កងទ័ពរុស្ស៊ី និងអ៊ុយក្រែនពលីជីវិតក្នុងសង្គ្រា.មអូសបន្លាយជាច្រើនឆ្នាំបានកើនឡើងរហូតដល់ជិត២លាននាក់ ដែលរហូតមកដល់ឆ្នាំ២០២៦ គ្មានសញ្ញាថា សង្គ្រា.មនេះនឹងបញ្ចប់ពេលណា ទោះជាប្រធានាធិបតីអាមេរិក លោក Donald Trump បើកការចរចានៅទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីឱ្យរុស្ស៊ី-អ៊ុយក្រែនបង្កើតកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែរុស្ស៊ីនៅតែទាមទារកាន់កាប់ទឹកដីអ៊ុយក្រែន ។

យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលយុទ្ធសាស្ត្រអន្តរជាតិ (CSIS) នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក តាំងពីរុស្ស៊ីបើកការវាយប្រហារអ៊ុយក្រែនរហូតមកដល់បច្ចុប្បន្ន កងទ័ពរុស្ស៊ីបានស្លាប់ក្នុងសមរភូមិ ប្រមាណ១លាន ២សែននាក់ ខណៈកងទ័ពអ៊ុយក្រែនរងរបួស បាត់ខ្លួន និងស្លាប់ ជិត៦សែននាក់ ។ ទិន្នន័យនេះត្រូវបានកត់ត្រាតាំងពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បញ្ជាឱ្យកងទ័ពវាយប្រហារអ៊ុយក្រែន ប៉ុន្តែប្រទេសទាំងពីរមិនបង្ហាញចំនួនមនុស្សស្លាប់ជាសាធារណៈ ពីព្រោះការបាត់បង់ជីវិតមនុស្សត្រូវទុកជាការសម្ងាត់ ។
កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ មន្ត្រីរុស្ស៊ីបានបដិសេធរបាយការណ៍របស់មជ្ឈមណ្ឌលយុទ្ធសាស្ត្រអន្តរជាតិ (CSIS) ដោយលើកឡើកថា ចំនួនកងទ័ពរុស្ស៊ីស្លាប់ដោយសារសង្គ្រាមជាមួយអ៊ុយក្រែន មិនគួរឱ្យជឿជាក់ ហើយមានតែក្រសួងការពារជាតិរុស្ស៊ីប៉ុណ្ណោះដែលអាចបង្ហាញចំនួនកងទ័ពរុស្ស៊ីស្លាប់ពិតប្រាកដ ។
បើតាមមជ្ឈមណ្ឌលយុទ្ធសាស្ត្រអន្តរជាតិ (CSIS) ការវាយតម្លៃចំនួនមនុស្សស្លាប់នេះ ផ្អែកតាមការសម្ភាសន៍ជាមួយមន្ត្រីលោកខាងលិច និងអ៊ុយក្រែន ព្រមទាំងដកស្រង់ទិន្នន័យរបស់សារព័ត៌មានឯករាជ្យ Mediazona និង BBC Russian Service ។ មជ្ឈមណ្ឌល CSIS ចាត់ទុកសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែនបណ្តាលឱ្យមនុស្សបាត់បង់ជីវិតច្រើនបំផុត បើប្រៀបធៀបនឹងសង្គ្រាមផ្សេងៗ ។.jpg)
ចំនួនមនុស្សស្លាប់ក្នុងសង្គ្រាមរវាងប្រទេសទាំងពីរ គឺច្រើនជាងមនុស្សស្លាប់ក្នុងសង្គ្រាមរបស់សូវៀតនៅអាហ្វហ្គានីស្ថានកាលពីឆ្នាំ១៩៨០ រហូតដល់១៧ដង និងស្លាប់ច្រើនជាងសង្គ្រាមផ្សេងៗលើពិភពលោក ។ កងទ័ពរុស្ស៊ីបានស្លាប់ច្រើនជាងអ៊ុយក្រែន ប្រមាណជាង២ដង ខណៈអ៊ុយក្រែនមានពលរដ្ឋ និងកងទ័ពតិចជាងរុស្ស៊ី ប៉ុន្តែអាចទប់ទល់នឹងការវាយប្រហារពីរុស្ស៊ីរយៈពេលវែង ។ ភ្នាក់ងារសង្កេតការណ៍អ៊ុយក្រែន (DeepState) ឱ្យដឹងថា កងទ័ពរុស្ស៊ីបានដណ្តើមគ្រប់គ្រងទឹកដីអ៊ុយក្រែនបន្ថែម ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ។
កាលពីចុងសប្តាហ៍ទី៣ ខែមករា សហរដ្ឋអាមេរិក រុស្ស៊ី និងអ៊ុយក្រែន បានបើកការចរចាស្វែងរកសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន នៅទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលនេះជាការចរចាលើកដំបូងតាំងពីរុស្ស៊ីធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន ប៉ុន្តែមិនឈានទៅធ្វើកិច្ចព្រមព្រៀងណាមួយឡើយ ដោយសាររុស្ស៊ីនៅតែទាមទារកាន់កាប់ទឹកដីអ៊ុយក្រែន ៕










