បន្ទាប់ពីវិលចូលសិល្បៈ ប៊ុត សីហា នៅមិនទាន់អាចរកកម្រៃបានច្រើននោះទេដោយធ្លាប់ត្អូញត្អែរថាតម្លៃខ្លួនលោកបានតិចខ្លាំង។ យ៉ាងណាមិញ ប៊ុត សីហា ស្រាប់តែប្រកាសថាលោកទទួលប្រម៉ូតផលិតផលមិនអាចដេកដាច់បាយនិងស្នើកុំឱ្យបន្ទាបថោកហួសពេក។ ជាមួយនឹងការតាំងចិត្តវិលជាថ្មីនេះ ប៊ុត សីហា ធានាអះអាងថាមិនលើកដៃសុំមហាជនឬទម្លាក់កុងរបស់ខ្លួនឡើយ។

នៅថ្ងៃទី២១ ខែកុម្ភៈ នេះ ប៊ុត សីហា បានបង្ហោះសំណេរនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «ខ្ញុំប៊ុត សីហា សូមប្រកាសទទួលផ្សព្វផ្សាយគ្រប់ផលិតផល ខ្ញុំអត់អាចនៅដេកដាច់បាយបានទេ តែសូមផ្តល់តម្លៃការងារឱ្យខ្ញុំគ្រាន់នឹងរស់ផង កុំបន្ទាបឱ្យខ្ញុំថោកហួសពេក សុំបានទេ?»។

មុននឹងបង្ហោះសារបែបនេះ ប៊ុត សីហា បានបញ្ចេញសំណេរមួយថា «ខ្ញុំគួរងើបពីចំណុចណា? ប្រាប់ផងបានទេ?»។ ក្នុងការបង្ហោះនេះមានមនុស្សជាច្រើនបានផ្តល់ជាយោបល់ជាច្រើនប៉ុន្តែ សីហា ហាក់ឆ្លើយតបផ្ទុយនឹងការឱ្យយោបល់ពីទស្សនិកជននិងចាត់ទុកថាជាន់លោកដល់បាត។ មានមតិយោបល់មួយបានសរសេរណែនាំ សីហា ថា «សីហាត្រូវទទួលយកទាំងការងារតូចទាំងការងារធំ ទទួលយកហើយហាមដាច់ខាតលុបចោលការងាររបស់គេ។ ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ សីហា អត់មានកន្លែងច្រៀងគួរតែមកមុខវាំង ដើម្បីឱ្យអ្នកធ្វើវីដេអូប្លុក ថតហើយនិងសម្ភាសន៍សីហាឱ្យបានច្រើនបន្តិច ពេលនោះសីហានឹងមានមនុស្សទទួលស្គាល់ច្រើនឡើងមកវិញហើយគំនិតតិចតួចតែប៉ុណ្ណោះ»។ យោបល់នេះ សីហា បានរុញច្រានដោយឆ្លើយតបវិញថា «បងមិនជាន់ខ្ញុំឱ្យកប់នឹងដីតែម្តងទៅ»។
ដ្បិតថាការងារសិល្បៈបច្ចុប្បន្នពុំសូវមានទីផ្សារនិងទទួលបានតម្លៃខ្លួនទាបខុសដាច់ពីមុន ប៊ុត សីហា បានបញ្ជាក់ថាលោកនឹងមិនសុំជំនួញពីមហាជនដាច់ខាត។ លោកបានសរសេរថា « បើខ្ញុំទម្លាក់កុង សុំពុកម៉ែបងប្អូន 1$/2$ ច្បាស់ណាស់ ខ្ញុំនឹងបានលុយច្រើនមួយពេល តែខ្ញុំនៅតែឈរលើពាក្យដាច់ខាតមិនសុំជំនួយឡើយ សុំត្រឹមមានការងារជាប្រចាំដោយប្រើរូបភាពនិងសម្លេងខ្ញុំបានហើយ»៕










