តេហេរ៉ង់ ៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi បាននិយាយថា ខ្លួនកំពុងត្រួតពិនិត្យសំណើបទឈប់បា.ញ់ដែលដាក់ចេញដោយសហរដ្ឋអាមេរិកទាំង ១៥ចំណុច ប៉ុន្តែបានបញ្ជាក់យ៉ាងច្បាស់វិញថា ទោះជាយ៉ាងណា ខ្លួនមិនទាន់មានគម្រោងចង់ចរចាដើម្បីបន្ធូរបន្ថយជម្លោះនោះឡើយ។ នេះបើយោងតាមរបាយការណ៍របស់ Reuters នាថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែមីនា។
.jpg)
ការអត្ថាធិប្បាយបែបនេះរបស់លោក Abbas Araqchi ហាក់សន្មត់ពីឆន្ទៈរបស់អ៉ីរ៉ង់ដើម្បីបើកកិច្ចចរចាបញ្ចប់សង្រ្គាម ក្នុងករណីសំណើរបស់អ៉ីរ៉ង់ត្រូវបានទទួលយក បើទោះជាការឆ្លើយតបរបស់តេហេរ៉ង់ក្នុងពេលនេះមិនមានភាពវិជ្ជមានក៏ដោយ។ តាមប្រមុខការទូតអ៉ីរ៉ង់ ការឆ្លើយឆ្លងសារតាមរយៈអន្តរការីមិនមែនមានន័យវាជាកិច្ចចរចាជាមួយសហរដ្ឋអាមេរិក នោះទេ។ «ពួកគេបានបញ្ជូនសំណើនៅក្នុងសាររបស់ពួកគេដែលត្រូវបានបញ្ជូនបន្តទៅកាន់អាជ្ញាធរកំពូលអ៉ីរ៉ង់ ហើយប្រសិនបើចាំបាច់ អាជ្ញាធរកំពូលអ៉ីរ៉ង់នឹងប្រកាសពីគោលជំហរ»។ នេះជាការបញ្ជាក់របស់លោក Abbas Araqchi ក្នុងសុន្ទករថាមួយតាមកញ្ចក់ទូរទស្សន៍រដ្ឋ។
.jpg)
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកត្រូវបានរាយការណ៍ថាបានបញ្ជូនសំណើ ១៥ចំណុចដើម្បីបញ្ចប់សង្រ្គាមទៅឱ្យអ៉ីរ៉ង់តាមរយៈប៉ាគីស្ថាន។ ក្នុងសំណើ១៥ចំណុចនេះក្នុងនោះរួមមាន ការលុបបំបាត់សារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់ទាំងអស់របស់អ៉ីរ៉ង់ បញ្ឈប់ការចម្រាញ់អ៊ុយរ៉ាញ៉ូម រឹតត្បិតលើកម្មវិធីមីស៊ីលបាលិស្ទីគ និងកាត់ផ្ដាច់ការគាំទ្រ និងផ្ដល់ហិរញ្ញវត្ថុដល់ ចលនាប្រដាប់អាវុធក្នុងតំបន់ជាដើម។ សេតវិមានមិនបានបង្ហើបអ្វីលម្អិតទេលើសំណើរបស់ខ្លួន ហើយបានគំរាមថាបង្កើនការវាយប្រហារទៀតផង។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់ក្រុមអ្នកសារព័ត៌មានថាប្រសិនបើអ៉ីរ៉ង់មិនព្រមទទួលស្គាល់ថាខ្លួនបានចាញ់ខាងយោធាទេ ហើយនៅតែបន្តសង្រ្គាម នោះលោកប្រធានាធិបតី ត្រាំ នឹងធានាថាអ៉ីរ៉ង់នឹងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុតដែលពួកគេមិនធ្លាប់បានភ្លក្ស។ ដោយឡែក មន្ត្រីជាន់ខ្ពស់អ៉ីស្រាអែលម្នាក់បាននិយាយថា អ៉ីស្រាអែលសង្ស័យថាអ៉ីរ៉ង់ទំនងជានឹងមិនទទួលយកលក្ខខណ្ឌរបស់លោក ត្រាំទេ ហើយបារម្ភថាក្រុមអ្នកចរចាអាមេរិកអាចនឹងធ្វើសម្បទាន។
អ៉ីស្រាអែល ក៏ចង់បានផងដែរកិច្ចព្រមព្រៀងមួយដែលរក្សាសិទ្ធិក្នុងការវាយប្រហារបង្ការទុកមុន ប៉ុន្តែអ៉ីរ៉ង់បានទទូចថាកិច្ចព្រមព្រៀងណាមួយត្រូវតែធានាថានឹងមិនមានការវាយប្រហារជាថ្មីលើអ៉ីរ៉ង់ដាច់ខាត៕










