តម្លៃប្រេងឥន្ធនៈនៅលើពិភពលោក រួមទាំងតំបន់អាស៊ីអាគ្នេយ៍ នឹងហក់ឡើងខ្ពស់ដោយសារអ៊ីរ៉ង់ប្រកាសបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់ ។ ប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងតែព្រួយបារម្ភពីការខ្វះខាតប្រេងប្រើប្រាស់ រួមទាំងហ្វីលីពីនផងដែរបានកំណត់វិធានការភ្លាមៗដើម្បីប្រើប្រាស់ប្រេងដោយសន្សំសំចៃ ស្របពេលស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាកំពុងតែតានតឹងខ្លាំង ។

មេដឹកនាំហ្វីលីពីនបានកែសម្រួលពេលវេលាធ្វើការរបស់មន្ត្រីរាជការនៅទូទាំងប្រទេស ដោយកំណត់ឱ្យធ្វើការត្រឹមតែ៤ថ្ងៃប៉ុណ្ណោះក្នុង១សប្តាហ៍ ព្រមទាំងកំណត់វិធានការផ្សេងៗដើម្បីសន្សំសំចៃការប្រើប្រាស់ថាមពល និងកាត់បន្ថយសកម្មភាពទាំងឡាយណាដែលមិនចាំបាច់ បន្ទាប់ពីអ៊ីរ៉ង់ប្រកាសបិទច្រកសមុទ្រ Hormuz ដើម្បីសងសឹកនឹងការវាយប្រហារពីអាមេរិក និងអ៊ីស្រាអែល ដែលការបិទច្រកជំរុញឱ្យតម្លៃប្រេងលើពិភពលោកហក់ឡើងខ្ពស់ និងប៉ះពាល់សេដ្ឋកិច្ចប្រទេសនានា ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ។

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានប្រកាសពីការកាត់បន្ថយពេលវេលាធ្វើការរបស់មន្ត្រីរាជការនៅទូទាំងប្រទេស គឺធ្វើការត្រឹមតែ៤ថ្ងៃក្នុង១សប្តាហ៍ អនុវត្តចាប់ពីថ្ងៃទី៩ ខែមីនា តទៅ ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងឡើងកំដៅខ្លាំង ដោយសារអាមេរិករួមដៃគ្នាជាមួយអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ។
.jpg)
លោក Marcos និយាយថា ការបិទច្រកសមុទ្រ Hormuz បានប៉ះពាល់ដោយផ្ទាល់ដល់តម្លៃថាមពលនៅប្រទេសហ្វីលីពីន ហើយនៅសប្តាហ៍ទី២ ខែមីនា តម្លៃប្រេងនឹងហក់ឡើងខ្លាំងបន្ថែមទៀត ។ ក្រៅពីកាត់បន្ថយពេលវេលាធ្វើការរបស់មន្ត្រីរាជការ លោកក៏បញ្ជាឱ្យស្ថាប័នរដ្ឋទាំងអស់កាត់បន្ថយការប្រើប្រាស់អគ្គិសនីចាប់ពី១០% ទៅ២០% និងលុបចោលសកម្មភាពមិនចាំបាច់ ថែមទាំងកំណត់ឱ្យរៀបចំកិច្ចប្រជុំផ្សេងៗតាមអនឡាញ ។

ក្រៅពីនេះ លោកគ្រោងស្នើទៅកាន់សភាឱ្យកាត់បន្ថយពន្ធប្រេង ប្រសិនបើតម្លៃប្រេងឆៅលើពិភពលោកកើនឡើងលើស៨០ដុល្លារក្នុងបារ៉ែល ព្រមទាំងត្រៀមស្វែងរកថវិកាសម្រាប់ឧបត្ថម្ភធុនប្រេង និងផ្តល់ទៅឱ្យអ្នករងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ។
គួរបញ្ជាក់ថា ប្រទេសហ្វីលីពីនពឹងផ្អែកខ្លាំងលើការនាំចូលប្រេងឆៅពីមជ្ឈិមបូព៌ា ហើយហ្វីលីពីនក៏មានរោងចក្រថាមពលជាច្រើនដែលប្រើប្រាស់ប្រេងឥន្ធនៈហ្វូស៊ីល ។ សង្គ្រាមបានគំរាមកំហែងសុវត្ថិភាព និងប៉ះពាល់ដល់ការងាររបស់ពលករហ្វីលីពីនជាង២លាននាក់ ដែលកំពុងធ្វើការនៅតំបន់មជ្ឈិមបូព៌ាផងដែរ ៕









