ប្រទេសថៃ ៖ នាយកដ្ឋានគ្រប់គ្រងជំងឺប្រទេសថៃបានបង្កើនការប្រុងប្រយ័ត្នមេរោគ Nipah ឆ្លងពីសត្វប្រជៀវ ដែលគ្រោះថ្នា.ក់ជាងជំងឺកូវីដ-១៩ និងគ្មានវ៉ាក់សាំង ឬថ្នាំព្យាបាល ដោយការត្រួតពិនិត្យតឹងរ៉ឹងលើអ្នកដំណើរទាំងអស់មុននឹងអនុញ្ញាតឱ្យចូលប្រទេសថៃ បន្ទាប់ពីមេរោគនេះឆ្លងរាលដាលនៅឥណ្ឌាឡើងវិញ ។ ទោះជាពេលនេះ មេរោគ Nipah មិនទាន់ឆ្លងនៅថៃ ប៉ុន្តែនាយកដ្ឋានប្រាប់ពលរដ្ឋកុំភ័យស្លន់ស្លោ និងរកវិធីការពារខ្លួន ហាមបរិភោគផ្លែឈើមានស្នាមសត្វប្រជៀវខាំ ឬប៉ះពាល់សត្វឈឺ ។.jpg)
កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ម៉ុនធៀន កាណាសាវ៉ាត់ អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺ បាននិយាយពីមេរោគ Nipah ឆ្លងរាតត្បាតឡើងវិញនៅប្រទេសឥណ្ឌា ហើយរយៈពេលចុងក្រោយ ពលរដ្ឋឥណ្ឌាឆ្លងមេរោគនេះចំនួន៥នាក់ ខណៈកន្លងមក ឆ្លង២នាក់ ក្នុងនោះអ្នកជំងឺ៣នាក់បានឆ្លងកាលពីថ្ងៃទី១៩ ខែមករា ។ ក្រសួងសុខាភិបាលឥណ្ឌាបានចាត់វិធានការទប់ស្កាត់មេរោគ, ធ្វើចត្តាឡីស័កឱ្យអ្នកជំងឺនៅដោយឡែក និងតាមដានអាការៈមនុស្សជាង១៨០នាក់ ដែលស្និទ្ធស្នាលជាមួយអ្នកជំងឺនៅរដ្ឋ West Bengal ក៏ដូចជាប្រុងប្រយ័ត្នក្នុងតំបន់ ។
នាយកដ្ឋានគ្រប់គ្រងជំងឺបានប្រគល់ភារកិច្ចឱ្យមន្ត្រីទទួលខុសត្រូវផ្នែកមេរោគរាតត្បាតតាមដានការឆ្លងជំងឺ Nipah យ៉ាងដិតដល់ជាមួយអង្គការសុខភាពពិភពលោក (WHO) និងស្ថាប័នពាក់ព័ន្ធ ដើម្បីវាយតម្លៃពីគ្រោះថ្នាក់ និងត្រៀមការពារការឱ្យឆ្លងនៅថៃ ។ វិធានការដំបូងគឺ ត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើអ្នកដំណើរទាំងអស់មុននឹងអនុញ្ញាតឱ្យចូលប្រទេសថៃ បើអ្នកដំណើរក្តៅខ្លួនខ្លាំង ឬឆ្លងមេរោគ Nipah ត្រូវបញ្ជូនទៅត្រួតពិនិត្យអាការៈបន្ថែមនៅច្រកត្រួតពិនិត្យជំងឺអន្តរជាតិ ។
Nipah គឺជាមេរោគឆ្លងពីសត្វមកមនុស្ស និងគ្រោះថ្នាក់យ៉ាងខ្លាំង វាប៉ះពាល់សរសៃប្រសាទ និងបណ្តាលឱ្យស្លាប់ ។ ពេលនេះ នៅថៃពុំទាន់មានអ្នកឆ្លងមេរោគទេ ប៉ុន្តែត្រូវតែប្រុងប្រយ័ត្នបំផុត ព្រមទាំងរាយការណ៍ជាបន្ទាន់មកមន្ទីរពេទ្យ បើសង្ស័យអ្នកណាម្នាក់ឆ្លង ។ អ្នកឆ្លងនឹងមានអាការៈធ្ងន់ធ្ងរក្នុងផ្លូវដង្ហើម និងរលាកខួរក្បាលបណ្តាលឱ្យស្លាប់ ដោយចាប់ផ្តើមក្តៅខ្លួន ឈឺក្បាល ឈឺសាច់ដុំ ក្អួត ឈឺបំពង់ក និងប៉ះពាល់សរសៃប្រសាទ ។.jpg)
មេរោគ Nipah គ្រោះថ្នាក់ជាងកូវីដ និងឆ្លងដូចខាងក្រោម ៖
១-ឆ្លងពីសត្វទៅមនុស្ស ៖ គឺឆ្លងតាមការប៉ះពាល់ទឹកមាត់ ទឹកនោម និងឈាមសត្វមានមេរោគ ជាពិសេស សត្វប្រជៀវជាប្រភពចម្លងមេរោគ និងសត្វជ្រូក
២-បរិភោគអាហារលាយឡំមេរោគ ៖ រួមមាន បរិភោគផ្លែឈើមានស្នាមប្រជៀវខាំ ឬអាហារលាយឡំទឹកមាត់ ទឹកនោម និងលាមកប្រជៀវ
៣-ឆ្លងពីមនុស្សទៅមនុស្ស ៖ ឆ្លងតាមរយៈការស្និទ្ធស្នាលជាមួយអ្នកជំងឺ ដូចជា ប៉ះពាល់ទឹកមាត់ (ជាពិសេស គ្រូពេទ្យថែទាំអ្នកជំងឺ គឺប្រឈមជាងគេ).jpg)
ចំណែកលោកវេជ្ជបណ្ឌិត ឌិរេក ខាំប៉េន អគ្គនាយករងនៃនាយកដ្ឋានគ្រប់គ្រងជំងឺ បានណែនាំពីវិធីបង្ការ ដូចជា ៖
១-លាងសម្អាតដៃជាញឹកញាប់ដោយសាប៊ូ បន្ទាប់ពីប៉ះពាល់សត្វ ឬធ្វើដំណើរទៅកន្លែងឆ្លង
២-ហាមបរិភោគផ្លែឈើមានស្នាមប្រជៀវខាំ ឬបរិភោគផ្លែឈើជ្រុះលើដី និងលាងផ្លែឈើឱ្យស្អាតមុនពេលបរិភោគ
៣-កុំប៉ះពាល់ប្រជៀវឈឺ ឬលាមកប្រជៀវ បើឃើញសត្វឈឺ ឬងាប់ខុសធម្មតា ត្រូវផ្តល់ដំណឹងបន្ទាន់
៤-ចម្អិនអាហារឱ្យឆ្អិនល្អ និងហាមផឹកទឹកផ្លែឈើស្រស់ៗ បើធ្លាប់ធ្វើដំណើរទៅតំបន់ឆ្លង ឬដើរព្រៃស្រាវជ្រាវពីប្រជៀវ ឬមានអាការៈសង្ស័យ គួរប្រញាប់ទៅជួបគ្រូពេទ្យ ។
គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក(WHO) ចាត់ទុកមេរោគ Nipah មានគ្រោះថ្នាក់បំផុត ដោយសារវាឆ្លងរាតត្បាតយ៉ាងឆាប់រហ័ស និងមិនទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលទេ ។ មេរោគនេះបានឆ្លងរាតត្បាតនៅឥណ្ឌាជាច្រើនលើក ជាពិសេស នៅរដ្ឋ Kerala មានពលរដ្ឋឆ្លងជាច្រើននាក់កាលពីឆ្នាំ២០១៨ ទើបធ្វើឱ្យអ្នកជំនាញបារម្ភ បើមេរោគបំលែងខ្លួន និងងាយឆ្លងពីមនុស្សទៅមនុស្ស វាបណ្តាលឱ្យឆ្លងខ្លាំងនាថ្ងៃអនាគត ។ មេរោគនេះលាក់ខ្លួនក្នុងសត្វប្រជៀវរាប់ពាន់ឆ្នាំហើយ និងជាការគំរាមកំហែងស្ងាត់ៗ ដែលពិភពលោកត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ ៕










