អាយុគ្រាន់តែជាតួលេខ! ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង (NIS) បានបង្ហើបពីរបាយការណ៍មួយនៅថ្ងៃទី 12 ខែកុម្ភៈថា យុវតី គីម ជូអេ ដែលជាកូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ឥឡូវនេះបានចូលដល់ដំណាក់កាលនៃការក្លាយជា “អ្នកស្នងតំណែងដែលត្រូវបានតែងតាំង” ហើយ ក្រោយទទួលបានការបណ្តុះបណ្តាលយ៉ាងម៉ត់ចត់។ នេះបើតាមការចេញផ្សាយរបស់ BBC។
.jpg)
តាមប្រភពខាងលើ គីម ជូអេ ដែលក្មេងស្រីជំទង់មានវ័យទើបតែ 13 ឆ្នាំ នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ត្រូវបានគេកត់សម្គាល់ឃើញថានៅក្បែរឪពុករបស់នាងជាប់ជានិច្ចនៅក្នុងព្រឹត្តិការណ៍សំខាន់ៗដូចជាទស្សនាវិមានព្រះអាទិត្យ Kumsusan, ចូលរួមក្នុងការពិភាក្សាគោលនយោបាយធំៗ និងការធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងជាលើកដំបូងជាមួយឪពុកទៅកាលខែកញ្ញា ដែលធ្វើឲ្យទីភ្នាក់ងារ NIS ជឿជាក់ថា នាងកំពុងត្រៀមខ្លួនដើម្បីស្នងតំណែងរបស់ឪពុកនាងជាផ្លូវការ។.jpg)
ក្រុមសមាជិកសភាកូរ៉េខាងត្បូងដែលទទួលបានការសង្ខេបព័ត៌មានចារកម្មនាថ្ងៃព្រហស្បតិ៍ទី 12 ខែកុម្ភៈ ឆ្នាំ2026 បានបង្ហើបថា យុវតីរូបនេះត្រូវបានគេចាត់ទុកថាជាមេដឹកនាំលំដាប់ទី២ជាក់ស្តែងនៅក្នុងប្រទេស ហើយថែមទាំងបានចាប់ផ្តើមផ្តល់យោបល់លើបញ្ហានយោបាយជាតិទៀតផង។ ឥឡូវនេះ ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះមហាសន្និបាតលើកទី៩ នៃគណបក្សពលករដែលនឹងប្រព្រឹត្តទៅនៅចុងខែកុម្ភៈ ដើម្បីមើលថាតើនាងនឹងត្រូវផ្តល់គោរម្យងារផ្លូវការណាមួយ ដែលនឹងបញ្ជាក់ពីស្ថានភាពរបស់នាងជាមេដឹកនាំជំនាន់ទី៤ នៃត្រកូលគីមដែរឬទេ។.jpg)
គួរជម្រាបថា គីម ជូអេ គឺជាកូនស្រីតែមួយគត់ដែលគេស្គាល់របស់ Kim Jong Un និង ភរិយារបស់លោក គឺលោកស្រី Ri Sol Ju។ បើទោះជាមានរបាយការណ៍តិចតួចបំផុតអំពីជីវិតឯកជនរបស់គ្រួសារ គីម តែ NIS ជឿថា លោក Kim Jong Un នៅមានកូនប្រុសច្បងម្នាក់ទៀត ប៉ុន្តែកូនប្រុសនេះមិនដែលត្រូវបានទទួលស្គាល់ ឬបង្ហាញនៅលើប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងឡើយ។
យ៉ាងណាមិញ បើទោះជាគេមិនទាន់ដឹងថាក្មេងជំទង់រូបនេះមានផែនការអ្វីសម្រាប់ដឹកនាំប្រទេសរបស់នាងក៏ដោយ ប៉ុន្តែនាងទំនងជាមានអំណាចខ្លាំងក្លាក្នុងការបង្កើតប្រព័ន្ធដឹកនាំថ្មីតាមរបៀបណាដែលនាងចូលចិត្ត។ ជាមួយគ្នានេះដែរ គេមិនច្បាស់ទេថាការស្នងតំណែងពីឪពុករបស់ គីម ជូអេ នឹងអាចនាំមកនូវការផ្លាស់ប្តូរអ្វីខ្លះដល់កូរ៉េខាងជើង៕










