Home ព័ត៌មានអន្តរជាតិ ចិននឹងបញ្ជូនបេសកជនពិសេសទៅជួយពន្លត់ភ្លើងសង្គ្រា.មនៅតំបន់មជ្ឈិមបូព៌ាឆាប់ៗនេះ

ចិននឹងបញ្ជូនបេសកជនពិសេសទៅជួយពន្លត់ភ្លើងសង្គ្រា.មនៅតំបន់មជ្ឈិមបូព៌ាឆាប់ៗនេះ

14
0

ឆាប់ៗនេះ ចិននឹងបញ្ជូនបេសកជនពិសេស១រូបទៅកាន់តំបន់មជ្ឈិមបូព៌ាដើម្បីប្រើប្រាស់វិធីការទូតត្រជាក់ពន្លត់ភ្លើងសង្គ្រា.មដែលកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅ ។ ការប្រកាសបញ្ជូនបេសកជនពិសេសចិនទៅកាន់តំបន់ដ៏ក្តៅគគុក មិនមែនគ្រាន់តែជាការទូតធម្មតានោះទេ ប៉ុន្តែគឺជាការបោះជំហ៊ានបំពេញតួនាទីជាអ្នកពន្លត់ភ្លើងក្នុងយុទ្ធសាស្ត្រដែលចិនធ្លាប់ទទួលបានជោគជ័យកន្លងមក ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Reuters កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេសចិននឹងបញ្ជូនបេសកជនពិសេសបម្រើការងារផ្នែកមជ្ឈិមបូព៌ា លោក Zhai Jun ទៅកាន់តំបន់មជ្ឈិមបូព៌ានាពេលឆាប់ៗនេះ ដើម្បីពន្លត់ភ្លើងសង្គ្រាមដែលកំពុងតែឡើងកំដៅយ៉ាងខ្លាំង បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់ ។

អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Mao Ning បាននិយាយពេលធ្វើសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ចិននឹងបញ្ជូនបេសកជនពិសេស លោក Zhai Jun ទៅកាន់តំបន់មជ្ឈិមបូព៌ាដើម្បីជួយសម្របសម្រួលកាត់បន្ថយស្ថានការណ៍តានតឹង ពីព្រោះសង្គ្រាម និងការប្រើប្រាស់កម្លាំងកងទ័ពមិនអាចដោះស្រាយបញ្ហាបានឡើយ ។ ការចរចា និងដោះស្រាយបញ្ហាតាមរយៈការទូត គឺជាវិធីត្រឹមត្រូវក្នុងការបញ្ចប់ជម្លោះ ហើយចិននឹងបន្តទំនាក់ទំនងទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងភាគីជម្លោះ ដើម្បីឈានទៅឯកភាពគ្នារកដំណោះស្រាយ ។

អ្នកសារព័ត៌មានសួរថា ការវាយប្រហារអ៊ីរ៉ង់ពីសំណាក់អាមេរិក និងអ៊ីស្រាអែល បានធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងខ្លាំងឡើង តើចិននឹងចាត់វិធានការដូចម្តេចដើម្បីកាត់បន្ថយស្ថានការណ៍តានតឹង និងមានផែនការអ្វីសម្រាប់ថ្ងៃអនាគត?

អ្នកស្រី Mao Ning ឆ្លើយថា ចិនបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនៅមជ្ឈិមបូព៌ានាពេលបច្ចុប្បន្ន មុននេះ ចិនបានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅគ្រប់ភាគី គឺរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi បានទូរស័ព្ទជជែកផ្ទាល់ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសចំនួន៧ប្រទេស រួមមាន ៖ រុស្ស៊ី អ៊ីរ៉ង់ អូម៉ង់ បារាំង អ៊ីស្រាអែល អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ដើម្បីផ្លាស់ប្តូរទស្សនៈគ្នា ។

រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi ជំរុញឱ្យភាគីទាំងអស់ប្រកាន់ខ្ជាប់នូវគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ, ប្រឆាំងការប្រើប្រាស់កម្លាំងកងទ័ពតាមអំពើចិត្ត ដែលបំពានច្បាប់អន្តរជាតិ និងបញ្ឈប់ប្រតិបត្តិការជាបន្ទាន់ ដោយត្រឡប់មករកការចរចាគ្នាកុំឱ្យជម្លោះកាន់តែរាលដាលខ្លាំង ។ ក្រៅពីនេះ ចិនអំពាវនាវឱ្យគ្រប់ភាគីជម្លោះការពារជីវិតជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធពីការវាយប្រហាររបស់កងទ័ព ។

ចិនជឿជាក់ថា ការធ្វើសង្គ្រាមមិនមែនជាដំណោះស្រាយឡើយ ចិននឹងបញ្ជូនលោក Zhai Jun បេសកជនពិសេសបម្រើការផ្នែកមជ្ឈិមបូព៌ា ធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ានាពេលឆាប់ៗ ដើម្បីពន្លឿនការកាត់បន្ថយស្ថានការណ៍តានតឹង ។ រីឯព័ត៌មានលម្អិតផ្សេងៗពីការធ្វើដំណើររបស់បេសកជនពិសេសរូបនេះ នឹងជូនដំណឹងនាពេលក្រោយ ៕