នារីមា្នក់ដែលបង្ហាញការខកចិត្តរបស់ខ្លួនបង្ហោះនៅលើបណ្តាញសង្គមទិកតុកទាក់ទងនឹងអ្នកបើកបរកង់បីដែលមានក្លិនខ្លួនបង្កឱ្យមានមតិវែកញែកបែកខ្ទិះ។ យ៉ាងណាមិញ ផ្ទុយពីមតិភាគច្រើនដែលរិះគន់យុវតីនោះតារាចម្រៀង ចំរើន សុភ័ក្រ្ត បានចេញមុខនិយាយថាអ្នកបើកបរគួរតែមានក្លិនខ្លួនល្អហើយការនិយាយនេះរូបនាងបញ្ជាក់ថាមិនមែនជារើសអើង។

ដូចប្រិយមិត្តជ្រាបមកហើយថា អ្នកបើកបរ និង យុវតីម្នាក់ដែលបង្ហោះនៅលើបណ្តាញសង្គមទាក់ទងនឹងក្លិនដូចខ្ទឹមនិងទឹកអប់ជំនាងផ្ទះបានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំង និងមានការចែករំលែកជាច្រើនរហូតដល់យុវតីរូបនេះបានចេញវីដេអូសូមទោសនិងបញ្ជាក់ពីពេលវេលាថានាងជិះនៅពេលព្រឹក។ 
ក្រោយពីរឿងនេះរីកសាយភាយនៅលើបណ្តាញសង្គមតារាចម្រៀង ចំរើន សុភ័ក្រ្ត ម្ចាស់ពាន The Mask Singer Cambodia បានចែករំលែកនៅលើបណ្តាញសង្គមកាលពីថ្ងៃទី៨ ខែមីនា ថា «ខ្ញុំដឹងថាខ្ញុំស៊ែរនេះ ដឹងតែមាន អ្នកជេរខ្ញុំដែរហើយ សមេ ទទួលស្គាល់ថាវិឌីអូនេះដូចជារើសអើងតិច (តែ) ក្នុងនាមយើងជាអ្នកបំរើសេវាកម្មជូនភ្ញៀវ មិនមែនត្រឹមតែ ភ្ញៀវខ្មែរទេ ពេលខ្លះក៏មានភ្ញៀវបរទេសដែរ សាកស្រមៃ មើលថាបែបណា ចឹងកន្លែងណាយើងអាចកែបានកែ ខ្លះទៅ»។
ម្ចាស់បទ «ម៉ែ» បានបញ្ជាក់យ៉ាងច្បាស់លាស់ថា នាងមិនបានរើសអើងនោះទេ ព្រោះនាងក៏មានសាច់ញាតិបងប្អូនជាអ្នករត់ដែរ។ ការលើកឡើងរបស់តារាចម្រៀង ចំរើន សុភ័ក្រ្ត ក៏មានអ្នកមួយចំនួនបង្ហាញការយល់ស្របផងដែរ៕










