ផ្អើលអស់សហគមន៍អនឡាញបន្ទាប់ពី បរមី បាន Live នៅលើបណ្តាញសង្គមទ្រហោយំយ៉ាងខ្លាំងដោយនិយាយថាមន្ទីរពេទ្យមិនបានប្រាប់ពីអាការៈកូនរបស់ខ្លួនទាំងមានជំងឺចំហរបេះដូង។ ក្រោយពីរឿងនេះផ្ទុះកក្រើកខាងមន្ទីរបានចេញសេចក្តីថ្លែងការណ៍របស់ខ្លួន ខណៈតារាចម្រៀង កែវ សុបញ្ញា និយាយទាំងអួលដើមកនិងផ្តល់កម្លាំងចិត្តមកកាន់ បរមី។
.png)
នៅល្ងាចថ្ងៃទី៣ ខែមីនា បរមី បាន Live នៅលើបណ្តាញសង្គមហ្វេកប៊ុកដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «សាហាវពេកហើយពេទ្យ Orienda»។ អតីតតួសម្តែងនិងជាអ្នកលក់អនឡាញរូបនេះបាននិយាយទាំងទឹកភ្នែកថាកូនរបស់នាងមានបញ្ហាចំហរបេះដូងបែរជាខាងមន្ទីរពេទ្យមិនបានប្រាប់នាង ទាល់តែកូននាងបានជាង៣ខែទើបដឹងថាមានជំងឺនេះ។ បរមី បាននិយាយទៀតថានាងបានសួរពីស្ថានភាពខាងក្នុងរបស់កូនប៉ុន្តែខាងមន្ទីរពេទ្យបាននិយាយថាល្អទាំងអស់ ប៉ុន្តែពេលនេះបែរជាមកនិយាយថាកូននាងចំហរបេះដូងតាំងពីកើតមកម្ល៉េះ។
ការ Live របស់ បរមី បានធ្វើឱ្យមានការជជែកវែកញែកយ៉ាងខ្លាំងនិងមានការចែករំលែកយ៉ាងច្រើននៅលើបណ្តាញសង្គមដោយអ្នកទស្សនាចោទសួរពីគុណភាពខាងមន្ទីរពេទ្យ។ ទោះជាយ៉ាងណា បន្ទាប់ពីរឿងនេះល្បីសាយភាយពេញអ៊ីនធឺណិត ខាងមន្ទីរពេទ្យ Orienda បានចេញលិខិតបំភ្លឺដោយបញ្ជាក់ថា ក្រុមគ្រូពេទ្យបានធ្វើការពន្យល់យ៉ាងល្អិតល្អន់ និងផ្តល់ព័ត៌មានជូនដល់អ្នកជំងឺ និងក្រុមគ្រួសារអំពីលទ្ធផលដែលបានពិនិត្យ និងកំពុងតាមដាន ដោយភ្ជាប់ជាមួយរបាយការណ៍សុខភាពជាក់លាក់ដោយនឹងធ្វើការជជែកជាមួយអ្នកជំងឺ និងណាត់ជួប ដើម្បីដោះស្រាយការព្រួយបារម្ភ និងផ្តល់ភាពច្បាស់លាស់ ឬការគាំទ្រដែលចាំបាច់តាមតម្រូវការ។ ការសន្មត់ ឬការសន្និដ្ឋានណាមួយដែលដកស្រង់ចេញពីព័ត៌មានដែលមិនបានផ្ទៀងផ្ទាត់ អាចនឹងមិនឆ្លុះបញ្ចាំងពីការពិតបានត្រឹមត្រូវនោះទេ។ មន្ទីរពេទ្យរក្សាសិទិ្ធមិនធ្វើការបកស្រាយ ឬពិភាក្សាលម្អិតតាមបណ្តាញសង្គម ដោយប្រកាន់ភ្ជាប់នូវគោលការណ៍រក្សាការសម្ងាត់ និងឯកជនភាពរបស់អ្នកជំងឺ។
យល់អារម្មណ៍ក្នុងនាមជាម្តាយដូចគ្នាថែមទាំងបាត់បង់កូនជាទីស្រលាញ់ស្មើជីវិត តារាចម្រៀង កែវ សុបញ្ញា បានសម្តែងការយល់ចិត្តចំពោះបរមី។ តារាចម្រៀងរូបនេះបានខម្មិននៅក្រោមវីដេអូរបស់ បរមី ថា «ហឹមមមម រឿងឈឺចាប់ដែលខ្ញុំឆ្លងកាត់ តែមិនអាចនិយាយបាន។ ឆាប់យកកូនទៅ ពេទ្យគន្ធបុប្ផាទៅអូនកុំទុកយូរជូនពរកូនអូនឆាប់ជា គ្រប់យ៉ាងនឹងល្អប្រសើរវិញណា ធ្វើបុណ្យ បំពេញកុសលឱ្យកូនបន្ថែមឱ្យកូនសុខភាពល្អនឹងឆាប់ជាសះស្បើយ ស៊ូៗណារឹងមាំដើម្បីកូន»៕










