តារាចម្រៀង ផន ស្រីខួច បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍តាំងពីដើមមកដោយសារតែសំឡេងស្រួយ គ្រលួច និងផ្អែមរបស់នាង។ អ្វីដែលទស្សនិកជនពុំគួរមើលរំលងមិនត្រឹមអាចបកស្រាយបទចម្រៀងសម័យប៉ុណ្ណោះទេតែតារាចម្រៀងរូបនេះមានសមត្ថភាពអាចបកស្រាយបទចម្រៀងពីបុរាណជាច្រើនទម្រង់ទាំង ល្ខោនយីកេ មហោរី និងភ្លេងការ។

នៅក្នុងកម្មវិធី «តស់និយាយហាមកុហក» ផន ស្រីខួច បានចូលរួមជាភ្ញៀវកិត្តិយសដោយបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនទាក់ទងនឹងទម្លាប់ប្រចាំថ្ងៃក្នុងនាមជាតារាចម្រៀងមួយរូប។ រៀបរាប់ពីអាជីពសិល្បៈ ផន ស្រីខួច បានបញ្ជាក់ថានាងបានចូលអាជីពសិល្បៈនៅចុងឆ្នាំ២០០៧ បន្ទាប់ពីឆ្លងកាត់ការប្រលងចម្រៀងដោយទទួលបានចំណាត់ថ្នាក់លេខ១។ បោះជំហានក្នុងអាជីពចម្រៀង ផន ស្រីខួច បានចេញស្នាដៃដំបូងគឺបទ «ជីវិតអ្នកម្តាយ» ហើយបទនេះគឺបានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ ស្រីខួច កើនឡើងយ៉ាងឆាប់រហ័សមានការគាំទ្រពីសំណាកទស្សនិកជនតែម្តង។

នៅក្នុងផ្នែកសិល្បៈវិញ កញ្ញា ផន ស្រីខួច បានរៀបរាប់ថាខ្លួននាងចេះខាងផ្នែកមហោរី ប៉ុន្តែជំនាញខាងភ្លេងការ យីកេ សុទ្ធតែមានក្បួនខ្នាតត្រឹមត្រូវមិនមែនរូបនាងចេះគ្រប់ទម្រង់ជាលក្ខណៈអាជីពនោះទេ។ ទោះយ៉ាងណា ស្រីខួច បានបន្ថែមថានាងអាចច្រៀងបាន សម្តែងបានតាមរយៈការហ្វឹកហាត់ពីអ្នកអាជីពដែលមានបាតគ្រឹះត្រឹមត្រូវ។
ជាមួយនឹងការរៀបរាប់ពីទម្រង់ចម្រៀងបុរាណ ផន ស្រីខួច បានបង្ហើរសំនៀងជាទម្រង់យីកេ មហោរី និងទម្រង់ភ្លេងការតបតាមការសំណូមពរពីពិធីកររបស់កម្មវិធីផងដែរ។
សំឡេងរបស់ ផន ស្រីខួច ទទួលបានការសរសើរពីអ្នកលេងបណ្តាញសង្គមថារូបនាងគឺចេះច្រៀងបានច្រើនទម្រង់តែម្តង ជាពិសេសគឺធ្វើឱ្យអ្នកស្តាប់ជក់ចិត្ដដិតអារម្មណ៍ដោយសារតែសំឡេងដ៏ពីរោះរបស់តារាចម្រៀងរូបនេះ។

នាពេលបច្ចុប្បន្ននេះ ផន ស្រីខួច បានលេចមុខច្រៀងតាមវិធីមង្គលការនិងការប្រគំតន្រ្តីមួយចំនួន ព្រមទាំងបានចេញបទចម្រៀងទាំងក្នុងផលិតកម្មហង្សមាស និងឆាណែលយូធូបផ្ទាល់ខ្លួន៕










