តារាចម្រៀង ទេព បូព្រឹក្ស បានចេញវីដេអូផ្ញើពាក្យជូនពរនិងផ្តាំផ្ញើទៅកាន់ប្អូនប្រុសនិងប្អូនថ្លៃដែលបានរៀបការជាមួយឱ្យចេះតែរក្សានិងមើលថែគ្នាទៅវិញទៅមក។ តារាចម្រៀងរូបនេះបានសង្កត់ធ្ងន់ទៅកាន់ប្អូនប្រុសរបស់ខ្លួនត្រូវតែឱ្យប្រពន្ធជាអ្នកទុកដាក់លុយកាក់។
នៅថ្ងៃទី២២ ខែមីនា គឺជាគឺថ្ងៃរៀបការរបស់លោក ទេព និមិត្ត ហៅប្រុសពេជ្រ និង ទេព្ពី ដែលជាអ្នករាំមួយរូប ខណៈកម្មវិធីនេះប្រមូលផ្តុំដោយសិល្បករសិល្បការិនីជាច្រើនរូបចូលរួមក្នុងនោះក៏មានវត្តមានរបស់ ព្រះនាង ចេណ្ណា និងលោកជំទាវ យឹម ឆៃលីន។ ជាមួយនឹងសកម្មភាពដែលប្រព្រឹត្តទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរក៏ដូចជាពិធីជប់លៀងអមមកជាមួយនឹងការរាំយ៉ាងសប្បាយរីករាយក្នុងពិធីមង្គលការនេះដែរ ទេព បូព្រឹក្ស បានធ្វើវីដេអូមួយជូនទៅកាន់ប្អូនប្រុសនិងប្អូនថ្លៃជាទីស្រលាញ់។
តារាចម្រៀង ទេព បូព្រឹក្ស បាននិយាយថាក្នុងថ្ងៃដ៏ពិសេសនេះក្នុងនាមជាបងស្រីគ្មានអ្វីក្រៅពីជូនពរ និងសប្បាយចិត្តខ្លាំងដែលឃើញប្អូនដើរមកដល់ចំណុចនេះ។ តារាចម្រៀងរូបនេះបានជូនពរ ទេព និមិត្ត ហៅប្រុសពេជ្រ និង ទេព្ពី ឱ្យស្រលាញ់គ្នាដល់ចាស់កោងខ្នង ចេះថែរក្សាគ្នា។ ក្នុងជីវិតជាប្តីប្រពន្ធ ទេព បូព្រឹក្ស បានផ្តាំផ្ញើថាតែងតែមានការអាក់អន់ស្រពន់ចិត្ត ឈ្លោះប្រកែកគ្នាប៉ុន្តែត្រូវតែចេះអន់ឱនឱ្យគ្នា។ តារាចម្រៀងរូបនេះបានសង្កត់ធ្ងន់ទៅកាន់ប្អូនប្រុសរបស់ខ្លួនក្នុងនាមជាស្វាមីត្រូវតែចិត្តឱ្យធ្ងន់ កុំឈ្លោះប្រកែកជាមួយប្រពន្ធ។
ជាមួយគ្នានេះដែរ ទេព បូព្រឹក្ស បានផ្តាំផ្ញើជាដាច់ខាតលុយកាក់ដែលប្អូនប្រុសរកបានត្រូវឱ្យប្រពន្ធជាអ្នកទុកដាក់ ហើយក្នុងនាមជាបងស្រីនាងនៅតែចាំមើលថែ គាំទ្រ ក្រុមគ្រួសារប្អូនរហូតដល់ថ្ងៃអស់ជីវិត។ មិនកាន់ជើងប្អូនប្រុសខ្លួនឯងក្តីប៉ុន្តែ ទេព បូព្រឹក្ស បានបញ្ជាក់ថាប្អូនប្រុសរបស់ខ្លួនគឺជាមនុស្សស្លូតបូតណាស់ដោយកុំឱ្យ ទេព្ពី ធ្វើបាបរូបគេ៕










