នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ មានការចែករំលែកព្រោងព្រាតនូវវីដេអូរបស់ត្រីបាឡែនមួយក្បាល ដែលបានហែលមកផ្ទៃខាងលើក្នុងខេត្តព្រះសីហនុត្រង់ចំណុចឆ្នេរតាបារាំង។ ការលេចវត្តមានឡើងមកខាងលើរបស់ត្រីបាឡែននេះ បានធ្វើឲ្យមនុស្សជាច្រើនមានការព្រួយបារម្ភថានេះអាចជាសញ្ញានៃគ្រោះធម្មជាតិនៅក្រោមបាតសមុទ្រជាមិនខាន។

ជាការពិតណាស់ ត្រីបាឡែនគឺជាសត្វដែលរស់នៅក្នុងទឹកជ្រៅ វាមិនងាយនឹងឡើងមកផ្ទៃខាងលើក្បែរឆ្នេរ ឬច្រាំង ឬចូលជិតតំបន់ដែលមានមនុស្សរស់នៅឡើយ លុះត្រាតែវាមានជំងឺ, របួស, ឬព្យាយាមគេចចេញពីការរំខានណាមួយនៅក្រោមផ្ទៃទឹក។ ជាក់ស្ដែងសម្រាប់ត្រីបាឡែនដែលប្រជាពលរដ្ឋប្រទះឃើញលើឆ្នេរតាបារាំងនោះត្រូវបានមជ្ឈដ្ឋានជាច្រើនធ្វើដាក់ការសង្ស័យថា អាចជាការគេចចេញពីមជ្ឈដ្ឋានដែលវារស់នៅឡើងមកផ្ទៃខាងលើដើម្បីស្វែងរកជំនួយ។ ដូច្នេះតើការឡើងមកផ្ទៃខាងលើរបស់ត្រីបាឡែននេះបណ្ដាលមកពីមូលហេតុអ្វីឲ្យប្រាកដ?
យោងតាមប្រភពព័ត៌មានពីមូលដ្ឋានបានប្រាប់ទៅកាន់ក្រុមការងារអង្គការអភិរក្សសមុទ្រកម្ពុជា (MCC)ថា វាគឺជាកូនត្រីបាឡែន (baleen whale) ដែលមានរបួសនៅផ្នែកខាងលើនៃខ្នងរបស់វា ក៏ដូចជាមានស្នាមរឹត ដែលមើលទៅដូចធ្លាប់បានវ័ណ្ឌជាប់នឹងរបស់អ្វីម្យ៉ាង។ យ៉ាងណាមិញ គេពុំទាន់អាចសនិ្នដ្ឋានដឹងពីមូលហេតុពិតប្រាកដនៃវត្តមានរបស់វានៅឡើយទេ។

ក្រុមការងារបច្ចេកទេសក្នុងតំបន់និងប្រជាជនបានព្យាយាមជួយសង្រ្គោះព្រមទាំងបានទាញកូនត្រីបាឡែននោះចូលទៅក្នុងទឹកជ្រៅវិញ ប៉ុន្តែវាហាក់ដូចជាមិនព្រមហែលត្រឡប់ទៅវិញទាល់តែសោះ។ អ្វីដែលជារឿងគួរឲ្យអាណិ.តអាសូ.រសម្រាប់កូនត្រីបាឡែននេះ គឺវាប្រហែលជាហែលតាមរកម្ដាយរបស់វា ហើយវានឹងពុំព្រមហែលចូលទឹកជ្រៅវិញឡើយប្រសិនបើវាមិនអាចជួបម្ដាយរបស់វាវិញនោះ។ នេះបើផ្អែកតាមការសន្និដ្ឋានរបស់ក្រុមការងារបច្ចេកទេស (MCC) និងវិទ្យាសាស្រ្តថនិកសត្វសមុទ្រ។
ដោយយើងតាមការសន្និដ្ឋានរបស់អ្នកជំនាញដូចខាងលើនេះ បញ្ហាទំនងជាកើតមានតែលើកូនត្រីបាឡែនមួយក្បាលនេះប៉ុណ្ណោះ ខណៈពុំមានសេចក្ដីរាយការណ៍ណាមួយរាយការណ៍អំពីត្រីបាឡែន ឬសត្វសមុទ្រផ្សេងទៀតបានឡើងមកផ្ទៃខាងលើ ដែលជាសញ្ញាគួរឲ្យសង្ស័យអំពីគ្រោះធម្មជាតិនៅបាតសមុទ្រឡើយ៕










