ពូកែខាងដើរចោ.ទប្រទេសគេ ប៉ុន្តែខ្លួនឯងវិញបោកបានគ្រប់ទម្រង់! អស់ពីល្បីរឿងបោ.កប្រាស់បន្លំជនបរទេស ឥឡូវមកបោ.កគ្នាឯងវិញម្ដង ដោយឆ្លៀតឱកាសក្នុងពេលប្រេងសាំងកំពុងឡើងថ្លៃ ក្រុមឆបោ.កតាមប្រព័ន្ធអនឡាញ បានផ្ញើរសារជូនដំណឹងអំពីការផ្ដល់ «បណ្ណចាក់សាំងឥតគិតថ្លៃ ឬការបញ្ចុះតម្លៃពិសេស» ទៅកាន់ទូរស័ព្ទរបស់ពលរដ្ឋដើម្បីល្បួងឱ្យពលរដ្ឋចុចលើតំណភ្ជាប់ (Link) ក្លែងក្លាយរបស់ពួកគេរួចហេគចូលទៅលួចលុយបានរាប់ម៉ឺនរាប់សែនបាតពីជនរងគ្រោះម្នាក់ៗ។
.jpg)
យោងតាមការចេញផ្សាយរបស់កាសែត Bangkok Post កាលពីថ្ងៃចន្ទ ទី១៦ ខែមីនា, ក្រុម Scammer អនាមិកបានបង្កើត Link ឬ ផ្ញើសារផ្សព្វផ្សាយក្លែងក្លាយតាមរយៈបណ្តាញសង្គម ដោយប្រើឈ្មោះក្រុមហ៊ុនប្រេងធំៗ ហើយសន្យាថានឹងផ្តល់កាតចាក់សាំងឥតគិតថ្លៃឬបញ្ចុះតម្លៃប្រេងសាំងដោយគ្រាន់តែចូលចុះឈ្មោះតាម Link ដែលគេដាក់ជូន។
.jpg)
ក្រោយជនរងគ្រោះចុចលើ Link នោះរួចពួកគេនឹងតម្រូវឲ្យបំពេញព័ត៌មានផ្ទាល់ខ្លួនដូចជា លេខសម្គាល់ខ្លួន លេខទូរស័ព្ទ ឬព័ត៌មានគណនីធនាគារ។ ពេលចុច Link កម្មវិធីបង្កប់មេរោគ (Malware) នឹងដំឡើង ដែលទាំងនេះ នឹងអាចធ្វើឱ្យក្រុមចោរ ចូលទៅកាន់គណនីធនាគារ និងផ្ទេរប្រាក់ចេញយ៉ាងងាយស្រួល និងឆាប់រហ័សបំផុត ។
នៅក្នុងករណីឆបោកជាក់ស្ដែងមួយ បុគ្គលិកការិយាល័យម្នាក់អាយុ ៣៤ ឆ្នាំ បានបាត់បង់ប្រាក់ជាង ៨ម៉ឺនបាត (ជាង ២,២០០ដុល្លារអាម៉េរិក) ក្នុងរយៈពេលត្រឹមតែ ១០ នាទីប៉ុណ្ណោះ បន្ទាប់ពីបានបំពេញព័ត៌មានដើម្បីស្នើសុំបណ្ណចាក់សាំងតម្លៃ ៥០០បាត តាមរយៈសារជូនដឹងដំណឹងក្លែងក្លាយ។ ជនរងគ្រោះម្នាក់ទៀតដែលជាអ្នកលក់អនឡាញ ក៏បានបាត់បង់ប្រាក់ជាង ៥ម៉ឺនបាត ក្រោយពីបានបំពេញការស្ទង់មតិមួយ ដើម្បីអាចប្ដូរយកបណ្ណចាក់សាំងតម្លៃ ៣០០ បាត ។
ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរថៃបានណែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងមិនត្រូវជឿលើសារផ្ដល់រង្វាន់ដែលគ្មានប្រភពច្បាស់លាស់ឡើយ។ ប្រសិនបើមានការសង្ស័យ គួរត្រួតពិនិត្យ ឬទាក់ទងសួរនាំក្រុមហ៊ុនផ្ទាល់ ឬក៏រាយការណ៍ទៅកាន់លេខទូរស័ព្ទបន្ទាន់របស់ភ្នាក់ងារប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីការពារខ្លួនពីការបាត់បង់ទ្រព្យសម្បត្តិ ។

ករណីទាំងនេះបានបង្ហាញថា ជនរងគ្រោះជាច្រើនបានខាតបង់ប្រាក់កាសរាប់ម៉ឺនបាត ដោយសារតែចង់បានបណ្ណចាក់សាំងដែលមានតម្លៃត្រឹមតែប៉ុន្មានរយបាតប៉ុណ្ណោះ ហើយការណ៍នេះ សបញ្ជាក់ឱ្យឃើញថា ក្រុមឆបោកកំពុងប្រើប្រាស់ភាពលោភលន់ និងតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ពលរដ្ឋ មកធ្វើជាឧបករណ៍។ 
យ៉ាងណាមិញ បើទោះជាបញ្ហាទាំងនេះមិនទាន់មានការរារការណ៍ថាមាននៅក្នុងប្រទេសកម្ពុជាយើងក៏ពិតមែន ប៉ុន្តែវាក៏ជាមេរៀនថ្មីបន្ថែមមួយទៀតសម្រាប់ប្រជាជនខ្មែរយើង ក្នុងការស្វែងយល់ឲ្យបានច្បាស់លាស់មុននឹងជឿលើអ្វីមួយ ជៀសវាងមានបញ្ហានាំឲ្យខាតបង់ដល់ទ្រព្យសម្បត្តិ៕










