ប្រទេសថៃ ៖ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ប្រធានសមាគមប្រឆាំងការឡើងកំដៅផែនដីនៅប្រទេសថៃ និងជាអ្នកតំណាងឱ្យពលរដ្ឋនៅទីក្រុងបាងកក បានដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីឱ្យចេញដីកាទៅអភិបាលក្រុងបាងកក លោក Chadchart Sittipunt ទទួលខុសត្រូវខ្យល់ពុល PM 2.5 កើនឡើងយ៉ាងខ្លាំងគ្របដណ្តប់ពាសពេញទីក្រុងបាងកកតាំងពីឆ្នាំ២០២៥ ដោយដើមបណ្តឹងចោទប្រកាន់អភិបាលក្រុងបាងកកធ្វេសប្រហែសក្នុងការបំពេញតួនាទី ។

ប្រធានសមាគមប្រឆាំងការឡើងកំដៅផែនដី លោក Srisuwan Janya ដែលតំណាងឱ្យពលរដ្ឋនៅទីក្រុងបាងកក បានយកពាក្យបណ្តឹងមកដាក់នៅតុលាការពីបទអភិបាលក្រុងបាងកក លោក Chadchart Sittipunt ធ្វេសប្រហែសក្នុងការបំពេញតួនាទីតាមច្បាប់កំណត់ ឬបំពេញតួនាទីយឺតយ៉ាវបណ្តោយឱ្យខ្យល់ពុល PM 2.5 គ្របដណ្តប់ពាសពេញទីក្រុងបាងកកតាំងពីឆ្នាំ២០២៥ រហូតដល់បច្ចុប្បន្ន ។ ពលរដ្ឋទាមទារឱ្យអភិបាលក្រុងបាងកកទទួលខុសត្រូវ និងចាត់វិធានការកាត់បន្ថយខ្យល់ពុល ដើម្បីកុំឱ្យពលរដ្ឋរស់នៅទីក្រុងកាន់តែច្រើនធ្លាក់ខ្លួនឈឺជំងឺផ្លូវដង្ហើម ។

តាមការអះអាងរបស់លោក Srisuwan គឺតាំងពីចុងខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ខែមករា ឆ្នាំ២០២៦ ពលរដ្ឋបានរស់នៅជាមួយខ្យល់ពុលខ្លាំងដែលគ្របដណ្តប់ពេញទីក្រុងបាងកក ហើយខ្យល់ពុលកើនឡើងកាន់តែខ្លាំងបណ្តាលឱ្យពលរដ្ឋធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ ។ កន្លងមក ប្រធានគណៈកម្មការបរិស្ថានជាតិបានប្រកាសទីក្រុងបាងកកជាតំបន់គ្រប់គ្រងការបំពុលខ្យល់តាំងពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ និងជាតួនាទីរបស់អភិបាលក្រុងបាងកក ដែលត្រូវធ្វើផែនការកាត់បន្ថយខ្យល់ពុល អនុវត្តគ្រប់យន្តការដើម្បីការពារ និងដោះស្រាយប្រភពខ្យល់ពុលឱ្យបានលឿនបំផុត កុំឱ្យខ្យល់ពុលកើនឡើងខ្លាំង ប៉ុន្តែខ្យល់ពុលនៅតែកើនឡើងរហូតមក ។

អភិបាលក្រុងបាងកក លោក Chadchart បានប្រកាសពីវិធានការរហូតដល់១០ចំណុចដើម្បីកាត់បន្ថយខ្យល់ពុលក្នុងទីក្រុង ប៉ុន្តែរហូតមកដល់ពេលនេះ គ្មានវិធានការណាមួយមានប្រសិទ្ធភាពអាចកាត់បន្ថយខ្យល់ពុលរយៈពេលខ្លី ឬវែងឡើយ ។ ប្រសិនបើមិនដោះស្រាយបញ្ហាខ្យល់ពុលទេ វានឹងកើនឡើងជារៀងរាល់ឆ្នាំ និងប៉ះពាល់សុខភាពពលរដ្ឋក្រុងបាងកក ព្រមទាំងប៉ះពាល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចផងដែរ ។

ហេតុនេះ ទើបពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់ពុលនៅទីក្រុងបាងកកប្រគល់តួនាទីឱ្យសមាគមប្រឆាំងការឡើងកំដៅផែនដីដាក់ពាក្យប្តឹងនៅតុលាការ ដើម្បីឱ្យតុលាការចេញដីកាទៅកាន់អភិបាលក្រុងបាងកកពន្លឿនវិធានការការពារ និងដោះស្រាយបញ្ហាខ្យល់ពុលជាបន្ទាន់តាមផែនការកំណត់ ព្រមទាំងស្របតាមវិធានការគ្រប់គ្រង កាត់បន្ថយ និងកម្ចាត់ខ្យល់ពុលនៅទីក្រុងបាងកក តាមសេចក្តីប្រកាសរបស់គណៈកម្មការបរិស្ថានជាតិ ។

តុលាការត្រូវចេញដីកាទៅកាន់អភិបាលក្រុងបាងកកឱ្យកំណត់វិធានការហាមកាប់ដើមឈើនៅទីសាធារណៈ តំបន់ឯកជន ព្រមទាំងកំណត់ឱ្យដាំដើមឈើនៅតាមតំបន់ផ្សេងៗ និងថែទាំដើមឈើទាំងនោះឱ្យបានល្អ ។ ក្រៅពីនេះ ត្រូវមានវិធានការដាក់ទោសជនល្មើសច្បាប់ ដូចគ្នានឹងវិធានការរបស់ប្រទេសសិង្ហបុរី ។ នេះបើតាមការលើកឡើងរបស់ប្រធានសមាគមប្រឆាំងការឡើងកំដៅផែនដី លោក Srisuwan ។

គួរបញ្ជាក់ថា មិនមែនមានតែទីក្រុងបាងកកមួយទេដែលប្រឈមនឹងខ្យល់ពុលខ្លាំងបំផុត បណ្តាខេត្តជាច្រើនទៀតរបស់ថៃក៏ប្រឈមនឹងខ្យល់ពុលខ្លាំងដែរ រហូតធ្វើឱ្យពលរដ្ឋមានជំងឺផ្លូវដង្ហើម ។ អាជ្ញាធរអំពាវនាវឱ្យពលរដ្ឋពាក់ម៉ាស់ការពារខ្យល់ពុល PM 2.5 ថែទាំសុខភាព កាត់បន្ថយសកម្មភាពក្រោមកំដៅថ្ងៃ និងហាមដុតកាកសំណល់ ឬសំរាមក្នុងស្រែចម្ការដាច់ខាត ។

កន្លងមក កាសែតថៃ The Nation បានផ្សាយព័ត៌មានចោទប្រកាន់ដោយគ្មានមូលដ្ឋានថា ខ្យល់ពុលនៅទីក្រុងបាងកកមានប្រភពពីកម្ពុជា ប៉ុន្តែត្រូវក្រសួងបរិស្ថានកម្ពុជាច្រានចោល ។ ក្រសួងបរិស្ថានថា ការបំពុលខ្យល់នៅទីក្រុងបាងកកមិនពាក់ព័ន្ធជាមួយកម្ពុជាទេ គឺកើតឡើងដោយសារការបំភាយពីការដឹកជញ្ជូន ក្នុងនោះទីក្រុងបាងកកមានចំនួនយានយន្ត និងសកម្មភាពចរាចរណ៍មមាញឹកខ្លាំង, ការបំភាយពីសកម្មភាពឧស្សាហកម្ម, ធូលីការដ្ឋានសំណង់ និងការប្រើប្រាស់ថាមពលក្នុងទីក្រុង ។ ប្រភពទាំងនេះរួមផ្សំនឹងលក្ខខណ្ឌឧតុនិយមក្នុងស្រុកមិនអំណោយផល ដូចជា ៖ បាតុភូតបញ្ច្រាស់សីតុណ្ហភាព និងការធ្លាក់ចុះរយៈកម្ពស់បរិយាកាខាងក្រោម ដែលដើរតួនាទីសំខាន់ធ្វើឱ្យសារធាតុបំពុលដែលមានប្រភពក្នុងស្រុកប្រមូលផ្តុំ និងកើនឡើង បង្កការបំពុលបរិយាកាសនៅទីក្រុងបាងកក ៕