Norak Ben ដែលជាអ្នកបង្កើតមាតិកាកំប្លែងមួយរូបក្នុងក្រុម «ចេះតែធ្វើ JTT» បានចេញវីដេអូសូមទោសទៅកាន់សហគមន៍ LGBTQ+ ដែលការនិយាយលេងសើចរបស់លោកនិងអ្នកបង្កើតមាតិកាផ្សេងទៀតបានធ្វើឱ្យមានការប៉ះពាល់អារម្មណ៍របស់ពួកគេ។

រូបភាពមួយសន្លឹករបស់អ្នកបង្កើតមាតិកាល្បីៗលើបណ្តាញសង្គមព័ន្ធជុំវិញ Xing ហើយមានដបប្រេងឆានៅកណ្តាលជាមួយនឹងពាក្យសម្តី «អៀច» របស់ Norak Ben បានធ្វើឱ្យសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា LGBTQ+ មិនពេញចិត្តយ៉ាងខ្លាំងដែលរឿងនេះបានធ្វើឱ្យប៉ះពាល់អារម្មណ៍របស់ពួកគេ។ ក្រោយពីរងនូវមតិប្រតិកម្មខ្លាំងក្លាពីសហគមន៍ LGBTQ+ Norak Ben បានចេញសារសូមទោស និងបានចេញវីដេអូសូមទោសថែមទៀតជំនួសមុខឱ្យអ្នកបង្កើតមាតិកាផ្សេងទៀត។
នៅរសៀលថ្ងៃទី២១ ខែមករា Norak Ben បាននិយាយថាលោកសូមទោសទៅកាន់សហគមន៍ LGBTQ+ ចំពោះការបង្ហោះរបស់ខ្លួនដោយសង្ឃឹមថានឹងមានការអធ្យាស្រ័យហើយពួកលោកនឹងមានការប្រុងប្រយ័ត្នខ្ពស់ជាងមុន មុននឹងបង្ហោះ។ Norak បានបញ្ជាក់ថាខ្លួនលោកមិនមានគោលបំណងឬចិត្តណាមួយប៉ះពាល់អារម្មណ៍នរណាម្នាក់ឡើយ។ 
គួរឱ្យដឹងថាក្រៅពីការបង្ហោះរូបភាព អ្នកលេងបណ្តាញសង្គមបានចែករំលែកវីដេអូរបស់អ្នកបង្កើតមាតិកាទាំង៦រូបដែលយកពាក្យ «ខ្លាញ់» មកនិយាយនៅក្នុងការថតវីដេអូរបស់ពួកគេផងដែរ។ បន្ទាប់ពីចេញវីដេអូសូមទោសចំពោះកំហុសអចេតនាអ្នកមួយចំនួនក៏បង្ហាញការអន់ឱនមកកាន់ Norak Ben ខណៈអ្នកមួយចំនួនហាក់មិនទាន់បាត់ខឹងពួកគេនៅឡើយ។
Norak Ben គឺជាអ្នកបង្កើតមាតិកាមួយរូបដែលកំពុងមានប្រជាប្រិយភាពដោយលោកគឺជាសមាជិកនៃក្រុម«ចេះតែធ្វើ JTT» ដែលបង្កើតមាតិកាកំប្លែងៗធ្វើឱ្យទស្សនិកជនសើចសប្បាយ។ រយៈពេលចុងក្រោយនេះលោកក៏បង្ហាញសកម្មភាពលេងសើចជាមួយនឹងតារាចម្រៀង អលជ្ជី ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន៕










