Home ព័ត៌មានអន្តរជាតិ ហ៊ានផ្សាយទាំងបំភ្លើស! សារព័ត៌មានថៃមួយនេះហ៊ានថាកម្ពុជាកំពុងជួបវិបត្តិប្រេងឥន្ធនៈ ហើយតម្លៃជិត៩ដុល្លារក្នុង១លីត្រ

ហ៊ានផ្សាយទាំងបំភ្លើស! សារព័ត៌មានថៃមួយនេះហ៊ានថាកម្ពុជាកំពុងជួបវិបត្តិប្រេងឥន្ធនៈ ហើយតម្លៃជិត៩ដុល្លារក្នុង១លីត្រ

11
0

តាំងពីផ្ទុះសង្គ្រា.មនៅតំបន់មជ្ឈិមបូព៌ារវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល ធ្វើឱ្យប្រទេសថៃប្រឈមវិបត្តិប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ពលរដ្ឋថៃតាមបណ្តាខេត្តសម្រុកយកធុងធំៗទៅចាក់ប្រេងតាមស្ថានីយបន្តកន្ទុយគ្នា រហូតដល់ស្ថានីយអស់ប្រេងលក់ ។ លើសពីនេះ មេដឹកនាំថៃថែមទាំងសំណូមពរឱ្យពលរដ្ឋសហការសន្សំសំចៃប្រេង កុំប្រើប្រាស់អគ្គិសនីខ្ជះខ្ជាយ ពីព្រោះស្ថានការណ៍តានតឹងនៅមជ្ឈិមបូព៌ានៅតែបន្ត ប៉ុន្តែសារព័ត៌មានថៃបែរជាផ្សព្វផ្សាយព័ត៌មានបំភ្លៃថា កម្ពុជាខ្វះខាតប្រេងទៅវិញ ។

សារព័ត៌មានថៃ Amarin News បានព្យាយាមផ្សព្វផ្សាយព័ត៌មានបំភ្លៃថា កម្ពុជាកំពុងតែជួបវិបត្តិប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរនៅតាមតំបន់ជនបទ ហើយតម្លៃប្រេងនៅកម្ពុជាអាចនឹងកើនឡើងខ្ពស់រហូតដល់៣០០បាតក្នុង១លីត្រ (ឬ ជិត៩ដុល្លារក្នុង១លីត្រ) នាថ្ងៃអនាគត ដោយសារប្រទេសនានាឈប់លក់ប្រេងឱ្យ ។ បច្ចុប្បន្ន ពលរដ្ឋកម្ពុជានៅជនបទជ្រួលច្របល់ខ្លាំងរឿងតម្លៃប្រេងកើនឡើង និងសម្រុកចាក់ប្រេងនៅតាមស្ថានីយ ។

សារព័ត៌មាន Amarin News ផ្សព្វផ្សាយថា តម្លៃប្រេងម៉ាស៊ូតនៅខេត្តបន្ទាយមានជ័យ កំពង់ធំ និងកំពង់ចាម បានកើនឡើងពីតម្លៃចាស់៣,០០០រៀលក្នុង១លីត្រ រហូតដល់៤,៤០០រៀលក្នុង១លីត្រ ខណៈតម្លៃប្រេងសាំងកើនឡើងរហូតដល់៥,១៥០រៀលក្នុង១លីត្រ ។ សារព័ត៌មាននេះថែមទាំងផ្សាយបំភ្លៃទៀតថា កម្ពុជាមិនអាចគ្រប់គ្រងតម្លៃប្រេងឥន្ធនៈនៅប្រទេសខ្លួន ហើយវិបត្តិប្រេងឥន្ធនៈទើបតែចាប់ផ្តើម នៅថ្ងៃមុខ កម្ពុជានឹងជួបវិបត្តិកាន់តែខ្លាំង ដោយសារថៃ ចិន សិង្ហបុរី និងវៀតណាម ឈប់លក់ប្រេងឱ្យ ។

សារព័ត៌មាននេះបានដកស្រង់ការវិភាគរបស់លោក ថៃកន ផុនសុវណ្ណ មន្ត្រីគណៈកម្មការការពារការបោកប្រាស់ពលរដ្ឋនៅប្រទេសថៃថា តម្លៃប្រេងនៅកម្ពុជាអាចនឹងកើនឡើងខ្ពស់រហូតដល់៣០០បាតក្នុង១លីត្រនៅថ្ងៃអនាគត ។

លោក ថៃកន និយាយថា ប្រទេសនានាបញ្ឈប់ការនាំចេញប្រេងទៅកាន់ប្រទេសទី៣ ដូចជា ៖ រដ្ឋាភិបាលចិនបានបញ្ជាឱ្យក្រុមហ៊ុនប្រេងចិនដ៏ធំផ្អាកការនាំចេញ រីឯសិង្ហបុរីគ្មានស្ថានីយបូមប្រេងដោយខ្លួនឯង ប៉ុន្តែអាចនាំចេញប្រេងដោយសារសិង្ហបុរីមានកន្លែងស្តុកប្រេង ហើយអតិថិជនសំខាន់របស់សិង្ហបុរីក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺកម្ពុជា បន្ទាប់ពីកម្ពុជាឈប់ទិញប្រេងថៃ ។ បច្ចុប្បន្ន សិង្ហបុរីគ្មានប្រេងលក់ឱ្យកម្ពុជាទេ ធ្វើឱ្យកម្ពុជាជ្រួលច្របល់ដោយសារគ្មានប្រេង ទើបតម្លៃប្រេងនៅកម្ពុជាអាចកើនឡើងដល់៣០០បាតក្នុង១លីត្រនាថ្ងៃអនាគត បណ្តាលឱ្យប៉ះពាល់ការដឹកជញ្ជូន និងប៉ះពាល់គ្រប់ផ្នែក ។

សារព័ត៌មាន Amarin News បានលើកជាចម្ងល់ ប្រសិនបើកម្ពុជាមានប្រេងប្រើប្រាស់គ្រប់គ្រាន់ ហេតុអ្វីនៅតាមតំបន់ជនបទផ្សេងៗបង្ហោះរូបភាពលរដ្ឋសម្រុកទៅចាក់ប្រេងតាមស្ថានីយ ។ បើតាមរូបភាពនេះអាចឱ្យប្រទេសថៃសន្និដ្ឋានថា កម្ពុជាកំពុងខ្វះខាតប្រេងប្រើប្រាស់ ប៉ុន្តែលាក់បាំង ។

គួរបញ្ជាក់ថា ប្រទេសដែលកំពុងតែមានវិបត្តិប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ គឺជាប្រទេសថៃខ្លួនឯង សង្គ្រាមនៅមជ្ឈិមបូព៌ាបានប៉ះពាល់សេដ្ឋកិច្ចថៃដោយផ្ទាល់ រហូតដល់នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul សំណូមពរឱ្យពលរដ្ឋជួយសន្សំសំចៃប្រេង ពីព្រោះថៃមានប្រេងក្នុងស្តុកត្រឹមតែ៨,០៥៥លានលីត្រប៉ុណ្ណោះ ។ ពលរដ្ឋថៃនៅតាមបណ្តាខេត្តបានសម្រុកយកធុងធំៗទៅចាក់ប្រេងតាមស្ថានីយមកស្តុកទុក ពីព្រោះតម្លៃប្រេងកើនឡើងខ្ពស់ ដែលធ្វើឱ្យស្ថានីយប្រេងតាមខេត្តរបស់ថៃបិទទ្វារជាបន្តបន្ទាប់ ដោយសារគ្មានប្រេងលក់ ។

ប៉ុន្តែលោក Anutin បានច្រានចោលព័ត៌មានពលរដ្ឋរបស់ខ្លួនសម្រុកស្តុកប្រេងយ៉ាងច្រើនសន្ធឹកសន្ទាប់ ដោយលោកថា គ្មានពលរដ្ឋថៃណាស្តុកប្រេងនោះទេ ។ ទោះយ៉ាងណា ការពិតនៅតែជាការពិត ប្រទេសថៃខ្វះខាតប្រេងពិតមែន បើមិនខ្វះខាត មិនមែនពលរដ្ឋថៃបន្តកន្ទុយគ្នាយកធុងធំៗទៅចាក់ប្រេងនោះទេ ។

ចំណែកកម្ពុជានៅមិនទាន់ជួបស្ថានភាពខ្វះខាតប្រេងផ្គត់ផ្គង់នៅឡើយ ប្រេងបម្រុងរបស់កម្ពុជានៅតែរក្សាបានរយៈពេល២១ថ្ងៃ ។ បច្ចុប្បន្ន កម្ពុជានាំចូលប្រេងរាល់ថ្ងៃធម្មតាដើម្បីបំពេញប្រេងក្នុងស្តុក គ្រាន់តែប្រេងដែលនាំចូលកម្ពុជានាពេលថ្មីៗនេះ មានតម្លៃខ្ពស់ជាងមុន ៕