អ្នកនាង ងិន ម៉ារ៉ាឌី ដែលជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២១បានបង្ហោះសំណេរដ៏មានខ្លឹមសារមួយទាក់ទងនឹងមិត្តភាពដែលពេលខ្លះវាជាកាដូប៉ុន្តែពេលខ្លះក៏ជាគ្រាប់បែកចាំបំផ្ទុះ។ ម៉ារ៉ាឌី ថារស់នៅក្នុងសង្គមត្រូវចេះបន់បែនទើបអាចឈរជើងបានយូរហើយត្រូវប្រុងប្រយ័ត្នរាប់អានអ្នកដទៃក្រៅពីសមាជិកគ្រួសារ។
រយៈពេលថ្មីៗនេះក្នុងនៅចង្កោមសិល្បៈហាក់ផ្ទុះឡើងនូវរឿងចម្រូងចម្រាសទាក់ទងនឹងមិត្តភាពរហូតដល់ ងិន ម៉ារ៉ាឌី បានបង្ហោះសំណេរនៅលើបណ្តាញសង្គមនារសៀលថ្ងៃទី២៣ ខែមករា ថា«ក្នុងជីវិតរបស់យើង ពេលខ្លះមិនចាំបាច់មានមិត្តច្រើនទេ ហើយក៏មិនបាច់ស្និតជាមួយមនុស្សច្រើនដែរ ត្រូវប្រុងប្រយ័ត្នបំផុតក្នុងការរាប់អានអ្នកដទៃក្រៅពីសមាជិកគ្រួសារ។ មនុស្សខ្លះជាកាដូ មនុស្សខ្លះជាគ្រាប់បែក ល្អពីមុខចាក់ពីក្រោយ ពេលខ្លះវាអាចចង់បន្ទុះយើងចោលក៏អាចថាបាន ក្នុងសង្គមកុំគិតថាទំនាក់ទំនងមានតែ ២ប្រភេទ មិត្តនិងសត្រូវ តែការពិតគឺមានច្រើនបែប។ មនុស្សខ្លះចង់ប្រកាសធ្វើជាសត្រូវរបស់យើងគ្រាន់តែមិនទាន់ឱកាស ខ្លះទៀតមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើជាសត្រូវហ្នឹងយើងតែប៉ុណ្ណោះ»។
Miss Universe Cambodia 2021 បន្តទៀតថា «ការរាប់អានដោយស្មោះវាមិនអាចបង្កើតជាជំលោះបានទេដរាបណាវាមិនមែនជាការរាប់អានដោយស្មោះតាំងពីដំបូង រឿងខ្លះកុំគិតថាអ្នកដទៃល្ងង់ជាងអ្នកអី ព្រោះពេលខ្លះគេធ្វើល្ងង់ ដើម្បីចាប់មនុស្សល្ងង់តែប៉ុណ្ណោះ រស់នៅក្នុងសង្គមត្រូវចេះបន់បែនទើបអាចឈរជើងបានយូរ»។
ខ្លឹមសារទូលំទូលាយទាក់ទងនឹងចំណងមិត្តភាពនេះមានអ្នកគាំទ្រជាច្រើនបានបង្ហាញការយល់ស្របនូវការលើកឡើងរបស់ ងិន ម៉ារ៉ាឌី។ ផ្សារភ្ជាប់នឹងខ្លឹមសាររបស់ ម៉ារ៉ាឌី គេក៏សង្កេតឃើញថា ងិន ម៉ារ៉ាឌី ក៏ពុំសូវបង្ហាញមិត្តភាពឬមានទំនាក់ទំនងច្រើនក្រៅពីស្វាមីនិងកូនជាទីស្រលាញ់។ លើសពីនេះទៅទៀត ងិន ម៉ារ៉ាឌី ក៏យកពេលទំនេររៀនអ្វីដែលថ្មីៗសម្រាប់ខ្លួនឯងដូចជាជំនាញក្រចកជាដើម។ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២១ ក៏មានគម្រោងចេញទៅរស់នៅសហរដ្ឋអាម៉េរិកជាមួយនឹងស្វាមីដូចគ្នា៕










