ប្រទេសថៃ ៖ អ្នកនយោបាយដ៏មានប្រជាប្រិយនៅប្រទេសថៃ លោក Pita Limjaroenrat អតីតប្រធានគណបក្សកាវក្លៃ បានចេញមុខជួយឃោសនាឱ្យពលរដ្ឋបោះឆ្នោតគាំទ្រប្រធានគណបក្សប្រជាជន លោក Natthaphong Ruengpanyawut កាន់តំណែងជានាយរដ្ឋមន្ត្រីថ្មី ខណៈគណបក្សនេះទទួលគាំទ្រនាំមុខគេក្នុងការស្ទង់មតិកន្លងមក ។ ពលរដ្ឋថៃជាច្រើនគាំទ្រគណបក្សនេះ និងដាក់ក្តីសង្ឃឹម ប្រសិនបើឈ្នះការបោះឆ្នោតនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ គឺអាចនឹងបញ្ចប់សង្គ្រា.មឈ្លានពា.នកម្ពុជា ពីព្រោះពលរដ្ឋថៃភាគច្រើនមិនចង់បានសង្គ្រា.ម ពួកគេត្រូវការប្រកបរបរចិញ្ចឹមជីវិតតាមធម្មតា ។

កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ លោក Pita Limjaroenrat អតីតបេក្ខជននាយករដ្ឋមន្ត្រីថៃ និងជាអតីតប្រធានគណបក្សកាវក្លៃ បានមកកាន់អគារ Samyan Mitrtown ទីក្រុងបាងកក ដើម្បីជួយឃោសនាឱ្យគណបក្សប្រជាជន (ឬគណបក្សប្រឆាំងដ៏មានឥទ្ធិពល) និងសុំឱ្យពលរដ្ឋបោះឆ្នោតគាំទ្រលោក Natthaphong Ruengpanyawut ប្រធានគណបក្សប្រជាជន ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី បើទោះជាខ្លួនលោកត្រូវបានបំបិទសិទ្ធិហាមធ្វើនយោបាយក្តី ។
នៅលើវេទិកាឃោសនារកសំឡេងឆ្នោតឱ្យគណបក្សប្រជាជន លោក Pita បានសុំឱ្យពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជន ដើម្បីឱ្យប្រធានគណបក្ស លោក Natthaphong កាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ដឹកនាំវិមានរដ្ឋាភិបាល ដោយលោកថា គណបក្សប្រជាជនត្រូវតែឈ្នះដាច់ ទទួលបានសំឡេងគាំទ្រច្រើនលើសលប់ ។ លោកមកជួយឃោសនានេះដើម្បីហេតុផលតែម្យ៉ាងគត់ គឺបបួលពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជន គាំទ្រលោក Natthaphong ជានាយករដ្ឋមន្ត្រី ទោះជាខ្លួនលោកត្រូវបំបិទសិទ្ធិហាមធ្វើនយោបាយ ប៉ុន្តែមិនអាចបំបិទសិទ្ធិមិនឱ្យគិតពីពលរដ្ឋបានទេ ។
លោក Pita បន្តថា ៖ «ខ្ញុំត្រឡប់មកលើកនេះដោយក្តីនឹករលឹកពលរដ្ឋ និងមានបញ្ហាមួយចំនួនដែលត្រូវដោះស្រាយ បើទោះជាខ្ញុំត្រូវបំបិទសិទ្ធិមិនឱ្យធ្វើនយោបាយក៏ដោយ តែតុលាការមិនអាចហាមខ្ញុំមិនឱ្យនឹកពលរដ្ឋបានទេ ។ ថ្ងៃទី២៥នេះ យើងត្រូវតែបោះចោលភ័យខ្លាច និងមានសង្ឃឹមលើនយោបាយល្អ ជីវភាពរស់នៅប្រសើរ អនាគតភ្លឺស្វាង សូមឱ្យពលរដ្ឋគ្រប់រូបសហការជាមួយខ្ញុំដើរទៅមុខជាមួយគ្នា មិនមែនប្រទេសថៃជួបតែបញ្ហារហូតនោះទេ ដែលអ្នកនយោបាយថៃខ្លះព្យាយាមធ្វើប្រទេសមានបញ្ហាមិនឈប់ឈរ» ។
កាលពីពេលបោះឆ្នោតអាណត្តិមុន ពលរដ្ឋថៃជាង៤០% ឬស្មើ១៤លាននាក់ បានបោះឆ្នោតគាំទ្រគណបក្សកាវក្លៃ ហើយកាវក្លៃ ក៏ក្លាយជាគណបក្សមានពលរដ្ឋគាំទ្រច្រើនជាងគេ ស្ថិតក្នុងលំដាប់ទី១ ប៉ុន្តែត្រូវបំបិទសិទ្ធិមិនឱ្យគណបក្សកាវក្លៃដឹកនាំរដ្ឋាភិបាលបម្រើរាស្ត្រ ។ ដូច្នេះ ពេលនេះ លោកនឹងមិនព្រមទៀតទេ ហើយវិធីតែមួយដើម្បីឱ្យគណបក្សប្រជាជនអាចដឹកនាំរដ្ឋាភិបាលបាន លុះត្រាតែពលរដ្ឋចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនឱ្យច្រើនលើសលប់ជាងមុន ។
ចំណែកប្រធានគណបក្សប្រជាជន លោក Natthaphong បានប្តេជ្ញាចិត្តនៅចំពោះមុខពលរដ្ឋលើវេទិការកសំឡេងឆ្នោតនៅអគារ Samyan Mitrtown ថា លោកបានត្រៀមខ្លួនធ្វើជានាយករដ្ឋមន្ត្រី ទី៣៣ របស់ប្រទេសថៃ ដោយលោកសុំឱ្យពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជន ដើម្បីបើកទំព័រប្រវត្តិសាស្ត្រថ្មីប្រកបដោយមោទនភាព វាដល់ប្រគល់អំណាចឱ្យពលរដ្ឋមានសិទ្ធិសម្រេចចិត្តជាធ្លុងមួយជ្រើសរើសមេដឹកនាំថ្មី ។ រយៈពេល៨ឆ្នាំកន្លងមក គណបក្សអនាគតថ្មី និងគណបក្សកាវក្លៃ ត្រូវបានគេរំលាយចោល ប៉ុន្តែពេលនេះ គណបក្សប្រជាជនត្រូវតែផ្លាស់ប្តូរប្រវត្តិសាស្ត្រចាស់ ៕










