ស្របពេលស្ថានការណ៍ជម្លោះនៅតំបន់មជ្ឈិមបូព៌ាតានតឹងខ្លាំង លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី ក៏បានទូរស័ព្ទទៅកាន់ប្រធានាធិបតីអ៊ីរ៉ង់កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ដោយអំពាវនាវឱ្យបញ្ចប់សង្គ្រា.មត្រឹមនេះ និងឱ្យគ្រប់ភាគីជម្លោះងាកមកចរចាគ្នា ។ ទន្ទឹមនឹងការអំពាវនាវនេះ ក៏មានសេចក្តីរាយការណ៍ថា រុស្ស៊ីកំពុងតែផ្តល់ទិន្នន័យសម្ងាត់ទៅឱ្យអ៊ីរ៉ង់អំពីទីតាំងឈរជើងរបស់កងទ័ពជើងគោក កងទ័ពជើងទឹក និងយន្តហោះចម្បាំងរបស់អាមេរិក ដើម្បីឱ្យអ៊ីរ៉ង់វាយប្រ.ហារចំៗគោលដៅ ។
លោក Putin បានទូរស័ព្ទទៅប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃទី៦ ខែមីនា ដើម្បីបង្ហាញការសោកស្តាយចំពោះការបាត់បង់ជីវិតរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei និងពលរដ្ឋអ៊ីរ៉ង់ជាច្រើននាក់ដោយសារការវាយប្រ.ហារពីសំណាក់អាមេរិក និងអ៊ីស្រាអែល ដោយប្រធានាធិបតីរុស្ស៊ីអំពាវនាវឱ្យឈប់ប្រើប្រាស់កម្លាំងកងទ័ព និងងាកមកចរចាគ្នា ។ នេះបើតាមការលើកឡើងរបស់វិមានប្រធានាធិបតីរុស្ស៊ី ។
ពេលជជែកគ្នា លោក Putin បានបង្ហាញការសោកស្តាយចំពោះការបាត់បង់ជីវិតរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei រួមទាំងសមាជិកក្រុមគ្រួសារមេដឹកនាំ, មន្ត្រីសំខាន់ៗក្នុងជួរកងទ័ព, អ្នកនយោបាយ និងពលរដ្ឋអ៊ីរ៉ង់ជាច្រើននាក់ ដោយសារការវាយប្រហារពីសំណាក់អាមេរិក និងអ៊ីស្រាអែល ។ មេដឹកនាំរុស្ស៊ីបានបង្ហាញពីគោលជំហររបស់ខ្លួនដោយអំពាវនាវឱ្យបញ្ចប់សង្គ្រាមត្រឹមនេះ និងមិនគួរធ្វើប្រតិបត្តិកងទ័ពដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងអ៊ីរ៉ង់ ឬស្ថានការណ៍នៅមជ្ឈិមបូព៌ាទេ ហើយលោកក៏អំពាវនាវឱ្យគ្រប់ភាគីជម្លោះងាកមកចរចានាពេលឆាប់ៗ ។

ចំណែកប្រធានាធិបតីអ៊ីរ៉ង់ លោក Pezeshkian បានអរគុណរុស្ស៊ីដែលបង្ហាញគោលជំហរគាំទ្រពលរដ្ឋអ៊ីរ៉ង់ក្នុងការការពារអធិបតេយ្យ និងឯករាជ្យប្រទេសអ៊ីរ៉ង់ ព្រមទាំងរៀបរាប់ពីស្ថានការណ៍សង្គ្រាមនៅពេលចុងក្រោយទៅកាន់លោក Putin ។ ភាគីទាំងពីរឯកភាពរក្សាទំនាក់ទំនង និងសម្របសម្រួលតាមរយៈបណ្តាញទំនាក់ទំនងផ្សេងៗ ស្របពេលភាពតានតឹងកំពុងតែកើនឡើងនៅតំបន់មជ្ឈិមបូព៌ា ។
.jpg)
គួរបញ្ជាក់ថា នេះជាការទូរស័ព្ទលើកដំបូងទៅកាន់អ៊ីរ៉ង់របស់មេដឹកនាំរុស្ស៊ី បើគិតតាំងពីកើតសង្គ្រាមនៅអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងមក ។ ការបង្ហាញគោលជំហររបស់រុស្ស៊ី ស្របពេលមានសេចក្តីរាយការណ៍ថា រុស្ស៊ីកំពុងតែផ្តល់ទិន្នន័យសម្ងាត់ទៅឱ្យអ៊ីរ៉ង់ អំពីទីតាំងឈរជើងរបស់កងទ័ពជើងគោក កងទ័ពជើងទឹក និងយន្តហោះចម្បាំងរបស់អាមេរិក ហើយទិន្នន័យសម្ងាត់ភាគច្រើនដែលរុស្ស៊ីផ្តល់ឱ្យអ៊ីរ៉ង់ គឺរូបភាពពីផ្កាយរណប ដើម្បីឱ្យអ៊ីរ៉ង់វាយប្រហារចំគោលដៅកងទ័ពអាមេរិកនៅមជ្ឈិមបូព៌ា ។.jpg)
តាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិក Washington Post កាលពីថ្ងៃទី៦ ខែមីនា រុស្ស៊ីបានផ្តល់ទិន្នន័យសម្ងាត់ទៅឱ្យអ៊ីរ៉ង់អំពីទីតាំងឈរជើងកងទ័ព និងសព្វាវុធផ្សេងៗរបស់អាមេរិកនៅមជ្ឈិមបូព៌ា ដើម្បីឱ្យអ៊ីរ៉ង់វាយប្រហារចំៗគោលដៅ ប៉ុន្តែអ៊ីរ៉ង់ពិបាកស្វែងរកទីតាំងកងទ័ពអាមេរិក ព្រោះតែអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារទីកន្លែងសំខាន់ៗនៅទីក្រុងតេហេរ៉ង់ ៕










