តើគាំទ្រសំណើរនេះដែរឬទេបងប្អូន? សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យរដ្ឋាភិបាល និងអាជ្ញាធរត្រូវកម្ចាត់ចោលមន្រ្តី និងឈ្មួញដែលនៅបន្តលួ.ចនាំទំនិញថៃចូលក្នុងប្រទេស ដែលធ្វើឲ្យប្រទេសសើចចម្អក និងមើលងាយខ្មែរយើងជាខ្លាំងថារស់នៅខ្វះគេមិនបាន។
យោងតាមសំណេររបស់ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហោះនៅរសៀលថ្ងៃទី២០ ខែមីនា ដែលមានខ្លឹមសារដកស្រង់ពីសំដីដើមរបស់សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា លោកសូមស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កម្ចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃចូល ក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យអ្នកជិតខាងយើងមើលងាយយើងថា អត់ទំនិញគេមិនបាន។
.jpg)
បន្ថែមពីលើការលើកឡើងនេះ សម្ដេចតេជោ ក៏បានគូសបញ្ជាក់ដែរថា ប្រសិនបើពេលនេះខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីដូចពេលមុន ខ្ញុំមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា (ឆ្មាមិននៅកណ្តុរឡើងរាជ្យឲ្យសោះ)។.jpg)
គួរបញ្ជាក់ថា ការបង្ហោះសាររម្លឹកឡើងវិញនូវសំដីរបស់សម្ដេចតេជោ ពីសំណាក់ឯកឧត្តម ខៀវ កាញារីទ្ធដូចខាងលើនេះ ធ្វើឡើងស្របពេលដែល សាធារណជនកំពុងផ្ទុះការប្រតិកម្មលើករណីទំនិញថៃ ដែលនៅតែបន្តមានវត្តមានពេញទីផ្សារប្រទេសកម្ពុជា ក្រោយអភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ជាមួយអ្នកសារព័ត៌មានជុំវិញ មូលហេតុដែលកម្ពុជា មិនអាចឃាត់លំហូរទំនិញថៃចូលមកកម្ពុជា ព្រោះកាតព្វកិច្ចរបស់កម្ពុជាក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)។.jpg)
ទោះជាយ៉ាងណា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យពលរដ្ឋនៅតាមព្រំដែន បញ្ឈប់ការប្រើប្រាស់ប្រាក់បាតថៃ និងឈប់កំណត់ប្រាក់ឈ្នួលធ្វើការ តម្លៃទំនិញ ឬតម្លៃសេវា ជាប្រាក់បាតថៃទៀត ដោយប្ដូរជាប្រាក់រៀលដើម្បីពង្រឹងរូបិយវត្ថុជាតិ។ ដោយក្នុងនោះលោកបានសង្កត់ធ្ងន់ថា «ប្រសិនស្រឡាញ់ជាតិត្រូវទុកក្រដាសប្រាក់ដែលមានព្រះឆាយាល័ក្ខ ព្រះបិតាជាតិ ព្រះមាតាជាតិ និងព្រះមហាក្សត្រយើងក្នុងទូ ក្នុងកាបូប ឬក្នុងហោប៉ៅយើង ជាជាងទុកព្រះឆាយាល័ក្ខ ព្រះមហាក្សត្រប្រទេសមួយ ដែលចាត់ទុកយើងជាសត្រូវ និងប្រមាថមើលងាយយើងនោះទេ»។

ទាំងនេះគឺពាក្យសម្ដីរបស់សម្ដេចតេជោ ហ៊ុន សែន ដែលធ្លាប់បានលើកឡើងកាលពីពេលកន្លងមក ហើយជាមួយគ្នានេះ សម្ដេចក៏បានអំពាវនាវឱ្យអាជីវករប្ដូរប្រាក់ កុំយកប្រាក់ចំណេញហួសពេក ខណៈពលរដ្ឋតាមព្រំដែនសម្រុកមកប្ដូរប្រាក់ថៃច្រើន ដែលនាំខាតច្រើន ប៉ះពាល់ដល់ជីវភាពរបស់បងប្អូនខ្មែរដូចគ្នា៕










