Mr White ដែលជាអតីតតារាចម្រៀងក្នុងទ្រនំជាមួយតារាចម្រៀង សុខ ពិសី បានទម្លាយថាតារាចម្រៀង ផន ស្រីខួច គឺជាអ្នកមានគុណជួយជ្រោមជ្រែងខ្លួនឱ្យស្គាល់អ្វីដែលហៅឆាកតន្រ្តី ។ ជាមួយគ្នានេះ វ៉ាយ ថែមទាំងទម្លាយថាកាលពីមុនដើរសុំគេច្រៀងតែគេមិនបានផ្តល់ឱកាសឱ្យឡើយ។
កាលពីកន្លងមកថ្មីៗនេះតារាចម្រៀង ផន ស្រីខួច និង វ៉ាយ បានសហការគ្នាចេញផ្សាយបទចម្រៀង «បែកពេលណា» តាមរយៈឆាណែលផ្ទាល់ខ្លួនដោយមិនបានចេញនៅក្នុងផលិតកម្មរបស់អ្នកទាំងពីរឡើយ។ ដ្បិតតែស្ថិតនៅទ្រនំពីរផ្សេងគ្នាប៉ុន្តែទំនាក់ទំនងអ្នកទាំងពីរទស្សនិកជនទើបតែបានដឹងក្រោយពីតារាចម្រៀង វ៉ាយ បានទម្លាយចេញមក។
នៅយប់ថ្ងៃទី២៦ ខែមករា Mr White បានបង្ហោះរូបជាមួយនឹងរៀមច្បង ផន ស្រីខួច ដោយភ្ជាប់មកជាមួយនឹងការរៀបរាប់ថា «១០ឆ្នាំមុន គាត់ជាមនុស្សម្នាក់ដែលជួយត្រួសត្រាយផ្លូវឱ្យខ្ញុំស្គាល់ឆាកតន្រ្តីបានឡើងកម្មវិធី ច្រៀង Live តាម TV ណែនាំ ជួយគ្រប់ Producer ដែលជំនាន់នោះ សុំគេច្រៀងមិនយកលុយគេមិនឱ្យឡើងផង»។ តារាចម្រៀង វ៉ាយ បានថ្លែងអំណរគុណដល់ផលិតកម្ម សាន់ដេ ដែលធ្វើឱ្យលោកស្គាល់វិថីសិល្បៈ។.png)
ក្នុងការជួយជ្រោមជ្រែងនេះដែរ តារាចម្រៀង វ៉ាយ បានសន្យានឹងខ្លួនឯងថាអ្នកដែលជួយលោកទោះតិចឬច្រើនក្តីក្នុងពេលណាមួយលោកមានឱកាស មានលទ្ធភាព មានសមត្ថភាពលោកនឹងតបស្នងវិញតាមដែលអាចធ្វើបាន។ តារាចម្រៀង វ៉ាយ បានលើកឡើងដែរថា នៅក្នុងវិថីសិល្បៈនេះកម្រមានអ្នកចាប់ដៃយើងទាញឡើងមកលើណាស់ បើបានជួប ត្រូវថែរក្សា និងផ្តល់ក្តីស្រលាញ់។
គួរបញ្ជាក់ផងដែរថា ក្រោយលែងជាតារាចម្រៀងកុងត្រា វ៉ាយ បានជួយ ផន ស្រីខួច ចេញបទចម្រៀងថ្មីនៅលើទីផ្សារ។ ក្រៅពីការច្រៀង វ៉ាយ ក៏បានចូលរួមសម្តែងក្នុងវីដេអូកំប្លែងផងដែរ៕










