ឡាសវេហ្គាស៖ ធ្លាប់តែប្រើប្រាស់ smart phone ឬ smart watch ឥឡូវនេះក្រុមហ៊ុនបច្ចេកវិទ្យាសម្រស់ iPolish បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងពិព័រណ៍បច្ចេកវិទ្យាដ៏ធំបំផុតរបស់ពិភពលោក CES ២០២៦ ជាមួយនឹងការដាក់បង្ហាញនូវ “ក្រចកដៃឌីជីថលឆ្លាតវៃ” ដំបូងគេ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្លាស់ប្តូរពណ៌ក្រចកបានរាប់រយពណ៌ ក្នុងរយៈពេលត្រឹមតែ ១វិនាទី ប៉ុណ្ណោះ។

វាមិនមែនជាថ្នាំលាបក្រចកធម្មតានោះទេ iPolish ប្រើប្រាស់បច្ចេកវិទ្យា Electrophoretic Nanopolymers ដែលស្រដៀងទៅនឹងបច្ចេកវិទ្យា E-ink (ដែលជាអេក្រង់អានសៀវភៅអេឡិចត្រូនិច)។ ក្រចកដៃឆ្លាតវៃប្រភេទបិទ (Press-on) នេះ មិនត្រូវការប្រើថ្មឡើយ ប៉ុន្តែវាដំណើរការតាមរយៈរលកសញ្ញាដែលបញ្ជាចេញពីឧបករណ៍បញ្ជូនថាមពលតូចមួយ។
មិនចាំបាច់ទៅដល់ហាង ហើយអង្គុយចាំរាប់ម៉ោងទើបបានក្រចកស្អាតនោះទេ អ្នកប្រើប្រាស់គ្រាន់តែធ្វើការជ្រើសរើសពណ៌ដែលខ្លួនស្រឡាញ់ ដែលមានជាង ៣០០ ពណ៌ តាមរយៈកម្មវិធី iPolish នៅលើស្មាតហ្វូន។ បន្ទាប់មក ប្រើប្រាស់ឧបករណ៍បញ្ជា ហៅថា Magic Wand មកប៉ះ ឬបក់ពីលើក្រចកដៃ នោះពណ៌ក្រចកនឹងផ្លាស់ប្តូរភ្លាមៗទៅតាមការចង់បាន។
វាពិសេសត្រង់ថាចំណាយពេលតិច មិនពិបាកអង្គុយចាំក្រចកស្ងួត កាត់បន្ថយការប្រើប្រាស់សារធាតុគីមី និងទឹកលាងថ្នាំក្រចកដែលធ្វើឱ្យខូចក្រចកធម្មជាតិ ហើយវាព្រមទាំងមានសមត្ថភាពការពារទឹក (Waterproof) និងមានរូបរាងស្តើងស្រដៀងនឹងក្រចកពិតៗទៀតផង។.jpg)
ក្រុមហ៊ុន iPolish គ្រោងនឹងដាក់លក់ឈុតដំបូង ក្នុងតម្លៃ ៩៥ ដុល្លារអាមេរិក ដែលរួមមានក្រចកដៃ ២៤ គ្រាប់ និងឧបករណ៍បញ្ជា Magic Wand។ ផលិតផលនេះត្រូវបានគេរំពឹងថា នឹងកាន់តែផ្ដល់ភាពងាយស្រួល សម្រាប់អ្នកដែលចូលចិត្តតុបតែងខ្លួនតាមសម័យកាលឌីជីថល និងផ្លាស់ប្តូរស្ទីលជារៀងរាល់ថ្ងៃ។ ទោះជាយ៉ាងណា នេះក៏ជាកង្វល់មួយសម្រាប់ជាងក្រចកផងដែរ ដែលធ្វើឲ្យពួកគេបាត់បង់អតិថិជនមួយផ្នែក ដោយសារតែបច្ចេកវិទ្យាកាន់តែទំនើប អាចឲ្យមនុស្សធ្វើក្រចកដោយខ្លួនឯងនៅផ្ទះបាន៕










