ហ្វីលីពីន គឺជាប្រទេសដំបូងគេនៅលើពិភពលោក ដែលប្រកាសអាសន្នថាមពលរយៈពេល១ឆ្នាំកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីហ្វីលីពីនខ្វះខាតប្រេងឥន្ធនៈយ៉ាងខ្លាំង និងតម្លៃកើនឡើង ដោយសារការនាំចូលប្រេងរហូតដល់ជាង៩០% មកពីបណ្តាប្រទេសនៅឈូងសមុទ្រមជ្ឈិមបូព៌ា ។ ការប្រកាសអាសន្ននេះ ស្របពេលប្រទេសផ្សេងៗលើពិភពលោក ក៏ប្រឈមនឹងបញ្ហាខ្វះខាតប្រេងដូចគ្នាបណ្តាលមកពីសង្គ្រា.មនៅមជ្ឈិមបូព៌ា ។
.jpg)
កាលពីថ្ងៃទី២៤ ខែមីនា ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr.បានប្រកាសអាសន្នថាមពលនៅទូទាំងប្រទេស ដោយលោកថា តម្លៃប្រេងកើនឡើងខ្ពស់ដោយសារសង្គ្រាមមជ្ឈិមបូព៌ា បានគំរាមកំហែងដល់ការផ្គត់ផ្គង់ថាមពលក្នុងប្រទេស ។ លោកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិអនុញ្ញាតឱ្យរដ្ឋាភិបាលចាត់វិធានការដោះស្រាយហានិភ័យកើតឡើងពីការផ្គត់ផ្គង់ថាមពលលើពិភពលោកផ្អាកដំណើរការភ្លាមៗ និងដោះស្រាយបញ្ហាសេដ្ឋកិច្ច ដោយកំណត់ឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាស្តុកប្រេង និងការកេងចំណេញខ្លាំង ។
លោកប្រធានាធិបតី Marcos និយាយថា រដ្ឋាភិបាលហ្វីលីពីនបានបង្កើតគណៈកម្មការមួយដើម្បីត្រួតពិនិត្យការដឹកជញ្ជូនប្រេង ស្វែងរកទិញប្រេង ចែកចាយប្រេង និងការត្រៀមខ្លួនទិញប្រេង អាហារ ថ្នាំពេទ្យ ផលិតផលកសិកម្ម និងផលិតផលចាំបាច់ផ្សេងៗ ។
តាមការប្រកាសកន្លងមករបស់ក្រសួងថាមពលហ្វីលីពីន គឺប្រេងសាំងបម្រុងអាចប្រើប្រាស់រយៈពេល៥៣ថ្ងៃ, ប្រេងម៉ាស៊ូតអាចប្រើប្រាស់បានចំនួន៤៦ថ្ងៃ និងប្រេងសម្រាប់យន្តហោះអាចប្រើប្រាស់ប្រមាណ ៣៩ថ្ងៃ ។ តម្លៃប្រេងម៉ាស៊ូតបានកើនឡើងទ្វេដងតាំងពីសង្គ្រាមចាប់ផ្តើម គឺស្មើរហូតដល់២ដុល្លារក្នុង១លីត្រ ។
ហ្វីលីពីនបាននាំចូលប្រេងរហូតដល់៩០% ពីបណ្តាប្រទេសនៅឈូងសមុទ្រមជ្ឈិមបូព៌ា ទើបធ្វើឱ្យហ្វីលីពីនងាយរងគ្រោះបំផុតក្នុងចំណោមប្រទេសនៅតំបន់អាស៊ី បន្ទាប់ពីការផ្គត់ផ្គង់ប្រេងក្នុងតំបន់រាំងស្ទះភ្លាមៗ និងអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz ។ ហេតុនេះ ហ្វីលីពីនបានងាកទៅទិញប្រេងពីរុស្ស៊ី ចិន និងប្រទេសផ្សេងៗនៅអាស៊ីអាគ្នេយ៍ ដើម្បីបំពេញតម្រូវការប្រើប្រាស់ ។
.jpg)
មន្ត្រីរដ្ឋាភិបាលតាមស្ថាប័នជាច្រើនបានធ្វើការត្រឹមតែ៤ថ្ងៃក្នុង១សប្តាហ៍ដើម្បីសន្សំសំចៃប្រេង ហើយលោកប្រធានាធិបតី Marcos សំណូមពរឱ្យពលរដ្ឋធ្វើដំណើររួមគ្នា (ឬការធ្វើដំណើរតាម Car Pool) ។ លើសពីនេះ រដ្ឋាភិបាលបានផ្តល់ប្រាក់ក្នុងម្នាក់ចំនួន៥,០០០បេសូ (ស្មើជិត៣០០ដុល្លារ) ទៅឱ្យអ្នករត់ម៉ូតូកង់បីរាប់ម៉ឺននាក់នៅទីក្រុងម៉ានីល ដែលខ្វះខាតចំណូលដោយសារតម្លៃប្រេងកើនឡើង ។
ហ្វីលីពីនពិបាកដោះស្រាយការខ្វះខាតប្រេងក្នុងប្រទេសយ៉ាងខ្លាំង និងធ្វើឱ្យក្រុមកម្មករដឹកជញ្ជូនអំពាវនាវឱ្យរួមគ្នាធ្វើបាតុកម្មទ្រង់ទ្រាយធំនៅទីក្រុងម៉ានីល ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមីនា ដើម្បីប្រឆាំងតម្លៃប្រេងកើនឡើង និងការចាត់វិធានការមិនគ្រប់គ្រាន់របស់រដ្ឋាភិបាល ។.jpg)
បើតាមអ្នកសេដ្ឋកិច្ច គឺផលប៉ះពាល់នឹងកាន់តែធ្ងន់ធ្ងរជាងនេះ ជាពិសេស ហ្វីលីពីននឹងបាត់បង់ប្រាក់ចំណូលបានពីការផ្ញើប្រាក់របស់ពលរដ្ឋរាប់ពាន់នាក់ដែលធ្វើការនៅបណ្តាប្រទេសមជ្ឈិមបូព៌ា ៕










