ក្រោយបិទដំណើរការលែងឲ្យប្រើប្រាស់ និងក្លាយជាទីស្ងប់ស្ងាត់កណ្ដោចកណ្ដែងអស់រយៈពេលជាងកន្លះឆ្នាំ ពេលនេះអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុង ត្រៀមបើកទ្វារដើម្បីទទួលស្វាគមន៍សាធារណជនឡើងវិញក្នុងនាមជាសួនសាធារណៈសាកល្បងរយៈពេល ៩ ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលអាចចូលរួមដោយសេរីនិងមិនគិតថ្លៃ។
.jpg)
យោងតាមសេចក្ដីជូនដំណឹងថ្ងៃទី៦ ខែមេសានេះ ក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រងនិង ប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ក.ស.អ.) បានបញ្ជាក់ថា អនាគតសួនកម្សាន្តសាធារណៈនេះ នឹងបើកដំណើរការសាកល្បង ជូនសាធារណជន ចូលទស្សនា, កម្សាន្ត, ហាត់ប្រាណ និងលេងកីឡា ដោយមិនគិតថ្លៃ ក្នុងគោលបំណងចូលរួមអបអរសាទរក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឱ្យឃើញច្បាស់ពីស្ថាបត្យកម្មនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ។
បងប្អូនប្រជាពលរដ្ឋ អាចចូលទស្សនាជុំវិញតំបន់ និងអគារជាច្រើន ក្នុងនោះរួមមាន អគារផ្ចិត និងប៉មបញ្ជា ហោះហើរ (Tower) ដែលត្រូវបានកសាងឡើង នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០, តំបន់ជុំវិញបរិវេណអគារចេញ-ចូលអ្នកដំណើរវីអាយភី (VIP), ចំណតយន្តហោះស៊ីវិល និង តំបន់ផ្លូវរត់របស់យន្តហោះ (Runway) ជាដើម ដែលសុទ្ធសឹងតែជាតំបន់ និងទីតាំងប្រវត្តិសាស្ត្រ នៃវិស័យអាកាសចរស៊ីវិលកម្ពុជា។
.jpg)
ការបើកសាកល្បងនេះ មានរយៈពេល៩ថ្ងៃ គឺចាប់ពីថ្ងៃទី១១-១៩ មេសា ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលចាប់ពីម៉ោង៥ ព្រឹក ហើយត្រូវចាកចេញនៅម៉ោង៩យប់ ។ ក្នុងនោះ ពលរដ្ឋចូលកម្សាន្តដោយថ្មើរជើង ចេញ-ចូលតាមច្រក វីអាយភី (VIP) (ចំណុចលេខ១)។ សម្រាប់ពលរដ្ឋចូលកម្សាន្ត តាមរយៈមធ្យោបាយ ដូចជា កង់ ម៉ូតូ ឡាន ចូលតាមច្រកអគារ Terminal (ចំណុចលេខ ៣)។ ដោយឡែកពលរដ្ឋចូលកម្សាន្ត តាមរយៈមធ្យោបាយ ដូចជា កង់ ម៉ូតូ ឡាន ចេញតាមច្រកអគារ Terminal (ចំណុចលេខ ២)។.jpg)
បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏បានតុបតែងលម្អនៅតំបន់មួយចំនួន និងការដាក់បដាផ្សេងៗដែលមានរូបភាពជាល្បែងប្រពៃណីជាតិយើង ដើម្បី អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំ ២០២៦ ក្នុងបរិវេណព្រលានយន្តហោះនេះផងដែរ។
គួររំលឹកថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានបិទប្រតិបត្តិការជាផ្លូវការនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយបានផ្ទេររាល់ប្រតិបត្តិការហោះហើរទាំងស្រុងទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី។ ចាប់តាំងពីការបិទដំណើរការ អាកាសយានដ្ឋាននេះបានប្រែក្លាយពីទីអ៊ូរអរដែលតែងមានមនុស្សជាច្រើនចេញចូល ទៅជាទីស្ងប់ស្ងាត់មើលទៅគួរឲ្យស្រណោះជាខ្លាំង។ ដោយហេតុនេះហើយ ទើបរដ្ឋាភិបាល រួមជាមួយក្រុមការងារអន្តរក្រសួង សម្រេចកែច្នៃទីតាំងនេះឲ្យទៅជាទីដែលអាចបម្រើដល់ប្រយោជន៍សាធារណៈឡើងវិញ៕










