ព្រះរាជវាំង Golestan មានស្ថាបត្យកម្មដ៏ស្រស់ស្អាតនៅទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ និងជាបេតិកភណ្ឌពិភពលោកចុះបញ្ជីដោយអង្គការយូណេស្កូ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីការវាយប្រ.ហារតាមផ្លូវអាកាសរបស់អាមេរិក និងអ៊ីស្រាអែល នៅទីលាន Arak កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ បណ្តាលឱ្យព្រះរាជវាំងទទួលកម្លាំងរំញ័រខ្លាំង ។ អង្គការយូណេស្កូបានតាមដានយ៉ាងយកចិត្តទុកដាក់នូវស្ថានភាពបេតិកភណ្ឌវប្បធម៌នៅអ៊ីរ៉ង់ និងទូទាំងតំបន់ ក្នុងគោលបំណងធានាបាននូវការការពារបេតិកភណ្ឌដ៏មានតម្លៃ ។

តាមការចុះផ្សាយរបស់សារព័ត៌មានអ៊ីរ៉ង់ ព្រះរាជវាំងកូឡេសស្ថាន (Golestan Palace) នៅទីក្រុងតេហេរ៉ង់ ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូ (UNESCO) បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារកម្លាំងរំញ័រពីការវាយប្រហារតាមអាកាសរបស់អាមេរិក និងអ៊ីស្រាអែល នៅទីលាន Arak ជាពិសេស បង្អួច ទ្វារ និងកញ្ចក់ ។ រីឯវត្ថុបុរាណមានតម្លៃផ្សេងៗក្នុងព្រះរាជវាំងមិនខូចខាតទេ ដោយសារត្រូវបានយកចេញទៅដាក់ក្នុងបន្ទប់មានសុវត្ថិភាពបំផុតតាំងពីកើតហេតុការណ៍ធ្វើបាតុកម្មទូទាំងប្រទេសកាលពីខែមករា ឆ្នាំ២០២៦ ខណៈវត្ថុបុរាណខ្លះទៀតត្រូវបានយកចេញតាំងពីខែមិថុនា ឆ្នាំ២០២៥ ។
.jpg)
អង្គការយូណេស្កូបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២ ខែមីនា ថា បន្តតាមដានយ៉ាងយកចិត្តទុកដាក់នូវស្ថានភាពបេតិកភណ្ឌវប្បធម៌នៅប្រទេសអ៊ីរ៉ង់ និងទូទាំងតំបន់ ក្នុងគោលបំណងធានាបាននូវការការពារបេតិកភណ្ឌដ៏មានតម្លៃ ពីព្រោះស្ថិតក្រោមការការពាររបស់ច្បាប់អន្តរជាតិ ព្រមទាំងអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និងអនុសញ្ញាបេតិកភណ្ឌពិភពលោក ឆ្នាំ១៩៧២ ។ អង្គការយូណេស្កូបានផ្តល់ព័ត៌មានទីតាំងភូមិសាស្ត្រនានាដែលស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ព្រមទាំងទីតាំងសំខាន់ៗទៅកាន់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីចៀសវាងការខូចខាតអាចកើតឡើង ។
.jpg)
ការខូចខាតរបស់ព្រះរាជវាំងនេះ ស្របពេលស្ថានការណ៍កាន់តែតានតឹងខ្លាំងនៅតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហារលើគោលដៅកងទ័ពនៅអ៊ីរ៉ង់ ដែលបណ្តាលឱ្យប៉ះពាល់ទាំងសន្តិសុខ និងបេតិកភណ្ឌវប្បធម៌ ។ ប៉ុន្តែគ្មានសេចក្តីរាយការណ៍លម្អិតអំពីទំហំការខូចខាតរបស់សំណង់ព្រះរាជវាំងទេ ខណៈភ្នាក់ងារពាក់ព័ន្ធនឹងវាយតម្លៃទំហំការខូចខាតនាថ្ងៃខាងមុខ ។

គួរបញ្ជាក់ថា ព្រះរាជវាំងកូឡេសស្ថាន (Golestan Palace) គឺជាអគារដ៏ល្បីល្បាញបំផុតមួយក្នុងប្រវត្តិសាស្ត្រអ៊ីរ៉ង់ និងមានស្ថាបត្យកម្មដ៏ល្អប្រណីត ត្រូវបានសាងសង់ក្នុងសម័យរាជវង្ស Qatar ដែលគ្រប់គ្រងអំណាចនៅឆ្នាំ១៧៧៩ ។ ជញ្ជាំង និងពិដានត្រូវបានតុបតែងដោយកញ្ចក់រាប់ពាន់ផ្ទាំងមានពន្លឺភ្លឺពណ៌មាស និងពណ៌ប្រាក់ ហើយត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូ កាលពីខែកក្កដា ឆ្នាំ២០១៣ ។

រាជវង្ស Qatar បានរៀបចំតេហេរ៉ង់ឱ្យក្លាយជាទីក្រុងធំដ៏ល្បីល្បាញដោយការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃសំណង់ស្ថាបត្យកម្មបុរាណ និងឥទ្ធិពលលោកខាងលិច ។ បច្ចុប្បន្ន ព្រះរាជវាំងនេះនៅតែជាកន្លែងប្រវត្តិសាស្ត្រដ៏សំខាន់បំផុត និងត្រូវបានប្តូរជាសារមន្ទីរដាក់តាំងបង្ហាញវត្ថុបុរាណមានតម្លៃរបស់អ៊ីរ៉ង់ ៕
Home ព័ត៌មានអន្តរជាតិ ព្រះរាជវាំង Golestan របស់អ៊ីរ៉ង់ជាបេតិកភណ្ឌពិភពលោក រងការខូចខាតយ៉ាងធ្ងន់ធ្ងរ









