ភ្ញាក់ផ្អើលពេញទីក្រុង Wuhan ប្រទេសចិន រថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិរាប់រាយគ្រឿង ពេលកំពុងតែដឹកអ្នកដំណើរលើផ្លូវសុខៗ ស្រាប់តែគាំងប្រព័ន្ធរថយន្តព្រមៗគ្នាបណ្តាលឱ្យស្ទះចរាចរណ៍យ៉ាងខ្លាំង ។ ហេតុការណ៍នេះធ្វើឱ្យមហាជនជជែកគ្នាជាថ្មីអំពីសុវត្ថិភាពបច្ចេកវិទ្យារបស់រថយន្តគ្មានអ្នកបើកបរ ទោះជាទំនើបយ៉ាងណា ក៏នៅតែប្រឈមហានិភ័យ ពីព្រោះរថយន្តបើកបរដោយស្វ័យប្រវត្តិមានបញ្ហាជាច្រើនលើកមកហើយ ។
.jpg)
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ រថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ (Robotaxi) រាប់រយគ្រឿងបានផ្អាកដំណើរការភ្លាមៗពេលកំពុងបើកបរតាមផ្លូវនៅទីក្រុង Wuhan បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺបណ្តាលមកពីប្រព័ន្ធរថយន្តដំណើរការខុសប្រក្រតី ទើបធ្វើឱ្យរថយន្តទាំងនេះពុំអាចបើកបរទៅមុខបន្ត ហើយសមត្ថកិច្ចនឹងស្រាវជ្រាវរកមូលហេតុពិតប្រាកដបន្ថែម ។
រូបភាពចែកចាយក្នុងបណ្តាញសង្គមបង្ហាញឱ្យឃើញដងផ្លូវស្ទះចរាចរណ៍យ៉ាងខ្លាំង ដោយសារតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិរាប់រយគ្រឿងលែងដំណើរការ ។ ហេតុការណ៍នេះពុំបណ្តាលឱ្យមនុស្សរងរបួសទេ រីឯអ្នកដំណើរដែលជិះក្នុងរថយន្តបានចាកចេញដោយសុវត្ថិភាព ។ ចំណែកក្រុមហ៊ុន Baidu ដែលផ្តល់សេវាកម្មតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិម៉ាក Apollo Go មិនទាន់បកស្រាយអ្វីទេពីហេតុការណ៍កើតឡើង ។

ការផ្អាកដំណើរការភ្លាមៗរបស់តាក់ស៊ីចិនបើកបរដោយស្វ័យប្រវត្តិពេលកំពុងដឹកអ្នកដំណើរតាមផ្លូវ ធ្វើឱ្យមហាជនបារម្ភពីការប្រើប្រាស់បច្ចេកវិទ្យាគ្មានមនុស្សបើកបរលើពិភពលោក ដោយសារកាលពីចុងឆ្នាំ២០២៥ ក្រុមហ៊ុន Baidu មានគម្រោងពង្រីកសេវាកម្មរថយន្ត Apollo Go បើកបរដោយស្វ័យប្រវត្តិទៅក្រៅប្រទេស ។ ក្រុមហ៊ុននេះសហការជាមួយក្រុមហ៊ុន Uber និង Lyft ដើម្បីត្រៀមសាកល្បងរថយន្ត Apollo Go បើកបរនៅអង់គ្លេសក្នុងឆ្នាំ២០២៦ ។
សាស្ត្រាចារ្យសាកលវិទ្យាល័យ College London ថា ទោះជាបច្ចេកវិទ្យាគ្មានមនុស្សបើកបរអាចមានសុវត្ថិភាពជាងមនុស្ស ប៉ុន្តែហេតុការណ៍នៅទីក្រុង Wuhan បង្ហាញឱ្យឃើញពីប្រព័ន្ធរថយន្តនៅតែមានបញ្ហាដែលមិនធ្លាប់កើតឡើងពីមុន យើងចាំបាច់ត្រូវយល់ពីហានិភ័យ មុនពេលសម្រេចចិត្តជិះរថយន្តប្រភេទនេះ ។
គួរបញ្ជាក់ថា រថយន្តគ្មានមនុស្សបើកបរមានបញ្ហាជាច្រើនលើក ដូចជា ៖ កាលពីខែធ្នូ ឆ្នាំ២០២៥ ដាច់ចរន្តអគ្គិសនីនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក បណ្តាលឱ្យតាក់ស៊ី Waymo ផ្អាកដំណើរការព្រមៗគ្នារហូតដល់ស្ទះចរាចរណ៍ពេញទីក្រុង ហើយមុននេះ កាលពីខែសីហា ឆ្នាំ២០២៥ តាក់ស៊ី Apollo Go នៅទីក្រុង Chongqing ប្រទេសចិន ធ្លាក់ក្នុងរណ្តៅដែលមានអ្នកដំណើរក្នុងនោះ ។
តាក់ស៊ីគ្មានមនុស្សបើកបរនៅទីក្រុង Wuhan មានបញ្ហាពេលនេះបានឆ្លុះបញ្ចាំងឱ្យឃើញទោះជាបច្ចេកវិទ្យាទំនើបយ៉ាងណា ក៏វានៅតែប្រឈមនឹងបញ្ហាសុវត្ថិភាពនៃការគ្រប់គ្រងប្រព័ន្ធរថយន្ត ដែលក្រុមហ៊ុនផលិតត្រូវតែដោះស្រាយជាបន្ទាន់ ៕










