ប្រទេសកុងហ្គោ ៖ អណ្តូងរ៉ែជាច្រើនកន្លែងនៅតំបន់ Rubaya ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានបាក់ដោយសារភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃទី២៨ និង២៩ ខែមករា ឆ្នាំ២០២៦ បណ្តាលឱ្យមនុស្សស្លា.ប់កើនឡើងរហូតដល់ជាង២០០នាក់ ក្នុងនោះសាកស.ពកប់ក្នុងអណ្តូងរ៉ែ ក៏មានស្ត្រី និងកុមារផងដែរ ដែលក្រុមហ៊ុនអណ្តូងរ៉ែមិនបានជួលមកធ្វើការជាផ្លូវការ ហើយមានមនុស្សតែ២០នាក់ប៉ុណ្ណោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។ តាមការសន្និដ្ឋាន ចំនួនមនុស្សស្លា.ប់ដោយសារការបាក់អណ្តូងរ៉ែនឹងកើនឡើងបន្ថែមទៀត ។
រហូតមកដល់ថ្ងៃទី១ ខែកុម្ភៈ អណ្តូងរ៉ែទាំងនេះនៅតែមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ហើយភ្នាក់ងារសង្គ្រោះមិនដឹងពីចំនួនមនុស្សស្លាប់ពិតប្រាកដទេ ។ អតីតអ្នកមើលការខុសត្រូវអណ្តូងរ៉ែប្រាប់ថា អណ្តូងរ៉ែនៅតំបន់ Rubaya មិនទទួលបានការថែទាំត្រឹមត្រូវទើបងាយកើតគ្រោះថ្នាក់ និងពិបាកជួយសង្គ្រោះជនរងគ្រោះពេលបាក់អណ្តូងរ៉ែម្តងៗ ។ ក្រៅពីនេះ ដីនៅអណ្តូងរ៉ែងាយនឹងបាក់បន្ថែមទៀតកាន់តែធ្វើឱ្យស្ថានការណ៍អាក្រក់ខ្លាំងឡើង ។

អណ្តូងរ៉ែជាច្រើនកន្លែងនៅជាតំបន់ Rubaya ភាគខាងកើតប្រទេសកុងហ្គោ គឺជាកន្លែងរុករករ៉ែ Coltan ឬរ៉ែ Columbite-tantalite ជារ៉ែដ៏សំខាន់របស់រ៉ែ Tantalum ដែលជាលោហៈដ៏កម្រសម្រាប់ប្រើប្រាស់ក្នុងការផលិតឧបករណ៍អេឡិចត្រូនិកទំនើប ដូចជា ៖ ស្មាតហ្វូន និងកុំព្យូទ័រ ។ បើតាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិ (UN) អណ្តូងរ៉ែនៅតំបន់ Rubaya តែមួយអាចផលិតរ៉ែ Tantalum រហូតដល់១៥% នៃការផលិតរ៉ែសម្រាប់លក់ទីផ្សារពិភពលោកទាំងអស់ ។
ទោះជាអណ្តូងរ៉ែជាច្រើននៅតំបន់ Rubaya គឺជាឧស្សាហកម្មដែលផ្តល់ប្រាក់ចំណូលចូលប្រទេសកុងហ្គោ ប៉ុន្តែអណ្តូងរ៉ែភាគច្រើនគ្មានប្រព័ន្ធការពារស្តង់ដារសម្រាប់ការជីកយករ៉ែប្រកបដោយសុវត្ថិភាពនោះទេ ទើបធ្វើឱ្យអណ្តូងរ៉ែជាច្រើនកន្លែងបាក់រលំមានមនុស្សស្លាប់ជាញឹកញាប់ ។.jpg)
អណ្តូងរ៉ែទាំងនេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាម AFC/M23 តាំងពីពាក់កណ្តាលឆ្នាំ២០២៤ ទើបធ្វើឱ្យរដ្ឋាភិបាលពិបាកត្រួតពិនិត្យ និងជួយសង្គ្រោះមនុស្សក្នុងអណ្តូងរ៉ែ ។ បើតាមការសន្និដ្ឋាន ចំនួនមនុស្សស្លាប់នឹងកើនឡើងបន្ថែមទៀត ពីព្រោះមានមនុស្សជាច្រើននាក់កប់ក្រោមដីនៅឡើយ ៕










