តារាចម្រៀង សួ វិចិត្រ បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលមិនតិចនោះទេបន្ទាប់ពីលោកបានបង្ហោះចង់ឱ្យមច្ចុ.រាជផ្តាច់ជីវិតលោក។ ម្ចាស់ពានរូបនេះបានបង្ហើបពីទុក្ខវេទនារបស់ខ្លួននិងប្រឈមនឹងការស្រ្តេសយ៉ាងខ្លាំង។

តារាចម្រៀង សួ វិចិត្រ បានសាងភាពល្បីល្បាញតាមរយៈការច្រៀង Cover មុននឹងចូលរួមប្រកួតក្នុងកម្មវិធី Beat The Best រដូវកាលទី១ និងបានក្លាយជាម្ចាស់ពាន។ ទឹកដមសំឡេងរបស់តារាចម្រៀងរូបនេះតែងតែទទួលបានការសរសើរពីទស្សនិកជននិងអ្នកក្នុងចង្កោមសិល្បៈមិនថាបកស្រាយផ្ទាល់ឬថតសំឡេងក្នុងស្ទូឌីយ៉ូទេគឺពីរោះរណ្តំដូចគ្នា។ យ៉ាងណាមិញ ម្ចាស់ពានរូបនេះបានបង្កឱ្យទស្សនិកជនភ្ញាក់ផ្អើលបន្ទាប់ពីបង្ហោះសំណេរប្លែកៗហាក់ដូចជាលោកកំពុងប្រឈមនឹងវិបត្តិផ្លូវចិត្ត។
នៅរសៀលថ្ងៃទី១២ ខែមីនា ម្ចាស់បទ «ឯណាពាក្យស្មោះ» បានបង្ហោះថា «តើពេលណាមច្ចុរាជយកខ្ញុំទៅ តើពេលណាខ្ញុំរួចចាកផុតទុក្ខ បើក្នុងខ្លួននិងអារម្មណ៍មានតែទុក្ខវេទនាបែបនេះ»។ ការបង្ហោះនេះបានជំរុញឱ្យអ្នកគាំទ្ររបស់លោកបានផ្ញើសារផ្តល់កម្លាំងចិត្តឱ្យតស៊ូបន្តទៀតចំណែកឯអ្នកខ្លះទៀតបានបញ្ចេញមតិថាលោកសម្តែង។ មិនយូរប៉ុន្មានបន្ទាប់ពីចង់ឱ្យមច្ចុរាជផ្តាច់ជីវិត សួ វិចិត្រ បានបង្ហោះសំណេរទៀតថា «កម្លាំងចិត្តអស់ហើយនៅតែកម្លាំងកាយទេបា យមួយថ្ងៃម្ដង ១០ថ្ងៃជាងហើយ ទើបតែថ្ងៃនេះហូបបានគ្រាន់បើ។ ស្រ្តេសមិនមែនជាដំណោះស្រាយ តែឃាត់មិនបាន»។

ការបង្ហោះរបស់ សួ វិចិត្រ ម្តងហើយម្តងទៀតក្នុងន័យលោកកំពុងជួបប្រទះបញ្ហានេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនជំរុញឱ្យលោកថែរក្សាសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។
គូសបញ្ជាក់ថា ទន្ទឹមការសោកសៅរបស់ សួ វិចិត្រ អ្នកគាំទ្រក៏កត់សម្គាល់ឃើញថាម្ចាស់ពានរូបនេះខានចេញបទចម្រៀងថ្មីអស់រយៈពេលជាច្រើនខែមកហើយរហូតហ្វេនៗមួយចំនួនបានសួររកបទថ្មីរបស់លោក៕










