ប្រទេសឥណ្ឌា ៖ ឥណ្ឌានឹងសាកល្បងហាមឃាត់យុវជនអាយុក្រោម១៦ឆ្នាំប្រើប្រាស់បណ្តាញសង្គម ពីព្រោះបារម្ភពីផលប៉ះពាល់សុខភាពផ្លូវចិត្ត ដែលការហាមឃាត់នេះ គឺយកគំរូតាមអូស្ត្រាលី ប្រសិនបើអនុវត្តជោគជ័យ ឥណ្ឌានឹងហាមឃាត់យុវជនអាយុក្រោម១៦ឆ្នាំប្រើប្រាស់បណ្តាញសង្គមនៅទូទាំងប្រទេស ។.jpg)
រដ្ឋ Goa ជារដ្ឋទេសចរណ៍ និងរដ្ឋ Andhra Pradesh នៅភាគខាងត្បូងប្រទេសឥណ្ឌា គ្រោងហាមឃាត់យុវជនអាយុក្រោម១៦ឆ្នាំប្រើប្រាស់បណ្តាញសង្គម ដោយសារបារម្ភពីផលប៉ះពាល់កាន់តែខ្លាំងលើសុខភាពផ្លូវចិត្តយុវជន ។ បច្ចុប្បន្ន ពលរដ្ឋឥណ្ឌាបានប្រើប្រាស់អ៊ីនធើរណេត ស្មើជាង១ពាន់លាននាក់ ក្នុងនោះអ្នកប្រើប្រាស់កម្មវិធី YouTube, Google និងបណ្តាញសង្គម X គឺជាយុវជនអាយុក្រោម១៦ឆ្នាំ ។
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ទោះជាប្រទេសឥណ្ឌាពុំទាន់មានច្បាប់គ្រប់គ្រងបណ្តាញសង្គម ហើយរដ្ឋាភិបាលឥណ្ឌាពុំទាន់ជំរុញឱ្យបង្កើតច្បាប់នាពេលឆាប់ៗ ប៉ុន្តែរដ្ឋ Goa និងរដ្ឋ Andhra Pradesh គ្រោងហាមឃាត់យុវជនអាយុក្រោម១៦ឆ្នាំប្រើប្រាស់បណ្តាញសង្គម ដែលនេះបង្ហាញនូវការប្តេជ្ញាចិត្តដោះស្រាយបញ្ហាយុវជនញៀនបណ្តាញសង្គម ។.jpg)
បើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក Rohan Khaunte គឺមន្ត្រីកំពុងសិក្សាពីច្បាប់របស់អូស្ត្រាលីយ៉ាងលម្អិតពាក់ព័ន្ធនឹងការហាមឃាត់យុវជនប្រើប្រាស់បណ្តាញសង្គម ដើម្បីឈានដល់ការហាមឃាត់យុវជនឥណ្ឌាជាផ្លូវការ ។ រដ្ឋ Goa នឹងហាមឃាត់យុវជនអាយុក្រោម១៦ឆ្នាំប្រើប្រាស់បណ្តាញសង្គម ប្រសិនបើការហាមឃាត់មានប្រសិទ្ធភាព រដ្ឋ Goa ដែលមានមនុស្សរស់នៅប្រមាណ១លាន ៥សែននាក់ នឹងក្លាយជារដ្ឋដំបូងគេដែលហាមឃាត់យុវជនប្រើប្រាស់បណ្តាញសង្គម ។
ដូចគ្នានេះ រដ្ឋ Andhra Pradesh មានមនុស្សរស់នៅជាង៥៣លាននាក់ នៅភាគខាងត្បូងប្រទេសឥណ្ឌា ក៏គ្រោងហាមឃាត់យុវជនអាយុក្រោម១៦ឆ្នាំប្រើប្រាស់បណ្តាញសង្គមដែរ ដោយការបង្កើតគណៈកម្មការមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជជែកគ្នារយៈពេល១ខែ អំពីការហាមយុវជនប្រើប្រាស់បណ្តាញសង្គម បន្ទាប់ពីឈ្វេងយល់ពីច្បាប់អូស្ត្រាលីពាក់ព័ន្ធនឹងការហាមនេះ ។
.jpg)
រដ្ឋទាំងពីរគ្រោងហាមយុវជនប្រើប្រាស់បណ្តាញសង្គមដោយសារបារម្ភពីផលប៉ះពាល់សុខភាពផ្លូវចិត្ត គឺទទួលបានការគាំទ្រពីក្រុមហ៊ុន Meta ដែលតម្រូវឱ្យឪពុក-ម្តាយត្រួតពិនិត្យការប្រើប្រាស់បណ្តាញសង្គមរបស់កូនៗ ប៉ុន្តែក្រុមហ៊ុនបញ្ជាក់ថា ការហាមមិនឱ្យយុវជនប្រើប្រាស់បណ្តាញសង្គមមួយចំនួន គឺមិនអាចការពារបានទាំងអស់ទេ ពីព្រោះពួកគេបានប្រើប្រាស់កម្មវិធីអ៊ីនធើរណេតជាមធ្យម ប្រមាណ៤០កម្មវិធីក្នុង១សប្តាហ៍ ។ រីឯក្រសួងព័ត៌មានឥណ្ឌា ព្រមទាំងបណ្តាញសង្គម X និង Google មិនបាននិយាយអ្វីទេ ពាក់ព័ន្ធនឹងការហាមឃាត់នេះ ។
រដ្ឋ Goa និងរដ្ឋ Andhra Pradesh មានគម្រោងហាមយុវជនប្រើប្រាស់បណ្តាញសង្គម បន្ទាប់ពីអូស្ត្រាលីអនុម័តច្បាប់ហាមឃាត់យុវជនអាយុក្រោម១៦ឆ្នាំ ប្រើប្រាស់បណ្តាញសង្គម ដែលធ្វើឱ្យគណនីរបស់យុវជនអូស្ត្រាលីត្រូវបានបិទរហូតដល់៤លាន ៧សែនគណនី ។ ការហាមឃាត់របស់អូស្ត្រាលីធ្វើឱ្យប្រទេសជាច្រើនត្រៀមអនុម័តច្បាប់ហាមដូចគ្នាដែរ ដូចជា ៖ បារាំង ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ដែលឆ្លុះបញ្ចាំងពីមេដឹកនាំប្រទេសនានារឹតបន្តឹងការប្រើប្រាស់បណ្តាញសង្គមរបស់យុវជន ។
ថ្មីៗនេះ រដ្ឋសភាជាតិបារាំងបានអនុម័តសេចក្តីព្រាងច្បាប់ថ្មីមួយស្តីពីការហាមឃាត់កុមារ និងក្មេងជំទង់អាយុក្រោម១៥ឆ្នាំពីការប្រើប្រាស់បណ្តាញសង្គម ដោយសារបារម្ភពីផលប៉ះពាល់សុខភាពផ្លូវចិត្ត ។ វិធានការនេះនឹងហាមឃាត់ការចូលប្រើប្រាស់ និងទស្សនា TikTok, Snapchat និង Instagram សម្រាប់យុវជនអាយុក្រោម១៥ឆ្នាំ ដែលជាការជំរុញគោលនយោបាយរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ដើម្បីការពារយុវជនពីការចំណាយពេលច្រើនលើអ៊ីនធើរណេត ៕










