ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូ បានធ្លាក់ចុះដល់អ្វីដែលអ្នកវិភាគពិពណ៌នាថាជាចំណុចទាបបំផុតរបស់ពួកគេនៅក្នុងប្រវត្តិសាស្ត្ររយៈពេល 77 ឆ្នាំ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងលើជម្លោះជាមួយអ៊ីរ៉ង់ និងការមិនចុះសម្រុងគ្នាបានធ្វើឲ្យប៉ះពាល់កាន់តែខ្លាំងទៅលើសន្តិសុខពិភពលោក។.jpg)
យោងតាមអត្ថបទដែលចុះផ្សាយដោយ The Guardian លោក ដូណាល់ ត្រាំ ដែលនៅចំកណ្តាលនៃវិបត្តិនេះបានរិះគន់យ៉ាងខ្លាំងចំពោះសម្ព័ន្ធមិត្តអឺរ៉ុប ដែលបដិសេធមិនគាំទ្រសកម្មភាពយោធារបស់សហរដ្ឋអាមេរិក ជាពិសេសកិច្ចខិតខំប្រឹងប្រែងទាក់ទងនឹងមជ្ឈិមបូព៌ា ក្នុងការបើកច្រកសមុទ្រហ័រមូស។ ការខកចិត្តរបស់គាត់បាននាំឱ្យមានការគំរាមកំហែងម្តងហើយម្តងទៀត ដើម្បីដកសហរដ្ឋអាមេរិកចេញពីអង្គការណាតូ ដែលបង្កើនការព្រួយបារម្ភនៅទូទាំងអឺរ៉ុប។.jpg)
ភាពតានតឹងបានផ្ទុះឡើងយ៉ាងខ្លាំង បន្ទាប់ពីបណ្តាប្រទេសជាសមាជិកណាតូនៅអឺរ៉ុប បានបដិសេធសំណើរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបញ្ជូនកងទ័ពជើងទឹកទៅកាន់ច្រកសមុទ្រ Hormuz ដើម្បីរួមដៃជាមួយអាមេរិក និងអ៊ីស្រាអែលក្នុងការប្រឈមមុខដាក់គ្នាជាមួយអ៊ីរ៉ង់។ លោក ដូណាល់ ត្រាំ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ដោយលោកហៅអង្គការណាតូថាជា «ខ្លាក្រដាស» ដែលចាំតែយកប្រយោជន៍ពីអាមេរិក ប៉ុន្តែមិនព្រមជួយនៅពេលអាមេរិកត្រូវការ។
.jpg)
បើតាមប្រភពពី The Economic Times លោកត្រាំ បានលើកឡើងថា លោកមានអារម្មណ៍ «ខ្ពើមរអើម» ចំពោះការដែលអាមេរិកត្រូវចំណាយថវិកាយ៉ាងមហាសាលដើម្បីការពារអឺរ៉ុប ខណៈដែលប្រទេសទាំងនោះមិនផ្តល់កិច្ចសហការវិញ។
បើតាមអ្នកវិភាគមួយចំនួន នេះគឺជាវិបត្តិធ្ងន់ធ្ងរបំផុតដែលណាតូបានជួបប្រទះចាប់តាំងពីការបង្កើតរបស់ខ្លួននៅឆ្នាំ 1949 ដោយមេដឹកនាំអឺរ៉ុបកាន់តែមានការសង្ស័យថាតើពួកគេអាចពឹងផ្អែកលើការធានាសន្តិសុខរបស់សហរដ្ឋអាមេរិកបានទៀតដែរឬទេ។.jpg)
គួរជម្រាបថា អង្គការណាតូ ឬ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (The North Atlantic Treaty Organization) គឺជាបក្សសម្ព័ន្ធយោធាមួយ ត្រូវបង្កើតឡើងតាមរយៈសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលបានចុះហត្ថលេខានាថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៤៩ ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅទីក្រុងវ៉ាស៊ីនតោន។ គោលបំណងរបស់វាគឺការបង្កើតសម្ព័ន្ធភាពរវាងអឺរ៉ុប និងអាមេរិក ខាងជើងដើម្បីធានានូវសេរីភាព និងសន្តិសុខរបស់ប្រទេសជាសមាជិកតាមរយៈមធ្យោបាយនយោបាយ និង យោធា ។
ក្រោយពឹងពាក់លើស្ថាប័ននេះដើម្បីគាំទ្រប្រតិបត្តិការនៅអ៊ីរ៉ង់មិនបាន លោក ដូណាល់ត្រាំ បានហៅអង្គការណាតូ (NATO) ថាជា “ខ្លាក្រដាស” ហើយបាននិយាយទៀតថា លោកកំពុងពិចារណាយ៉ាងម៉ត់ចត់ក្នុងការដកសហរដ្ឋអាមេរិកចេញពីសម្ព័ន្ធភាពមួយនេះ ពីព្រោះពួកគេមិនខ្វល់ទៅនឹងសង្គ្រាមនៅមជ្ឈិមបូព៌ា។ ការបែកបាក់នេះ បង្ហាញពីការមិនចុះសម្រុងគ្នាខាងគោលនយោបាយ និងកិច្ចសហប្រតិបត្តិការសម្ព័ន្ធភាពចុះខ្សោយ ជាមួយនឹងផលវិបាករយៈពេលវែងសម្រាប់សន្តិសុខពិភពលោក៕










