(ភ្នំពេញ) ៖ យោងតាមសេចក្ដីជូនដំណឹងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ មន្ទីរពេទ្យ ហ្លួងម៉ែ នឹងផ្ដល់ការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនបង្កដោយវីរុស HPV ដោយឥតគិតថ្លៃ ដល់កុមារីដែលមានវ័យចាប់ពី៩ឆ្នាំ ដល់ ៩ឆ្នាំ ១១ខែ។ ដូច្នេះអាណាព្យាបាលដែលមានកូនស្រី គួរប្រញាប់រួសរាន់មកចុះឈ្មោះទទួលយកវ៉ាក់សាំងនេះ ដោយសារតែចំនួនមានកំណត់។
.jpg)
យុទ្ធនាការផ្ដល់ការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃនេះ នឹងចាប់ផ្ដើមពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ តទៅ នៅរៀងរាល់ថ្ងៃអង្គារ ដល់ថ្ងៃសៅរិ៍ ចន្លោះពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ១២ថ្ងៃត្រង់ ។ សម្រាប់អាណាព្យាបាលដែលចាប់អារម្មណ៍ក្នុងការយកកូនមកចាក់វ៉ាក់សាំងនេះ សូមភ្ចាប់មកជាមួយនូវសំបុត្រកំណើត។.jpg)
គួរជម្រាបថា ជំងឺមហារីកមាត់ស្បូន ជារឿយៗត្រូវបានគេដាក់ឈ្មោះឱ្យថាជា «ឃា.ត.ករលាក់មុខ» ដែលកើតឡើងញឹកញាប់ជាងគេលំដាប់ទី ៤ និងជាមូលហេតុនៃការបាត់បង់ជីវិតរបស់ស្ត្រី បណ្តាលមកពីជំងឺមហារីកនៅទូទាំងសកលលោក ហើយករណីភាគច្រើនកើតមាននៅតាមប្រទេសដែលមានចំណូលទាប និងចំណូលមធ្យម។
ទោះជាយ៉ាងណា វាក៏ជាជំងឺដែលគេអាចការពារបានមុនស្ទើរតែទាំងស្រុងផងដែរតាមរយៈការចាក់វ៉ាក់សាំងការពារ ដើម្បីបង្ការការបង្ករោគដោយពពួកវីរុសប៉ាពីឡូម៉ា (papillomavirus) របស់មនុស្ស។ ភស្តុតាងថ្មីៗពីអង្គការសុខភាពពិភពលោកបង្ហាញថា ការចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនមួយដូស មានប្រសិទ្ធភាពកាត់បន្ថយការបង្ករោគដោយ HPV និងបង្ការ ជំងឺមហារីកមាត់ស្បូនពី ៨០ ទៅ ៩០ ភាគរយ។.jpg)
ដោយឡែក ចំពោះស្រ្តីដែលអាចចាក់វ៉ាក់សាំង HPV នេះបាន និងទទួលបានប្រសិទ្ធភាពខ្ពស់បំផុតនោះ ស្ថិតនៅចន្លោះវ័យ ៩ ឆ្នាំឡើងទៅ ពោលអាចចាក់បានតាំងពីពេលមិនទាន់មានរដូវម្ល៉េះ។ ដូច្នេះ ការនាំកូនស្រី ដែលចាប់ពីអាយុ ៩ ឆ្នាំឡើងទៅចាក់វ៉ាក់សាំងមហារីកមាត់ស្បូន គឺជាកាដូមួយដ៏ល្អសម្រាប់ពួកគេ ដើម្បីការពារអាយុជីវិតនាពេលអនាគត កុំឲ្យកើតជំងឺដ៏កាចសា.ហាវមួយនេះ៕










