សង្គ្រា.មនៅមជ្ឈិមបូព៌ាកំពុងជះឥទ្ធិពលអវិជ្ជមានមកលើតំបន់អឺរ៉ុប និងអាស៊ី គឺតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់រហូតដល់១០០ដុល្លារក្នុង១បារ៉ែលកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ នៅថ្ងៃដដែលនេះ មេដឹកនាំរុស្ស៊ីប្រកាសផ្គត់ផ្គង់ប្រេង និងឧស្ម័នទៅឱ្យប្រទេសនានានៅតំបន់អឺរ៉ុប ដែលកំពុងទទួលរងវិបត្តិថាមពល ។ រុស្ស៊ីធ្លាប់លក់ប្រេង និងឧស្ម័នឱ្យអាល្លឺម៉ង់ រួមទាំងប្រទេសផ្សេងៗនៅអឺរ៉ុបអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែដោយសារសង្គ្រា.មនៅអ៊ុយក្រែនកាលពីឆ្នាំ២០២២ ធ្វើឱ្យឧស្សាហកម្មប្រេង និងឧស្ម័នរុស្ស៊ីរងការដាក់ទណ្ឌកម្មពីសហភាពអឺរ៉ុប ។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃទី៩ ខែមីនា ថា សង្គ្រាមរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល បណ្តាលឱ្យមានវិបត្តិថាមពលនៅលើពិភពលោក ហើយលោកបានដាស់តឿនពីការផលិតប្រេងដែលពឹងផ្អែកលើការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz នឹងត្រូវរាំងស្ទះទាំងស្រុងក្នុងរយៈពេលដ៏ខ្លី ។ រុស្ស៊ីជាប្រទេសនាំចេញប្រេងលំដាប់ទី២ លើពិភពលោក និងមានឧស្ម័នធម្មជាតិបម្រុងទុកច្រើនបំផុត យើងរីករាយក្នុងការលក់ប្រេង និងឧស្ម័នឱ្យប្រទេសនានានៅអឺរ៉ុប ប្រសិនបើប្រទេសទាំងនោះយល់ព្រមសហការយូរអង្វែង ។.jpg)
បណ្តាប្រទេសលោកខាងលិចបានកាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ីអស់រយៈពេល៤ឆ្នាំ ដើម្បីប្រឆាំងនឹងរុស្ស៊ីធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ខណៈសហភាពអឺរ៉ុប (EU) និងក្រុមប្រទេសឧស្សាហកម្មឈានមុខ (G7) បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ី ។ ការបាត់បង់ទីផ្សារអឺរ៉ុបធ្វើឱ្យរុស្ស៊ីបាត់បង់ប្រាក់ចំណូលច្រើនបំផុត ព្រមទាំងបង្ខំឱ្យរុស្ស៊ីយល់ព្រមលក់ប្រេង និងឧស្ម័នក្នុងតម្លៃថោកទៅឱ្យប្រទេសនៅអាស៊ី ។
ក្នុងកិច្ចប្រជុំផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ជាមួយមន្ត្រីរដ្ឋាភិបាល ព្រមទាំងប្រធានក្រុមហ៊ុនផលិតប្រេង និងឧស្ម័នឈានមុខនៅរុស្ស៊ី លោក Putin និយាយថា រុស្ស៊ីបានដាស់តឿនជាច្រើនលើកអំពីវិបត្តិថាមពលដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ានឹងប៉ះពាល់សេដ្ឋកិច្ចពិភពលោកយ៉ាងខ្លាំង ហើយហេតុការណ៍នេះក៏កើតឡើងពិតមែននាពេលបច្ចុប្បន្ន ។
កាលពីថ្ងៃទី៩ ខែមីនា តម្លៃប្រេងបានកើនឡើងរហូតដល់១០០ដុល្លារក្នុង១បារ៉ែល ដែលជាតម្លៃខ្ពស់បំផុតចាប់ពីឆ្នាំ២០២២ ដោយសារច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់ស្មើ១ភាគ ក្នុងចំណោម៥ភាគលើពិភពលោក ត្រូវបានបិទដោយសារសង្គ្រាមរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល ។ វាធ្វើឱ្យការដឹកជញ្ជូនប្រេងឆ្លងកាត់ច្រកនេះនឹងផ្អាកដំណើរការនៅខែមេសា ការផលិតប្រេងចាប់ផ្តើមធ្លាក់ចុះ និងមិនអាចដឹកជញ្ជូនក្នុងតំបន់បានទេ ប្រសិនបើដឹកបាន ក៏ចំណាយដើមទុនខ្ពស់ដែរ ។
ក្រុមហ៊ុនរុស្ស៊ីគួរទាញយកផលប្រយោជន៍ពីស្ថានការណ៍សង្គ្រាមនៅមជ្ឈិមបូព៌ាបច្ចុប្បន្ន បើទោះជាតម្លៃប្រេងកើនឡើងបណ្តោះអាសន្នក៏ដោយ ដោយសារប្រាក់ចំណូលពីប្រេង និងឧស្ម័ន គឺស្មើ១ ក្នុងចំណោម៤ នៃប្រាក់ចំណូលសរុបរបស់រដ្ឋាភិបាលរុស្ស៊ី ។ ក្រុមប្រទេស G7 ប្រកាសកាលពីថ្ងៃទី៩ ខែមីនា ថា នឹងអនុវត្តវិធានការចាំបាច់ដើម្បីដោះស្រាយតម្លៃប្រេងកើនឡើងខ្ពស់លើពិភពលោក ប៉ុន្តែមិនបានសន្យាបញ្ចេញប្រេងក្នុងស្តុកបន្ទាន់ទេ ។ ដូច្នេះ យើងរីករាយលក់ប្រេង និងឧស្ម័នឱ្យតំបន់អឺរ៉ុប ប៉ុន្តែចង់ឱ្យពួកគេសហការយូរអង្វែង ។ នេះបើតាមការលើកឡើងរបស់លោក Putin ។
គួរបញ្ជាក់ថា មុនពេលកើតសង្គ្រាមនៅអ៊ុយក្រែន ប្រទេសនានានៅអឺរ៉ុបបានទិញឧស្ម័នរុស្ស៊ី ស្មើជាង៤០% ប៉ុន្តែនៅឆ្នាំ២០២៥ ចំនួនលក់ឧស្ម័នធម្មជាតិរាវ (LNG) របស់រុស្ស៊ីទៅកាន់តំបន់អឺរ៉ុប ស្មើត្រឹមតែ១៣% ប៉ុណ្ណោះ ដោយសារអឺរ៉ុបប្រឆាំងរុស្ស៊ីធ្វើសង្គ្រាមជាមួយអ៊ុយក្រែន តាំងពីពេលនោះមក រុស្ស៊ីក៏លក់ប្រេងឱ្យប្រទេសផ្សេងវិញ ដូចជា ៖ ឥណ្ឌា តួកគី និងចិន ៕










