វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរុស្ស៊ីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរលើកដំបូងនៅប្រទេសវៀតណាម ក្រោមគម្រោងឈ្មោះ «Ninh Thuan 1» ដើម្បីធានាសន្តិសុខថាមពលក្នុងប្រទេស ស្របពេលពិភពលោកកំពុងខ្វះខាតថាមពល ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង គឺពេលនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ធ្វើដំណើរទស្សនកិច្ចនៅប្រទេសរុស្ស៊ី និងពិភាក្សាជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin ក្នុងទីក្រុងមូស្គូ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ។
សារព័ត៌មានបរទេសរាយការណ៍ថា កាលពីថ្ងៃទី២៣ ខែមីនា វៀតណាម និងរុស្ស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងគេនៅវៀតណាម ដែលកិច្ចព្រមព្រៀងនេះត្រូវបានចាត់ទុកថា រដ្ឋាភិបាលក្រុងហាណូយមានគោលបំណងធានាសន្តិសុខថាមពលក្នុងប្រទេសខ្លួន បន្ទាប់ពីការផ្គត់ផ្គង់ថាមពលលើពិភពលោកផ្អាកភ្លាមៗដោយសារសង្គ្រាមមជ្ឈិមបូព៌ា ។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ គឺកើតឡើងពេលនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី និងពិភាក្សាជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin នៅទីក្រុងមូស្គូ កាលពីថ្ងៃទី២៣ ខែមីនា ។ បើទោះជាភាគីទាំងពីរបានឯកភាពគ្នាសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅវៀតណាម ប៉ុន្តែគ្មានការប្រកាសលម្អិតពីពេលវេលាចាប់ផ្តើមសាងសង់ច្បាស់លាស់ទេ ។
ការសាងសង់រោងចក្រស្ថិតក្រោមគម្រោង «Ninh Thuan 1» ដោយនឹងដំឡើង Reactor នុយក្លេអ៊ែរ ចំនួន២ រចនាម៉ូដដោយរុស្ស៊ី ដែលមានកម្លាំងផលិតថាមពលសរុបចំនួន២,៤០០មេហ្គាវ៉ាត់ ។ ក្រៅពីនេះ រដ្ឋាភិបាលក្រុងហាណូយនឹងពង្រីកកិច្ចសហការជាមួយក្រុមហ៊ុន Novatek ដែលជាក្រុមហ៊ុនយក្សផលិតឧស្ម័ន LNG របស់រុស្ស៊ីផងដែរ ដើម្បីឱ្យក្រុមហ៊ុននេះបញ្ជូនឧស្ម័នមកវៀតណាម ។
.jpg)
មូលហេតុដែលវៀតណាមពន្លឿនការនាំចូលឧស្ម័ន LNG ដោយសារសង្គ្រាមមជ្ឈិមបូព៌ាបានប៉ះពាល់យ៉ាងខ្លាំងដល់ការដឹកជញ្ជូនប្រេងឥន្ធនៈ និងឧស្ម័នតាមច្រកសមុទ្រ Hormuz បណ្តាលឱ្យតម្លៃប្រេងនៅវៀតណាមកើនឡើងខ្ពស់ និងខ្វះខាត រហូតដល់ពលរដ្ឋវៀតណាមតម្រង់ជួរនៅតាមស្ថានីយប្រេង ។ កន្លងមក រដ្ឋាភិបាលក្រុងហាណូយព្យាយាមជំរុញឱ្យពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនី, ជីវថាមពល និងសហការថាមពលជាមួយប្រទេសជាច្រើន រួមមាន ៖ ជប៉ុន កូរ៉េខាងត្បូង អង់ហ្គោឡា និងអាល់ហ្សេរី ដើម្បីឱ្យវៀតណាមទទួលបានថាមពលពីប្រភពផ្សេងគ្នា ។.jpg)
គួរបញ្ជាក់ថា វៀតណាមបានសហការថាមពលជាមួយរុស្ស៊ីជាច្រើនឆ្នាំហើយ ដោយចាប់ផ្តើមឡើងដោយការបង្កើតក្រុមហ៊ុន Vietsovpetro ដែលបណ្តាក់ទុនរួមគ្នារវាងរដ្ឋាភិបាលប្រទេសទាំងពីរតាំងពីឆ្នាំ១៩៨១ ។ រីឯគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅវៀតណាមលើកនេះ គឺជាការពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រជិតស្និទ្ធបន្ថែមទៀត ៕










