ក្រុមប្រទេសឧស្សាហកម្មឈានមុខ (G7) ប្រកាសបើកកិច្ចប្រជុំពិភាក្សាគ្នាបន្ទាន់នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ស្តីពីការបញ្ចេញប្រេងឥន្ធនៈក្នុងស្តុកដើម្បីដោះស្រាយបញ្ហាតម្លៃប្រេងលើពិភពលោកកើនឡើងខ្ពស់យ៉ាងឆាប់រហ័ស ដែលបណ្តាលមកពីសង្គ្រា.មនៅអ៊ីរ៉ង់ឡើងកំដៅខ្លាំងបង្កឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសនានា ។.jpg)
ក្រុមប្រទេស G7 ប្រកាសរៀបចំកិច្ចប្រជុំបន្ទាន់ដើម្បីដោះស្រាយបញ្ហាតម្លៃប្រេងឆៅ Brent កើនឡើងខ្ពស់លើពិភពលោក រហូតដល់ជាង១០០ដុល្លារក្នុង១បារ៉ែល បន្ទាប់ពីសង្គ្រាមរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែលឡើងកំដៅខ្លាំង រហូតដល់អ៊ីរ៉ង់ប្រកាសបិទច្រកសមុទ្រ Hormuz មិនឱ្យនាវាដឹកប្រេងរបស់ប្រទេសនានាឆ្លងកាត់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី៩ ខែមីនា ។
.jpg)
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុមកពីក្រុមប្រទេស G7 ប្រកាសរៀបចំកិច្ចប្រជុំបន្ទាន់នៅថ្ងៃទី៩ ខែមីនា ដើម្បីពិភាក្សាពីផលប៉ះពាល់សេដ្ឋកិច្ច និងស្វែងរកវិធានការដោះស្រាយតម្លៃប្រេងកើនឡើងយ៉ាងឆាប់រហ័ស ដែលកិច្ចប្រជុំនេះ គឺបន្ទាប់ពីតម្លៃប្រេងឆៅ Brent លើពិភពលោក កើនឡើងរហូតដល់ជាង១០០ដុល្លារក្នុង១បារ៉ែល ស្របពេលស្ថានការណ៍សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ារីករាលដាលខ្លាំង ។
តម្លៃប្រេងឆៅ Brent នៅតំបន់អាស៊ីបានកើនឡើងជាង២៥% កាលពីព្រឹកថ្ងៃទី៩ ខែមីនា គឺស្មើ១១៩.៥០ដុល្លារក្នុង១បារ៉ែល បន្ទាប់មក វាធ្លាក់ចុះបន្តិចមកនៅត្រឹម១០៩ដុល្លារក្នុង១បារ៉ែល រីឯតម្លៃប្រេងឆៅ WTI របស់អាមេរិកកើនឡើងស្មើ១០៤ដុល្លារក្នុង១បារ៉ែល ។ តម្លៃប្រេងកើនឡើងនេះដោយសារការបារម្ភពីច្រកសមុទ្រ Hormuz គឺជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់លើពិភពលោក ត្រូវបានបិទភ្លាមៗតាំងពីកើតសង្គ្រាមនៅអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ។
ក្នុងកិច្ចប្រជុំរបស់ក្រុមប្រទេស G7 ដែលរួមមាន ៖ សហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន កាណាដា និងសហភាពអឺរ៉ុប (EU) គឺពិភាក្សាគ្នាពីការបញ្ចេញប្រេងក្នុងស្តុកតាមផែនការយុទ្ធសាស្ត្ររួមគ្នា ដែលស្ថិតក្រោមការសម្របសម្រួលរបស់ភ្នាក់ងារថាមពលអន្តរជាតិ (IEA) ដើម្បីរក្សាស្ថិរភាពតម្លៃប្រេងឱ្យមិនប៉ះពាល់អាជីវកម្ម និងពលរដ្ឋលើពិភពលោក ។
គួរបញ្ជាក់ថា សង្គ្រាមនៅអ៊ីរ៉ង់បានឡើងកំដៅកាន់តែខ្លាំងពេលអ៊ីរ៉ង់តែងតាំងលោក Mojtaba Khamenei ជាមេដឹកនាំថ្មីបន្តតំណែងពីឪពុក គឺលោក Ayatollah Ali Khamenei ។ នេះជាការបបង្ហាញពីរបបគ្រប់គ្រងប្រទេសចាស់មិនបាត់បង់ ខណៈកងទ័ពអាមេរិក និងអ៊ីស្រាអែលនៅតែបន្តវាយប្រហារតាមផ្លូវអាកាសកំទេចឃ្លាំងស្តុកប្រេងជាច្រើនកន្លែងនៅទីក្រុងតេហេរ៉ង់ ។
.jpg)
ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហោះសារក្នុងបណ្តាញសង្គម Truth Social ថា តម្លៃប្រេងកើនឡើងក្នុងរយៈពេលខ្លី គឺកើនឡើងតិចតួចប៉ុណ្ណោះ បើប្រៀបធៀបជាមួយសុវត្ថិភាព និងសន្តិភាពលើពិភពលោករងការគំរាមកំហែងពីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលអាមេរិកត្រូវតែកម្ចាត់ ។ រីឯរដ្ឋមន្ត្រីក្រសួងថាមពលអាមេរិកបញ្ជាក់ថា អ៊ីស្រាអែលជាអ្នកសម្រេចចិត្តវាយប្រហារឃ្លាំងស្តុកប្រេងនៅប្រទេសអ៊ីរ៉ង់ មិនមែនអាមេរិកទេ ស្របពេលពលរដ្ឋអាមេរិកបារម្ភពីតម្លៃប្រេងកើនឡើងជាបន្តបន្ទាប់បណ្តាលមកពីសង្គ្រាម ។
ចំណែករដ្ឋាភិបាលប្រទេសនានាក្នុងតំបន់អាស៊ីបានប្រឹងប្រែងរកវិធានការកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចដោយសារសង្គ្រាមនៅអ៊ីរ៉ង់ និងកាត់បន្ថយការចំណាយលើតម្លៃប្រេងរបស់ពលរដ្ឋ ដោយសារតម្លៃប្រេងលើពិភពលោកកើនឡើងបន្ទាប់ពីកន្លែងផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ារងការរគំរាមកំហែង ដូចជា ៖ ហ្វីលីពីនបានកាត់បន្ថយថ្ងៃធ្វើការពលរដ្ឋមកត្រឹមតែ៤ថ្ងៃក្នុង១សប្តាហ៍ ខណៈថៃកំពុងពិចារណាធ្វើការពីផ្ទះ (Work from Home) ដើម្បីកាត់បន្ថយការចំណាយលើប្រេង ៕










