលោភអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ក្រោមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ។ សកម្មភាពទាំងនេះផ្ទុយនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងសេចក្តីប្រកាសរួមរបស់គណ:កម្មការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ។

កម្ពុជាមិនទទួលស្គាល់បន្ទាត់ព្រំដែន ឬការទាមទារទឹកដីដោយឯកតោភាគីពីប្រទេសថៃទេ ហើយសកម្មភាពថ្មីៗនេះមិនត្រូវធ្វើឲ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិឡើយ ៕