ពិធីបុកល័ក្ខក្នុងពិធីមង្គលការរបស់ ពេជ្រ ពិសី និង ឆាយ បានបង្កឱ្យមានមតិប្រតិកម្មយ៉ាងខ្លាំងជុំវិញការយកសាសនាឥស្លាមយកមកលេងសើចនៅក្នុងកម្មវិធី។ ក្រោយមានបងប្អូនខ្មែរឥស្លាមប្រតិកម្មលោក ដួង សុខគា បានចេញមុខសូមទោសមហាជនជាសាធារណៈ ចំណែកអ្នកនាង ខាត់ សុឃីម បានចេញមកនិយាយជាកណ្តាលនិងស្នើឱ្យក្រសួងវប្បធម៌កែចំណុចប្តូរតួអង្គឥស្លាមចេញប៉ុន្តែអ្នកទាំងពីរហាក់ទទួលបានមតិចម្រុះ។

បន្ទាប់ពីកម្មវិធីបុកល័ក្ខទទួលបាននូវការវាយប្រហារសរុបរួមទាំងអស់ដោយសារតែមានតួអង្គឥស្លាមនៅថ្ងៃទី២២ ខែធ្នូ អ្នកនាង ខាត់ សុឃីម បានបង្ហោះថា «ក្នុងនាមខ្ញុំជាសិល្បៈការិនីបែបបុរាណមួយរូបសូមអធ្យាស្រ័យដល់បងប្អូនខ្មែរចាម (សាសនាឥស្លាម) ទាំងអស់ដែលរស់នៅក្នុងប្រទេសកម្ពុជា កំពុងមានប្រតិ្តកម្មចំពោះកម្មពិធី ទំនៀមទំលាប់ប្រពៃណី បុកល័ក្ខ ខ្មែរ សូមបងប្អូនមេត្តាបន្ធូរភាពតានតឹងបន្តិច។ ជាទូទៅគ្រប់ក្រុមភ្លេងបុរាណប្រពៃណីខ្មែរ ក្នុងពិធីបុកល័ក្ខតែងតែមានតួអង្គ ជនជាតិចាម (សាសនាឥស្លាម) ចូលរួមសម្តែងយូរលង់ណាស់មកហើយប៉ុន្តែដោយសារសម័យកាលមុនពុំមានការផ្សព្វផ្សាយទូរលំទូលាយដូចសម័យនេះ។ជាក់ស្តែងយើងខ្ញុំដែលជាអ្នករក្សាទំរង់ទំនៀមទំលាប់ មិនហ៊ានលេងខុសពីទម្រង់ដើមនោះទេព្រោះចេះរៀនតពីគ្រូជំនាន់មុនបែបណា គឺលេងតាមបែបនោះ មិនមានចិត្ត ម៉ាកងាយសាសនា ឬ ជនជាតិណានោះទេ»។

តារាពហុជំនាញរូបនេះបានបន្តទៀតថា «ក្នុងខណៈពេលនេះនាងខ្ញុំ ខាត់ សុឃីម សូមសំណូមពរដល់ ក្រសួងវប្បវធម៌ និង វិចិត្រសិល្បៈ មេត្តាជួយរកដំណោះស្រាយកណ្តាលមួយ សមស្របដើម្បីកុំឱ្យបងប្អូនជនជាតិចាម (សាសនាឥស្លាម) មានអារម្មណ៍អាក់អន់ចិត្ត បែបនេះបន្តទៅទៀត។ សូមអធ្យាស្រ័យ នាងខ្ញុំសូមជូនជាយោបល់តិចតួច បើសិនជាថ្នាក់នាំក្រសួងអនុញ្ញាតប្តូរពីបងប្អូនជនជាតិចាម (សាសនាឥស្លាម) ចែវទូក មកជា ជនជាតិខ្មែរ ចែវទូកវិញក៏ល្អដែរ ដោយរក្សាទំរង់បែបបទដដែល យើងខ្ញុំអាចប្រតិបត្តិតាមការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ ក្រសួងជានិច្ច។ ជាចុងក្រោយ បើសិនមានពាក្យលើសលស់ ខ្ពស់ទាប ត្រង់ណា សូមមេត្តាថ្នាក់ដឹកនាំ ក៏ដូចជាបងប្អូនជនរួមជាតិទាំងអស់ អធ្យាស្រ័យដល់រូបនាងខ្ញុំផង»។
ទោះយ៉ាងណា សំណេររបស់អ្នកនាង ខាត់ សុឃីម ទទួលបាននូវមតិយ៉ាងខ្លាំងក្លាពីបងប្អូនខ្មែរឥស្លាមហើយអ្វីដែលពួកគេបានលើកឡើងស្រដៀងៗគ្នាគឺមិនមែនមិនចង់ឱ្យមានសាសនាឥស្លាមនៅក្នុងពិធីបុកល័ក្ខខ្មែរនោះទេប៉ុន្តែនោះគឺកាយវិការមិនសមរម្យយកព្រះអល់ឡោះជាម្ចាស់ និងការថ្វាយបង្គំបែបលេងសើច។ ពាក្យសម្តីដែលរងនូវមតិប្រតិកម្មអ្នកនាង ខាត់ សុឃីម ក៏បានចេញវីដេអូបញ្ជាក់ថែមទៀតផង។
ងាកមកកាន់លោក ដួង សុខគា បានចេញមុខសូមទោសជាសាធារណៈចំពោះការលេងរបស់ក្រុមខ្លួនដែលប៉ះពាល់អារម្មណ៍យ៉ាងខ្លាំងដល់បងប្អូនខ្មែឥស្លាម។ លោកបាននិយាយថា «ចេញវីដេអូនេះដើម្បីគោរពសូមទោសបងប្អូនខ្មែរ ឥស្លាមទាំងអស់ដែលខ្ញុំមានការធ្វេសប្រហែសសម្តែងបុកល័ក្តបង្កឱ្យប៉ះពាល់បងប្អូនខ្មែរឥស្លាម។ ខ្ញុំពិតជាទទួលស្គាល់ថាខ្ញុំមានកំហុសពិតប្រាកដមែន។ ជាមួយគ្នានេះខ្ញុំក៏សូមជម្រាបជូនថា ខ្ញុំមិនមានចេតនាណាមួយប្រមាថឬចង់ឲ្យប៉ះពាល់ដល់បងប្អូនខ្មែរឥស្លាមឡើយ។ ខ្ញុំតែងតែគោរពស្រលាញ់បងប្អូនតែនេះជាការឆោតល្ងង់របស់ខ្ញុំ។ជាថ្មីម្តងទៀតសូមបងប្អូនខ្មែរឥស្លាមទាំងអស់ លោកមេត្តាលើកលែងដល់ខ្ញុំបាទផង។ ខ្ញុំសូមសន្យាថាខ្ញុំនឹងកែប្រែ ហើយមិនឱ្យមានបញ្ហាកើតមានទៀតឡើយ»។

ការសូមទោសរបស់លោក ដួង សុខគា គឺទទួលបានមតិចម្រុះពីសាធារណជន។ បងប្អូនខ្មែរឪឥស្លាមមួយចំនួនក៏ព្រមទទួលយកប៉ុន្តែមានមតិមួយចំនួនទៀតចោទប្រកាន់លោក ដួង សុខគា ថាប្រព្រឹត្តកំហុសដដែលៗមិនឃើញមានការកែប្រែឡើយ៕










