សឹងមិនគួរឲ្យជឿ ប៉ុន្តែគឺជាការពិត! ប្រទេសជប៉ុនបានបង្ហាញពីគម្រោងអនាគតដ៏អស្ចារ្យមួយ នោះគឺការសាងសង់ខ្សែក្រវាត់សូឡាដ៏ធំមួយដែលព័ទ្ធជារង្វង់ជុំវិញភពព្រះច័ន្ទ ដោយមានគោលបំណងបង្កើតថាមពលស្អាតរួចបញ្ជូនយកមកប្រើប្រាស់លើភពផែនដីវិញដោយឥតដែនកំណត់។ នេះបើតាមការព័ត៌មានដែលចេញផ្សាយដោយគេហទំព័រ Fossbytes។.jpg)
គម្រោងនេះ ជារឿយៗត្រូវបានគេហៅថា “កងរង្វង់ព្រះចន្ទ ឬ Luna Ring” ដែលនឹងលាតសន្ធឹងប្រហែល 6,800 ម៉ាយឬប្រហែល 10,943.5 គីឡូម៉ែត្រនៅជុំវិញផ្ទៃព្រះច័ន្ទ។ គំនិតនៃការសាងសង់កងរង្វង់ព័ទ្ធជុំវិញព្រះចន្ទនេះត្រូវបានស្នើឡើងដោយក្រុមហ៊ុន Shimizu Corporation ដើម្បីបង្កើតអគ្គិសនី ហើយបំលែងទៅជាថាមពលមីក្រូវ៉េវ ឬឡាស៊ែរ និងបញ្ជូនចេញមកកាន់ស្ថានីយ៍ទទួលនៅលើផែនដីដោយប្រព័ន្ធឥតខ្សែ។
.jpg)
វាមានលក្ខខណ្ឌខុសពីភពផែនដី, ភពព្រះច័ន្ទមិនមានបរិយាកាស ឬអាកាសធាតុទេ ដូច្នេះវាអនុញ្ញាតឱ្យបន្ទះបន្ទះសូឡាទាំងនេះទទួលបានពន្លឺព្រះអាទិត្យពេញលេញដោយមិនមានការរំខានក្នុងរយៈពេលយូរ។ អ្នកគាំទ្រគម្រោងនេះអះអាងថា ថាមពលព្រះអាទិត្យដែលចាំងផ្លាតពីឋានព្រះច័ន្ទ អាចផ្តល់ប្រភពថាមពលកកើតឡើងវិញដែលមានស្ថេរភាព និងមានសមត្ថភាពផ្គត់ផ្គង់អគ្គិសនីទាំងយប់ទាំងថ្ងៃ ផ្ទុយពីការស្រូបទាញថាមពលព្រះអាទិត្យរបស់ផ្ទាំងសូឡារនៅលើភពផែនដី ដែលអាចធ្វើបានតែនៅពេលថ្ងៃប៉ុណ្ណោះ។
លើសពីនេះ ជាមួយនឹងចលនាបង្វិលយឺតៗរបស់ព្រះច័ន្ទ បន្ទះសូឡាអាចប្រមូលផលថាមពលស្ទើរតែគ្រប់ពេលទាំងអស់ ដោយយកឈ្នះលើដែនកំណត់នៃពេលយប់ និងពពកបាំងថ្ងៃដែលលើផែនដីប្រឈមមុខ។ ក្រុមហ៊ុន Shimizu បាននិយាយថា ប្រព័ន្ធនេះអាចបង្កើតថាមពលរហូតដល់ 13,000 តេរ៉ាវ៉ាត់ ប្រសិនបើវាត្រូវបានអភិវឌ្ឍយ៉ាងពេញលេញ។.jpg)
ទោះជាយ៉ាងណាក៏ដោយ សំណើនេះនៅតែជាទ្រឹស្តីខ្ពស់ ហើយប្រឈមមុខនឹងបញ្ហាប្រឈមធំៗជាច្រើន ដោយអ្នកជំនាញនិយាយថា គម្រោងនេះអាចចំណាយពេលច្រើនឆ្នាំទៀតដើម្បីសម្រេចបាន ប៉ុន្តែក៏គួរចាត់ទុកវាថាជានិមិត្តរូបនៃរបៀបដែលបច្ចេកវិទ្យាអវកាស អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាថាមពលរបស់ផែនដីនៅថ្ងៃណាមួយ។

ក្រុមហ៊ុន Shimizu បានប៉ាន់ប្រមាណថាគម្រោងនេះអាចរួចរាល់សម្រាប់ការសាងសង់នៅប្រហែលឆ្នាំ ២០៣៥ បន្ទាប់ពីការបង្ហាញសាកល្បងរួចរាល់។ ប្រសិនបើទទួលបានជោគជ័យ «ខ្សែក្រវាត់សូឡា» ដែលព័ទ្ធជុំវិញព្រះច័ន្ទនេះ អាចសម្គាល់ការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រមួយនៅក្នុងរបៀបដែលមនុស្សជាតិផលិតថាមពល ដោយប្រែក្លាយព្រះច័ន្ទទៅជាសសរស្តម្ភសំខាន់នៃប្រព័ន្ធថាមពលនាពេលអនាគតរបស់ផែនដី៕










