ប្រទេសជប៉ុនបានប្រកាសពីលក្ខខណ្ឌថ្មីតឹងរ៉ឹងជាងលក្ខខណ្ឌចាស់សម្រាប់ជ.នបរទេសស្នើសុំជញ្ជាតិជប៉ុន ដោយតម្រូវឱ្យស្នាក់នៅជប៉ុនជាប់លាប់រយៈពេលយូរឆ្នាំជាងមុន និងត្រូវមានឯកសារពាក់ព័ន្ធផ្សេងៗ ។ លក្ខខណ្ឌថ្មីអនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ក្នុងគោលបំណងដោះស្រាយភាពមិនស៊ីសង្វាក់គ្នានៃច្បាប់ចាស់ ដើម្បីឱ្យប្រាកដចិត្តថា អ្នកទទួលបានសញ្ជាតិជប៉ុនបានប្រកាន់ខ្ជាប់ និងអនុវត្តតាមបទដ្ឋានសង្គមជប៉ុនយ៉ាងពិតប្រាកដ ។
រដ្ឋាភិបាលជប៉ុនតាមរយៈក្រសួងយុត្តិធម៌បានប្រកាសពីការរឹតបន្តឹងលក្ខខណ្ឌស្នើសុំសញ្ជាតិ ដោយកំណត់ឱ្យជនបរទេសត្រូវតែស្នាក់នៅប្រទេសជប៉ុនជាប់លាប់យ៉ាងហោចណាស់១០ឆ្នាំ ដែលជារយៈពេលវែងជាងលក្ខខណ្ឌចាស់កំណត់ត្រឹមតែ៥ឆ្នាំ ។ ការរឹតបន្តឹងលក្ខខណ្ឌនេះដើម្បីធានាស្តង់ដារនៃការដាក់ពាក្យស្នើសុំសញ្ជាតិឱ្យស្របគ្នានឹងលក្ខខណ្ឌការសុំសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ។.jpg)
ការកែសម្រួលលក្ខខណ្ឌស្នើសុំសញ្ជាតិ មិនមែនជាការធ្វើវិសោធនកម្មច្បាប់សញ្ជាតិទេ ប៉ុន្តែជាការកែប្រែការអនុវត្តគោលការណ៍ណែនាំសម្រាប់ការត្រួតពិនិត្យរបស់ក្រសួងយុត្តិធម៌ជប៉ុន ហើយនឹងអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តទៅ ។ លក្ខខណ្ឌសំខាន់ៗសម្រាប់ជនបរទេសដែលដាក់ពាក្យស្នើសុំសញ្ជាតិជប៉ុន រួមមាន ៖
-រយៈពេលស្នាក់នៅ ៖ ជនបរទេសត្រូវតែស្នាក់នៅប្រទេសជប៉ុនជាប់លាប់យ៉ាងហោចណាស់១០ឆ្នាំ
-ការត្រួតពិនិត្យពន្ធ ៖ ត្រួតពិនិត្យឯកសារបង់ពន្ធតាំងពីរយៈពេល៥ឆ្នាំមុន
-សន្តិសុខសង្គម និងប្រាក់សោធននិវត្តន៍ ៖ ជនបរទេសត្រូវបង្ហាញឯកសារការទូទាត់ថ្លៃសន្តិសុខសង្គម និងប្រាក់សោធននិវត្តន៍តាំងពីរយៈពេល២ឆ្នាំមុន
-ការសម្របខ្លួនជាមួយសង្គម ៖ បង្កើនការវាយតម្លៃសមត្ថភាពនិយាយភាសាជប៉ុន និងគោរពច្បាប់ ដូចជា ៖ ច្បាប់ចរាចរណ៍ ព្រមទាំងត្រួតពិនិត្យប្រវត្តិ តើពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឬអត់?

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Hiroshi Hiraguchi និយាយថា ការរឹតបន្តឹងលក្ខខណ្ឌស្នើសុំសញ្ជាតិ ក្នុងគោលបំណងដោះស្រាយភាពមិនស៊ីសង្វាក់គ្នានៃច្បាប់ចាស់ ដោយសារកន្លងមក អ្នកស្នើសុំសញ្ជាតិជប៉ុនមានភាពងាយស្រួលជាងការស្នើសុំសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ដែលចំណាយពេលរហូតដល់១០ឆ្នាំ ។
ក្រៅពីនេះ គឺធ្វើឡើងតាមការបញ្ជារបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ដែលផ្តោតលើការកំណត់ស្តង់ដារការត្រួតពិនិត្យឯកសារយ៉ាងតឹងរ៉ឹង ដើម្បីឱ្យប្រាកដចិត្តថា អ្នកទទួលបានសញ្ជាតិជប៉ុនបានប្រកាន់ខ្ជាប់ និងអនុវត្តតាមបទដ្ឋានសង្គមជប៉ុនយ៉ាងពិតប្រាកដ ។
ចំណែកជនបរទេសដាក់ពាក្យស្នើសុំសញ្ជាតិជប៉ុនតាំងពីមុនថ្ងៃទី១ ខែមេសា គឺនឹងត្រូវពិចារណាតាមលក្ខខណ្ឌចាស់ដែលតម្រូវឱ្យស្នាក់នៅប្រទេសជប៉ុនជាប់លាប់ត្រឹមតែរយៈពេល៥ឆ្នាំ ប៉ុន្តែពួកគេនឹងត្រូវត្រួតពិនិត្យឯកសារបង់ពន្ធ និងសន្តិសុខសង្គមយ៉ាងតឹងរ៉ឹងក្រោមលក្ខខណ្ឌថ្មី ៕










