ប្រទេសថៃ ៖ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ វត្តម៉ុនពូយក្ស មានអាយុកាលជាង១០០ឆ្នាំ និងជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ល្បី ស្ថិតនៅឃុំព្រះបាទ ស្រុកមឿង ខេត្តឡាំប៉ាង ប្រទេសថៃ ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេ.ច និងមានផ្សែងខ្មៅហុយងងឹតមេឃ បើទោះជារថយន្តបា.ញ់ទឹកជាច្រើនគ្រឿងព្យាយាមពន្លត់ភ្លើងក្តី ។

ពលរដ្ឋខេត្តឡាំប៉ាង បានត្រឹមតែស្រែកយំដោយការសោកស្តាយ និងមើលឃើញភ្លើងឆេះវត្តបុរាណយ៉ាងសន្ធោសន្ធៅពីចម្ងាយ ដោយសារវត្តស្ថិតនៅទីខ្ពស់ ។ ហេតុការណ៍នេះធ្វើឱ្យមនុស្សម្នាភ័យស្លន់ស្លោយ៉ាងខ្លាំង ជាពិសេស អ្នកមានផ្ទះនៅជុំវិញវត្ត បារម្ភពីភ្លើងឆេះរាលដាលកាន់តែខ្លាំងពិបាកគ្រប់គ្រងស្ថានការណ៍ ។
លោក វិវ៉ាត់ អ៊ីនថៃវង្ស អភិបាលខេត្តឡាំប៉ាង បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធបញ្ជូនកម្លាំង និងរថយន្តបាញ់ទឹកជាច្រើនគ្រឿងទៅពន្លត់ភ្លើងនៅវត្តបុរាណដើម្បីគ្រប់គ្រងស្ថានការណ៍ជាបន្ទាន់ ។ ប៉ុន្តែទោះជាការបាញ់ទឹកធ្វើឡើងជាបន្តបន្ទាប់ និងខ្លាំងក្លាក្តី ក៏មិនអាចជួយអ្វីបានទេ ដោយសារភ្លើងឆេះរាលដាលខ្លាំងពេក ។
ភ្នាក់ងារពន្លត់ភ្លើងបានចំណាយពេល១ម៉ោង ទើបអាចពន្លត់ភ្លើងមិនឱ្យឆេះរាលដាលទៅផ្ទះសម្បែងពលរដ្ឋនៅជុំវិញ ។ បើតាមព័ត៌មានបឋម គ្មានមនុស្សរងរបួស ឬស្លាប់ក្នុងហេតុការណ៍នេះទេ ប៉ុន្តែអគារកុដិក្នុងវត្តត្រូវបានភ្លើងឆេះខូចទាំងស្រុង ពីព្រោះកុដិនេះសាងសង់ពីឈើកាលពីជាង១០០ឆ្នាំមុន ។

ពេលកើតហេតុ ព្រះចៅអធិការវត្តមានធុរៈទៅខាងខាងក្រៅ ពេលមកដល់វត្តវិញឃើញថា អគារវត្តក្លាយជាចំណីភ្លើងទាំងអស់ ខណៈពលរដ្ឋបានត្រឹមតែស្រែកយំដោយការសោយស្តាយ ។ សមត្ថកិច្ចកំពុងតែស៊ើបអង្កេត និងទាក់ទងទៅភ្នាក់ងារពិសោធន៍ភស្តុតាងមកត្រួតពិនិត្យបរិវេណវត្តយ៉ាងលម្អិតដើម្បីរកមូលហេតុភ្លើងឆេះ និងវាយតម្លៃទំហំខូចខាត ។
គួរបញ្ជាក់ថា វត្តនេះឈ្មោះ «វត្តម៉ុនសាំងថាន» ឬ «វត្តម៉ុនពូយក្ស» គឺជាវត្តបុរាណដ៏ល្បីល្បាញមួយនៅខេត្តឡាំប៉ាង និងត្រូវបានចាត់ទុកជាកន្លែងទាក់ទាញភ្ញៀវទេសចរ ដោយសារមានការតុបតែងវត្តដោយសិល្បៈបែបជនជាតិមីយ៉ាន់ម៉ា ៕










