ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក Anutin Charnvirakul បានលើកដៃសំពះពលរដ្ឋខេត្តណាខនរ៉ាជសីម៉ា ដើម្បីសុំឱ្យបោះឆ្នោតគាំទ្រកាន់តំណែងបន្តទៀតដោយសន្យាថា បើជាប់ឆ្នោតនឹងកាន់កាប់ទឹកដីនៅព្រំដែនបន្ថែម, បន្តបិទព្រំដែនជាមួយកម្ពុជា, ចែកប្រាក់ឱ្យពលរដ្ឋក្នុងម្នាក់ចំនួន១ម៉ឺនបាត (ប្រមាណ ៣២២ដុល្លារ) និងទប់ស្កាត់ការនាំចូលដំឡូងមីពីប្រទេសជិតខាងដែលធ្វើឱ្យដំឡូងមីកសិករថៃឡើងថ្លៃ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ។

នៅថ្ងៃទី២២ ខែមករា លោក Anutin នាយករដ្ឋមន្ត្រីចាំផ្ទះ និងជាប្រធានគណបក្សភូមិចៃថៃ បាននាំមន្ត្រីពាក់ព័ន្ធមករកសំឡេងឆ្នោតនៅឃុំណូនស៊ូង ខេត្តណាខនរ៉ាជសីម៉ា ហើយក្រៅពីសុំឱ្យពលរដ្ឋបោះឆ្នោតឱ្យ លោក Anutin ក៏បានសុំឱ្យពលរដ្ឋជួយគាំទ្រលោក ថាវីរ៉ាត់ រតនៈសេត បេក្ខភាពតំណាងរាស្ត្រ មណ្ឌល៥ ដើម្បីពង្រីកចំនួនអាសនៈឱ្យលើសពី១កៅអី ។

លោក Anutin បានប្រកាសពីគោលនយោបាយការបរទេស និងសន្តិសុខប្រទេសថៃថា រយៈពេល៤ខែកន្លងមក រដ្ឋាភិបាលថៃសហការជាមួយកងទ័ព បានដណ្តើមកាន់កាប់ទឹកដីកម្ពុជានៅព្រំដែនជាច្រើនកន្លែង ។ ក្រៅពីនេះ លោកបញ្ជាក់ពីគោលជំហរគណបក្សរបស់ខ្លួនថា នឹងមិនបើកព្រំដែនកម្ពុជា-ថៃដាច់ខាត ស្របតាមសំណូមពរពលរដ្ឋថៃនៅព្រំដែន ។

លោកថា ការបិទព្រំដែនកម្ពុជា-ថៃ គឺជាការទប់ស្កាត់ការនាំចូលដំឡូងមី និងអង្ករពីប្រទេសជិតខាងមកកាន់ប្រទេសថៃ ខណៈកន្លងមក វាធ្វើឱ្យតម្លៃដំឡូងមី និងអង្កររបស់កសិករថៃកើនឡើងខ្ពស់ ។ បើគណបក្សភូមិចៃថៃជាប់ឆ្នោតបង្កើតរដ្ឋាភិបាលបន្តទៀត លោកនឹងអនុវត្តគោលនយោបាយ (Co-pay) ជាគោលនយោបាយដែលរដ្ឋាភិបាល និងពលរដ្ឋ រួមគ្នាទូទាត់ថ្លៃទំនិញដើម្បីជំរុញសេដ្ឋកិច្ច ព្រមទាំងចែកប្រាក់ឱ្យពលរដ្ឋក្នុងម្នាក់ ចំនួន១ម៉ឺនបាត (ប្រមាណ ៣២២ដុល្លារ) សម្រាប់ឱ្យពលរដ្ឋសងបំណុលធនាគារ ។

លោក Anutin បានលើកដៃសំពះពលរដ្ឋខេត្តណាខនរ៉ាជសីម៉ា សូមជួយបោះឆ្នោតគាំទ្រគណបក្សភូមិចៃថៃ ដើម្បីឱ្យលោកកាន់ឡើងជានាយករដ្ឋមន្ត្រីបន្ត និងមានឱកាសមកដឹកនាំប្រទេសធ្វើតាមសំណូមពរពលរដ្ឋ ។

គួរបញ្ជាក់ថា ក្នុងការឃោនារកសំឡេងឆ្នោតនៅខេត្តណាខនរ៉ាជសីម៉ា ក៏មានវត្តមានលោក វីរ៉ាត់ រតនៈសេត អតីតអ្នកនយោបាយថៃជើងចាស់ផងដែរ ដែលមកជួយរកសំឡេងគាំទឱ្យកូនប្រុស គឺលោក ថាវីរ៉ាត់ រតនៈសេត បេក្ខភាពតំណាងរាស្ត្រ មណ្ឌល៥ ។ លោកថា គណបក្សផ្សេងព្យាយាមរកសំឡេងឆ្នោតតាមរយៈគោលនយោបាយសម្របសម្រួលជាមួយកម្ពុជា ប៉ុន្តែលោក Anutin សន្យាចាត់វិធានការម៉ឺងម៉ាត់រឿងព្រំដែនជាមួយកម្ពុជា ។

លោក Anutin បានបើកដៃឱ្យកងទ័ពធ្វើសង្គ្រាមឈ្លានពានកម្ពុជាជាថ្មីកាលពីខែធ្នូ ឆ្នាំ២០២៥ ដើម្បីស្តារប្រជាប្រិយភាពឡើងវិញ បន្ទាប់ពីរងការរិះគន់ពីពលរដ្ឋយ៉ាងខ្លាំងពីអសមត្ថភាពដោះស្រាយបញ្ហាទឹកជំនន់នៅភាគខាងត្បូងបណ្តោយឱ្យពលរដ្ឋស្លាប់រហូតដល់ជាង១,០០០នាក់ ព្រមទាំងរងការរិះគន់ពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងលោកជាមួយឧក្រិដ្ឋជនឆបោកអនឡាញលំដាប់ពិភពលោក ។

បន្ទាប់ពីបទឈប់បាញ់រវាងកម្ពុជា-ថៃចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃនៅតែបន្តតម្រៀបទូរកុងទឺន័រ និងរាយបន្លាលួសព័ទ្ធយកទឹកដីកម្ពុជានៅព្រំដែនដោយខុសច្បាប់ ។ កម្ពុជាទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពកងទ័ពប្រកបដោយអរិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងនៅក្នុងទឹកដីរបស់កម្ពុជា ដោយដកកងទ័ព និងសម្ភារៈកងទ័ពទាំងអស់ចេញពីទឹកដីកម្ពុជាទៅកាន់ទីតាំងព្រំប្រទល់ដែលទទួលស្គាល់ដោយច្បាប់ ៕