វីដេអូមួយដែលត្រូវបានចែករំលែកនៅលើបណ្តាញសង្គមទិកតុកបង្ហាញឱ្យឃើញអ្នកគាំទ្របានទាញតារាចម្រៀង ពេជ្រ សូលីកា ក្នុងអំឡុងពេលបកស្រាយបទចម្រៀងកំពុងធ្វើឱ្យមានមតិរិះគន់ដោយចាត់ទុកថាជាសកម្មភាពបំពានសិល្បករ។ មានការលើកឡើងជាច្រើនថាទោះបីជាស្រលាញ់ខ្លាំងយ៉ាងណាក៏ដោយពុំគួរធ្វើសកម្មភាពបែបនេះនោះទេ។

នាពេលបច្ចុប្បន្ននេះតារាចម្រៀង ពេជ្រ សូលីកា ត្រូវប៉ាន់ទីផ្សារសិល្បៈយ៉ាងខ្លាំងទោះបីជាគ្មានខ្នងបង្អែកជ្រកក្នុងផលិតកម្មធំក៏ដោយ។ តារាចម្រៀងរូបនេះបានលេចមុខនៅតាមបណ្តាផាប់ជាច្រើនកន្លែងនិងជាញឹកញាប់ ដោយអង្រួនចិត្តទស្សនិកជនតាមរយៈបទមនោសញ្ចេតនារបស់ខ្លួន។ យ៉ាងណាមិញ ថ្មីៗនេះបន្ទាប់ពីមានការចែករំលែកពីសកម្មភាពរបស់អ្នកគាំទ្រហាក់ដូចជាទាញយ៉ាងខ្លាំងមកកាន់ ពេជ្រ សូលីកា ធ្វើឱ្យមានមតិរិះគន់ឡើងមក។
តាមរយៈវីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គមទិកតុក គេបានឃើញតារាចម្រៀង ពេជ្រ សូលីកា កំពុងតែសម្តែងនៅតាមផាប់មួយកន្លែង។ ក្រោយមកមានអ្នកគាំទ្រស្រីប៉ុន្មាននាក់បានចាប់ទាញតារាចម្រៀងរូបនេះដោយក្នុងគោលបំណងថតរូបជាមួយនាងក្នុងនាមជាអ្នកគាំទ្រ។ ទោះយ៉ាងណា សកម្មភាពបែបនេះត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់ថាជាការបំពានលើសិល្បករ។

អ្នកលេងទិកតុកបានបញ្ចេញមតិថា «ប្រហែលជាអ្នកគាំទ្រស្រវឹងហើយ, បើថាស្រវឹងកុំតាប៉ែយល់ថាស្រលាញ់តែបើទាយម្លឹងៗសួថាគេមានអារម្មណ៍បែបណា, អត់ល្មមទេ លើសហើយ ,មិចបានទាញគាត់ដល់ថ្នាក់ហ្នឹងចឹង, ជោ ច្រើនជាងស្រលាញ់»។
ជាមួយនឹងសកម្មភាពដែលអ្នកគាំទ្របានបង្ហាញសកម្មភាពលើសលួសដាក់ ពេជ្រ សូលីកា ដែលរងនូវការរិះគន់នេះគេក៏នឹកឃើញសកម្មភាពរបស់អ្នកគាំទ្រដែលថើបញីញក់តារារ៉េប វណ្ណដា ដូចគ្នា ពីព្រោះការស្រលាញ់បែបនេះហាក់ដូចជាផ្តល់គំនាបដល់សិល្បករទៅវិញនោះទេ។
គួរបញ្ជាក់ផងដែរថាបទល្បីៗរបស់ ពេជ្រ សូលីកា ក្នុងរយៈពេលចុងក្រោយនេះមានដូចជា «ជនទី៣» «ងាយៗសម្រាប់បង» «បងហត់ហើយ» «លុះចាស់ជរា» និងបទ «ក្រែងថាស្រលាញ់» ជាដើម៕










