សហរដ្ឋអាមេរិក និងរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសវេណេស៊ុយអេឡា បានព្រមព្រៀងគ្នាកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ដើម្បីស្តារទំនាក់ទំនងការទូត និងកុងស៊ុលឡើងវិញយ៉ាងពេញលេញដើម្បីស្តារសេដ្ឋកិច្ច និងលើកកម្ពស់ស្ថិរភាព បន្ទាប់ពីប្រទេសទាំងពីរមានភាពតានតឹងនយោបាយអស់រយៈពេលជាច្រើនឆ្នាំ ដោយសារការផ្តាច់ទំនាក់ទំនងការទូតតាំងពីឆ្នាំ២០១៩ ។
.jpg)
កាលពីថ្ងៃទី៥ ខែមីនា ក្រសួងការបរទេសអាមេរិកប្រកាសថា អាមេរិក និងរដ្ឋាភិបាលបណ្តោះអាសន្នវេណេស៊ុយអេឡា បានព្រមព្រៀងគ្នាស្តារទំនាក់ទំនងការទូត និងកុងស៊ុលឡើងវិញ ។ វេណេស៊ុយអេឡាបានផ្តាច់ទំនាក់ទំនងការទូតជាមួយអាមេរិកតាំងពីខែមករា ឆ្នាំ២០១៩ មកម៉្លេះ ក្រោមហេតុផលអាមេរិកជ្រៀតជ្រៀតកិច្ចការផ្ទៃក្នុងរបស់វេណេស៊ុយអេឡាជាបន្តបន្ទាប់ ជាហេតុធ្វើឱ្យឈានទៅដកមន្ត្រីទូតទាំងអស់ចេញពីស្ថានទូតអាមេរិកនៅវេណេស៊ុយអេឡា នាខែមីនា ឆ្នាំ២០១៩ ។
នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា ការស្តារទំនាក់ទំនងឡើងវិញនេះ នឹងជួយសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីស្តារសេដ្ឋកិច្ច លើកកម្ពស់ស្ថិរភាព និងជំរុញការផ្សះផ្សានយោបាយនៅក្នុងប្រទេសវេណេស៊ុយអេឡា ។
កងកម្លាំងអាមេរិកបានបើកការវាយប្រហារវេណេស៊ុយអេឡាទ្រង់ទ្រាយធំ ព្រមទាំងចាប់ខ្លួនអតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និងភរិយា បញ្ជូនទៅអាមេរិកកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ។ បន្ទាប់មក នៅថ្ងៃទី៣១ ខែមករា គណៈប្រតិភូការទូតអាមេរិកក៏បានធ្វើដំណើរទៅទីក្រុង Caracas របស់វេណេស៊ុយអេឡា ដើម្បីស្តារឡើងវិញនូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។
.jpg)
ចំណែករដ្ឋាភិបាលវេណេស៊ុយអេឡាបញ្ជាក់ថា បានសម្រេចស្តារទំនាក់ទំនងការទូត និងកុងស៊ុលជាមួយអាមេរិកម្តងទៀត បន្ទាប់ពីប្រទេសទាំងពីរបានចរចាការទូតជាបន្តបន្ទាប់ ហើយក៏ឯកភាពគ្នាស្តារទំនាក់ទំនងការទូត ។ យើងនឹងឈានទៅទំនាក់ទំនងទ្វេភាគីក្រោមគោលការណ៍គោរពគ្នាទៅវិញទៅមក, គោរពអធិបតេយ្យ និងកិច្ចសហការរវាងពលរដ្ឋ ។
.jpg)
ការស្តារទំនាក់ទំនងការទូតឡើងវិញនេះ ត្រូវបានគេមើលឃើញថា គឺជាចំណុចរបត់សំខាន់មួយនៃទំនាក់ទំនងរវាងអាមេរិក និងវេណេស៊ុយអេឡា ចាប់តាំងពីប្រទេសទាំងពីរបានផ្តាច់ទំនាក់ទំនងជាមួយគ្នាចាប់តាំងពីឆ្នាំ២០១៩ ។
គួរបញ្ជាក់ថា ក្រោយពីកងកម្លាំងអាមេរិកចាប់ខ្លួនអតីតប្រធានាធិបតីវេណេស៊ុយអេឡា តុលាការកំពូលវេណេស៊ុយអេឡាបានសម្រេចតែងតាំងលោកស្រី Delcy Rodríguez ឱ្យកាន់តំណែងជាប្រធានាធិបតីស្តីទី ។ បន្ទាប់មក លោកស្រីក៏ចាប់ផ្តើមបើកការចរចាជាមួយរដ្ឋាភិបាលអាមេរិកដើម្បីស្តារទំនាក់ទំនង ខណៈស្ថានទូតអាមេរិកនៅទីក្រុង Caracas ដែលបានបិទទ្វារតាំងពីឆ្នាំ២០១៩ ក៏បានបើកដំណើរការឡើងវិញ ៕










