មិនមែនជាអ្នកចម្រៀងអាជីព ប៉ុន្តែមួយបទៗដែល ផន សុផារី ចេញផ្សាយតែងតែទទួលបានការគាំទ្រពីសំណាកទស្សនិកជន។ លើសពីនេះទៅទៀតបទចម្រៀងរបស់អ្នកនាងសុទ្ធតែបង្កប់អត្ថន័យនិងធ្វើឡើងដើម្បីមនុស្សជាទីស្រលាញ់។
តាមរយៈការចងក្រងរបស់អ្នកគាំទ្រ អ្នកនាង ផន សុផារី ដែលមានកើតនៅក្នុងគ្រួសារអ្នកលេងល្ខោន ធ្លាប់សម្តែងកំប្លែងនិងពេលនេះក្លាយជាម្ចាស់ប្រ៊េនដ៏ជោគជ័យមានបទចម្រៀងដ៏លេចធ្លោធ្វើឡើងដើម្បីកូនស្រី ស្វាមី ម្តាយ និងមនុស្សជិតស្និទ្ធ។ «ព្រោះពាក្យថាកូន» គឺជាចម្រៀងមួយបទដែលអ្នកនាង ផន សុផារី ធ្វើឡើងដើម្បីកូនស្រីជាទីស្រលាញ់គឺ ប៊ែលឡា និងអ៊ែលលី ។ បទនេះបានទម្លាក់នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ និងនិពន្ធដោយឆុន រ៉ាឆាត់ និងទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជនមានការស្តាប់រាប់លានដង។
«ទ្រព្យសម្បត្តិស្នេហ៍» គឺបទចម្រៀងដែល ផន សុផារី ធ្វើឡើងជាពិសេសសម្រាប់ស្វាមីជាទីស្រលាញ់ ហើយអ្នកនៅពីក្រោយដ៏ធំបំផុតនិងភាពជោគជ័យរបស់ខ្លួនគឺជាស្វាមីនេះឯងដែលជាមនុស្សគិតរឿងគ្រួសារនៅលេខរៀងទី១។ សន្ទុះនៃការគាំទ្របទចម្រៀងនេះផ្ទុះខ្លាំងមិនធម្មតារហូតពេលនេះមានចំនួនជិត១០លានដង បន្ទាប់ពីទម្លាក់នៅខែមីនា ឆ្នាំ២០២៤។
«ម្លប់ត្រជាក់»។ បន្ទាប់ពីបទចម្រៀងធ្វើឡើងដើម្បីកូនស្រីនិងស្វាមី ផន សុផារី ក៏មិនភ្លេចអ្នកមានគុណដែលជាអ្នកផ្តល់កំណើតដោយបានចេញបទចម្រៀងនេះកាលពីខែឧសភា ឆ្នាំ២០២៤។
ចំណែកឯបទទី៤ វិញមានចំណងជើងថា «ផ្កាស្នេហ៍និរន្តរ៍ »។ ពីអ្នកនិពន្ធ ឆុន រ៉ាឆាត់ បទចម្រៀងនេះផលិតឡើងជាពិសេសសម្រាប់ពិធីមង្គលការ ពេជ្រ ពិសី និង ហេង ឡុយឆាយ ដែលជាមនុស្សជិតស្និទ្ធនិងរាប់អានគ្នា។ ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦បទចម្រៀងនេះមានការស្តាប់លើសពី១លានដងនៅលើឆាណែលយូធូបរបស់ ផន សុផារី ផ្ទាល់៕










