តារារ៉េប ម៉ាន់ វណ្ណដា កំពុងធ្វើឱ្យអ្នកគាំទ្រចលាចលបន្ទាប់ពីរូបលោកបានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមផ្ទាល់ខ្លួននៅឯពហុកីឡដ្ឋានមរតកតេជោ។ ការបង្ហោះនេះបានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រភ្លាមៗដោយមានប្រិយមិត្តខ្លះសង្ស័យថា វណ្ណដា អាចនឹងរៀបចំការប្រគំតន្រ្តីនៅទីនេះ។
ជឿជាក់ថាអ្នកគាំទ្រ វណ្ណដា ប្រាកដជាដឹងហើយថា វណ្ណដា ខកខានការសម្តែងជាច្រើនខែមកហើយដោយលោកចំណាយពេលវេលានៅជាមួយគ្រួសារនិងមិត្តរួមអាជីពព្រមទាំងមានដំណើរកម្សាន្តជាហូរហែ។ ទោះយ៉ាងណា វណ្ណដា បានប្រកាសថាលោកនឹងសម្តែងនៅផាប់មួយកន្លែងនៅថ្ងៃទី២៧ ខែមីនា បន្ទាប់ពីលោកសម្រាកលំហែកាយអាចកាន់ក្បាលមេក្រូវិញបាន។
.png)
អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តទោះបីជាមិនទាន់ប្រកាសជាផ្លូវការក៏ដោយនោះគឺជាវីដេអូដែល វណ្ណដា បានបង្ហោះនៅរសៀលថ្ងៃទី២៤ ខែមីនា នៅឯពហុកីឡដ្ឋានមរតកតេជោ។ ក្នុងរូបភាព វណ្ណដា បានពាក់អាវត្រីវិស័យដែលជាចំណងជើងអាល់ប៊ុមរបស់លោក ខណៈវីដេអូនោះតារារ៉េបរូបនេះពុំបាននិយាយអ្វីក្រៅពីបង្ហាញអារម្មណ៍រំភើបបិទមាត់មិនជិតឡើយ។
នេះបានជំរុញឱ្យអ្នកគាំទ្រជាច្រើនសង្ស័យថា វណ្ណដា អាចនឹងរៀបចំការប្រគំតន្រ្តីនៅទីនេះបន្ទាប់ពីបង្កើតកំណត់ត្រារៀបចំការប្រគំតន្រ្តីនៅឯពហុកីឡដ្ឋានអូឡាំពិកលើកដំបូងដែលទាក់ទាញអ្នកចូលរួមជាច្រើនពាន់នាក់មានទាំងអ្នកគាំទ្រជាតិនិងអន្តរជាតិ។ បន្ថែមពីលើនេះគណនី IG របស់ វណ្ណដា ក៏បានចែករំលែកបន្តពីអ្នកគាំទ្រខ្លួនដែលនឹកពីការប្រគំតន្រ្តីចង់ឱ្យកើតមានម្តងទៀតផងដែរ។
ទន្ទឹមនឹងការសង្ស័យអាចនឹងមានការរៀបចំប្រគំតន្រ្តី អ្នកមួយចំនួនក៏គិតថាអាចនឹងរៀបចំការប្រលងចម្រៀងរ៉េប ឬ វណ្ណដា អាចនឹងចូលរួមការប្រកួតបាល់ទាត់។ ទោះយ៉ាងណា ការពិតយ៉ាងណា មានតែអ្នកគាំទ្ររង់ចាំការប្រកាសពី វណ្ណដា និងផលិតកម្មតែប៉ុណ្ណោះថាលោកនឹងត្រៀមធ្វើអ្វីនាពេលខាងមុខនេះ៕










